អ្នកនិពន្ធអាមេរិកNapoleon Hill៖ «អ្វីក៏ដោយ ឲ្យតែមនុស្សអាចគិតឃើញ ហើយជឿជាក់ នោះវាប្រាកដជាអាចសម្រេចបាន»
«អ្វីក៏ដោយ ឲ្យតែមនុស្សអាចគិតឃើញ ហើយជឿជាក់ នោះវាប្រាកដជាអាចសម្រេចបាន»។ នេះជាគតិរបស់លោក Napoleon Hill អ្នកនិពន្ធសៀវភៅដ៏ល្បីរបស់អាមេរិកជាពិសេសជាស្នាដៃមួយដែលគេស្គាល់យ៉ាងច្បាស់នោះ គឺ សៀវភៅ «Think and Grow Rich»។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ដរាបណាមនុស្សអាចគិតឃើញ ហើយជឿជាក់ថា អាចសម្រេចបាន។
គ្មានអ្វីដែលមិនអាចធ្វើបាននោះឡើយ ឲ្យតែមនុស្សគិតឃើញ ទោះបីជា អ្នកផ្សេងគិតថា ទៅមិនរួចក៏ដោយ។ កាលពីជំនាន់មុន គ្មាននរណាម្នាក់ជឿជាក់ថា គេអាចហោះនៅលើអាកាសបាននោះឡើយ ប៉ុន្តែដោយសារតែមនុស្សមួយចំនួនស្រមៃចង់ហោះនៅលើអាកាស ដូចបក្សី ហើយជឿជាក់ថា ថ្ងៃណាមួយប្រាកដជាអាចទៅរួច អ៊ីចឹងហើយទើបការស្រាវជ្រាវចេះតែកើតឡើង រហូតយន្តហោះត្រូវបានគេបង្កើតឡើងមែន ដែលអាចដឹកមនុស្ស និង ទំនិញជាច្រើនហោះឆ្លងពពកពីតំបន់មួយ ទៅតំបន់មួយទៀត។
មួយវិញទៀត យើងអាចលើកយករឿងរ៉ាវរបស់មហាសេដ្ឋីចិន លោក ចេក ម៉ាមកនិយាយ ដែលមុនពេលលោកក្លាយជាមហាសេដ្ឋីនោះ គឺគ្មាននរណាម្នាក់ជឿលើគំនិតរបស់បុរសសម្គមនេះឡើយ (គំនិតក្នុងការបើកទីផ្សារអនឡាញនៅប្រទេសចិន ខណៈមានមនុស្សតិចតូចប៉ុណ្ណោះដែលស្គាល់ពីបច្ចេកវិទ្យា និង អ៊ីនធឺណិត)។ ប៉ុន្តែដោយសារតែ លោកចេក ម៉ា ជឿជាក់ថា អ្វីដែលជាការគិតរបស់ខ្លួននោះ អាចក្លាយជាការពិត ទើបលោកបានព្យាយាមធ្វើវាឲ្យអស់ពីលទ្ធភាព ទោះបីជាមានគេសើចចំអកក៏ដោយ។ ប៉ុន្តែចុងក្រោយ មនុស្សដែលត្រូវបានគេសើចចំអកនោះ បានក្លាយជាមហាសេដ្ឋី។
ដូច្នេះហើយ ប្រសិនបើអ្នកមានគំនិតអ្វីមួយប្លែកពីគេនោះ គឺត្រូវតែជឿជាក់លើខ្លួនហើយ ហើយព្យាយាមធ្វើវាឲ្យក្លាយជាការពិត។ អ្នកដទៃគិតយ៉ាងដូចម្ដេច គឺមិនសូវសំខាន់នោះទេ តែអ្វីដែលសំខាន់នោះ គឺត្រូវព្យាយាមធ្វើវា ឲ្យចេញជារូបរាងទោះបីជាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ៕
ដោយ៖ រតនា វិចិត្រ