សេដ្ឋីអាមេរិកTony Robbins ៖«បើធ្វើតែអ្វីដែលធ្លាប់ធ្វើ នោះអ្នកនឹងទទួលបានតែអ្វីដែលធ្លាប់ទទួល»
«បើធ្វើតែអ្វីដែលធ្លាប់ធ្វើ នោះអ្នកនឹងទទួលបានតែអ្វីដែលធ្លាប់ទទួល»។ នេះបើតាមសម្ដីរបស់លោក Tony Robbinsសេដ្ឋីរបស់អាមេរិក ដែលចង់បញ្ជាក់ថា លទ្ធផលរបស់អ្នកគឺអាស្រ័យលើអ្វីដែលអ្នកធ្វើ ហើយបើចង់បានលទ្ធផលល្អ ឬ ប្រសើរជាងមុន ទាល់តែធ្វើអ្វីដែលថ្មី និង ប្លែកខុសពីលើកមុន។
មនុស្សភាគច្រើនតែងបន្ទោស ឬត្អូញត្អែរទៅលើលទ្ធផលថា មិនល្អ តែមិនដែលបន្ទោសលើសកម្មភាព ឬ អ្វីដែលខ្លួនធ្វើនោះទេ។ បើអ្នកធ្វើអ្វីដដែលៗ នោះលទ្ធផលរបស់អ្នកក៏មានតែរឿងមិនល្អ ម្ដងហើយម្ដងទៀតដែរ។
បើអ្នកពិតជាចង់អភិវឌ្ឍខ្លួនឲ្យប្រសើរជាងមុន ពោលគឺ មិនត្រូវធ្វើអ្វីដែលធ្លាប់ធ្វើនោះទេ។ បើមិនដែលអានសៀវភៅផង តើអាចគេចផុតពីភាពអវិជ្ជាមកពីណា ឬ ហើយបើធ្វើការចាំតែគេប្រាប់ តើអាចឡើងប្រាក់ខែ ឬ តំណែងមកពីណា។ អ្វីៗសុទ្ធតែមានហេតុ ដែលនាំឲ្យកើតជាផល។ អ៊ីចឹងហើយ ត្រូវព្យាយាមគិតទៅលើអ្វីដែលអ្វីកំពុងធ្វើ ហើយត្រូវព្យាយាមកែប្រែវាឲ្យល្អជាងមុន នោះអ្នកនឹងទទួលបានលទ្ធផលប្រសើរជាងមុនមិនខាន៕
ដោយ៖ រតនា វិចិត្រ