មហាសេដ្ឋី​​​មាន​ទ្រព្យ​​​ជាង​៥០​ពាន់​លាន​ដុល្លារ​​Larry Ellison​៖​ ​«​ខ្ញុំ​យល់​ឃើញ​ថា​ ​មនុស្ស​​ត្រូវ​តែ​ធ្វើ​តាម​ក្តី​សុបិន​របស់​ខ្លួន ​​ហើយ​​ខ្ញុំ​បាន​ធ្វើ​រួច​ហើយ​»​



​​​​«​ខ្ញុំ​យល់​ឃើញ​ថា​ ​មនុស្ស​​ត្រូវ​តែ​ធ្វើ​តាម​ក្តី​សុបិន​របស់​ខ្លួន ​​ហើយ​​ខ្ញុំ​បាន​ធ្វើ​រួច​ហើយ​»។ នេះ​បើ​តាម​សម្ដី​របស់​លោក​​Larry Ellison​​ ដែល​ជាមហាសេដ្ឋី​អាមេរិក​វ័យ​៧២​ឆ្នាំ ​មាន​ទ្រព្យសម្បត្តិ​ជាង៥០​ពាន់​លាន​ដុល្លារ​​​។ ​​​​​​ក្នុង​ន័យ​នេះ ​លោក​ចង់​​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​ទូទៅ​ហ៊ាន​​ធ្វើ​តាម​ក្តី​សុបិន​របស់​ខ្លួន​ ​ព្រោះ​ចំពោះ​លោក​ខ្លួនឯង​ផ្ទាល់​ ​ភាព​ជោគជ័យ​បច្ចុប្បន្ន​នេះ​ក៏​ដោយ​សារ​តែ​ ​​លោក​ហ៊ាន​​ធ្វើ​តាម​ក្តី​សុបិន​របស់​ខ្លួន​ដែរ​​។

មនុស្ស​ជាច្រើន​មិន​ហ៊ាន​ធ្វើ​អ្វី​ដែល​ជា​ការ​ចង់​បាន​ ឬ ​ធ្វើ​អ្វី​ដែល​ខ្លួន​​សុបិន​នោះ​ទេ​ ហើយ​បែរ​ជា​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​ដទៃ​ទៅវិញ។ ការ​ធ្វើ​បែប​នេះ ​មិន​អាច​ជួយ​ឲ្យ​អ្នក​ទាំង​នោះ​អាច​សម្រេច​កិច្ចការ​ធំដុំ​ ឬ ជោគជ័យ​​ខ្លាំង​​នោះ​ឡើយ​ ​ហើយ​ទោះបី​ជា​​ជោគជ័យ​ក៏​ដោយ ​ប៉ុន្តែ​អារម្មណ៍​ពិត​របស់​មនុស្ស​ទាំង​នោះ គឺ​​ហាក់​ដូច​ជា​មិន​សូវ​សប្បាយចិត្ត​​ ឬ មាន​សេចក្ដី​​សុខ​ ឬ ​មាន​អារម្មណ៍​ថា មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នោះ​​​ឡើយ ព្រោះ​ថា វា​មិនមែន​ជា​​អ្វី​ដែល​ខ្លួន​ចង់​បាន​ឲ្យ​ប្រាកដនោះទេ​។

​​​ជីវិត​របស់​មនុស្ស​គឺ​ខ្លី​ណាស់​ ​ហើយ​ពេល​វេលា​នោះ គឺ​ដើរ​មហាសែន​លឿន​​(ធ្មេច​បើក​ៗ​ ​មួយ​ឆ្នាំ​ក៏​កន្លង​ផុត​) ។ ​​​​​អ៊ីចឹង​ហើយ​ ​​បើ​ចង់​ឲ្យ​ជីវិត​រស់​នៅ​ប្រកបដោយ​អត្ថន័យ​​នោះ គឺ​ត្រូវ​តែ​​ហ៊ាន​ធ្វើ​តាម​ក្ដី​សុបិន​របស់​ខ្លួន​ ​ទោះបី​ជា​មនុស្ស​ជាច្រើន​មិន​ពេញ​ចិត្ត​ក៏​ដោយ​។ វា​មិន​ខុស​នោះ​ទេ​ ក្នុង​ការ​​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​បាន​ ព្រោះ​វា​ជា​ជីវិត​របស់​អ្នក​៕

ដោយ​៖ រតនា​ ​វិចិត្រ​​​​ ​​​​​​

X
5s