​កូរ៉េខាងជើង៖ ​ការ​សាក​​ល្បង​មីស៊ីល​ច្រើន​គ្រាប់​​ជា​ការ​សាកល្បង​​ទុក​​វាយ​ប្រហារ​កង​ទ័ព​អាមេរិក​នៅ​ជប៉ុន!​



​យោង​តាម​សារព័ត៌មាន The Washington Post ​ដក​ស្រង់​ប្រភព​ពី​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បាន​ឱ្យ​ដឹង​ថា​ ការ​សាក​ល្បង​បាញ់​មីស៊ីល​ច្រើន​គ្រាប់​របស់​កូរ៉េខាងជើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​គឺ​ជា​ការ​សាក​ល្បង​ដើម្បី​​ទុក​វាយ​ប្រហារ​លើ​កង​ទ័ព​អាមេរិក​​​មាន​​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន។ ​សេចក្ដី​ថ្លែង​ការណ៍​របស់​កូរ៉េខាងជើង​បាន​លើក​ឡើង​ដូច្នេះ​ថា​ ៖«​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ ឬ​កូរ៉េខាងត្បូង​​បាញ់​​សូម្បី​តែ​មាន​អណ្ដាត​ភ្លើង​បន្តិច​ចូល​ក្នុង​ដែន​អធិបតីយភាព្យ​របស់​កូរ៉េខាងជើង​ ​យើង​នឹង​​កម្ទេច​​ការ​ឈ្លានពាន​ និង​ការ​បង្ក​ហេតុ​​ដោយ​មីស៊ីល​បំពាក់​​គ្រាប់​នុយក្លេអ៊ែរ​របស់​យើង»។ ​​សូម​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​គ្រាប់​មីស៊ីល​ ៣​ក្នុង​ចំណោម​ ៤​គ្រាប់​ដែល​បាន​បាញ់​ គឺ​ធ្លាក់​នៅ​តំបន់​សេដ្ឋកិច្ច​​ផ្ដាច់​មុខ​របស់​ជប៉ុន​ ​(ធ្លាក់​ក្នុង​​ទឹក​សមុទ្រ) ខណៈ​គ្រាប់​ផ្សេង​ទៀត​ធ្លាក់​​ក្នុង​ទឹក​សមុទ្រ​ដែរ​តែ​ស្ថិត​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​​នោះ​។ ​អ្នក​ជំនាញ​​ និង​អ្នក​វិភាគ​ប្រចាំ​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ Middlebury ​បាន​ឱ្យ​ដឹង​ថា​ មីស៊ីល​ទាំង​នោះ​ជា​ប្រភេទ​មីស៊ីល​ extended-range Scud ​ដែល​អាច​ផលិត​ប្រើ​ប្រាស់​អស់​ថ្លៃ​ដើម​តិច។ វា​ជា​រឿង​ដែល​គួរ​ឱ្យ​គ្រោះ​ថ្នាក់​សម្រាប់​ប្រទេស​សម្ព័ន្ធ​មិត្ត​ដូច​ជា​ជប៉ុន​ និង​កូរ៉េខាង​ត្បូង។ ​បញ្ហា​គឺ​មិន​​ត្រឹម​តែ​ការ​បាញ់​មីស៊ីល​ទាំង​នោះ​ទេ​ ប៉ុន្តែ​គ្រាប់​ទាំង​នោះ​អាច​នឹង​ពិបាក​កម្ទេច​ទោះ​បី​ជា​ប្រើ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក​ក្ដី៕ ​​​​
X
5s