​តើ​អ្នក​​មាន​​​​ផ្នត់​គំនិត​​​មួយ​ណា​ ​(ផ្នត់​គំនិត​អន់ថយ​ ឬ​ ​​​ផ្នត់​គំនិត​រីកចម្រើន)​?​



ដោយ​គ្រាន់តែ​ស្វែងយល់​ពី​ផ្នត់គំនិត ដែល​ជា​ទម្លាប់​នៃ​ការ​គិត​របស់​បុគ្គល​ម្នាក់ នោះ​អ្នក​នឹង​អាច​មើល​ឃើញ​ធ្លុះ​ទៅ​ដល់​លទ្ធផល​ដែល​ពួកគេ​នឹង​ទទួល​បាន​ចំពោះ​ការ​សម្រេច​កិច្ចការ​ណាមួយ។ វា​មិនមែន​ជា​ទេពកោសល្យ​ពី​កំណើត ស្ថានភាព​ខុស​គ្នា​របស់​បុគ្គល​ម្នាក់ៗ សំណាង​ចៃដន្យ ឬ​ជា​ព្រេងវាសនា​កំណត់​នោះ​ទេ ដែល​កំណត់​ទៅលើ​លទ្ធផល​ជោគជ័យ​ឬ​បរាជ័យ​របស់​បុគ្គល​ម្នាក់។ មនុស្ស​ម្នាក់​ពូកែ​ជាង​មនុស្ស​ម្នាក់​ទៀត​បាន គឺ​ដោយសារ​ការ​គិត​របស់​ពួកគេ។ តើ​ពួកគេ​ទម្លាប់​គិត​បែប​ណា ?

រាល់​ពួក​យើង​ម្នាក់ៗ ចាក់​ឫស​នឹង​ផ្នត់គំនិត​មួយ​ក្នុង​ចំណោម​ផ្នត់គំនិត​ពីរ​ប្រភេទ​មាន ផ្នត់គំនិត​រីកចម្រើន និង​ផ្នត់គំនិត​អន់ថយ។ អ្នក​ប្រហែល​ជា​មិន​ដឹង​ខ្លួន​ក៏​ថា​បាន ថា​តើ​អ្វី​ដែល​អ្នក​ទម្លាប់​គិត​គ្រប់​ពេល​នោះ ជា​ផ្នត់គំនិត​រីកចម្រើន​ឬ​អន់ថយ។ ប៉ុន្តែ​ហេតុអ្វី​អ្នក​ចាំបាច់​ត្រូវ​យល់ដឹង​អំពី​វា ? ព្រោះ​ថា​នៅ​ពេល​មនុស្ស​គិត​បែប​ណា ពួកគេ​នឹង​ឆ្លើយតប​ទៅ​កាន់​ស្ថានភាព​របស់​ពួកគេ​ដោយ​យោង​ទៅ​តាម​ការ​យល់ឃើញ​បែប​នោះ ហើយ​វា​នឹង​ទទួល​ខុសត្រូវ​ចំពោះ​រាល់​លទ្ធផល​ដែល​ពួកគេ​ទទួល​បាន។ បុគ្គល​ណា​ដែល​មើល​ឃើញ​សមត្ថភាព​របស់​ខ្លួន​ថា​ជា​ការ​កំណត់​ពី​ធម្មជាតិ មិន​អាច​កែប្រែ​ឬ​អភិវឌ្ឍ​បាន គេ​កំពុង​មាន​ផ្នត់គំនិត​អន់ថយ​ហើយ។ ផ្ទុយទៅវិញ បើ​បុគ្គល​ណា​ដែល​មើល​ឃើញ​សមត្ថភាព​របស់​ខ្លួន​ថា​ជា​អ្វី​ដែល​អាច​អភិវឌ្ឍ​បាន ដោយ​ការ​ខិតខំ​ប្រឹងប្រែង នោះ​គេ​មាន​ផ្នត់គំនិត​រីកចម្រើន​ហើយ។ នៅ​ក្នុង​ស្ថានភាព​ដូច​គ្នា ប៉ុន្តែ​ភាព​ខុស​គ្នា​នៃ​ការ​គិត​របស់​មនុស្ស​ម្នាក់ៗ ធ្វើឲ្យ​ជោគវាសនា​ជីវិត​របស់​ពួកគេ ប្រែ​ក្លាយ​ជា​ភាព​ខុសគ្នា​ដូច​មេឃ​និង​ដី​ទៅវិញ។ ឧទាហរណ៍​ចំពោះ​ឧបសគ្គ​ក្នុង​ជីវិត អ្នក​មាន​ផ្នត់គំនិត​អន់ថយ​នឹង​មើល​ឃើញ​ថា នេះ​ជា​វាសនា​ពួកគេ​កំណត់​មក​ឲ្យ​ត្រូវ​បរាជ័យ​បែប​នេះ ដូច្នេះ​ទោះ​ជា​ពួកគេ​ប្រឹងប្រែង​ប៉ុណ្ណា​ក៏​មិន​អាច​កែប្រែ​អ្វី​បាន​ដែរ។ ក្នុង​ស្ថានភាព​តែ​មួយ​នេះ តើ​អ្នក​មាន​ផ្នត់គំនិត​រីកចម្រើន​នឹង​មាន​ការ​យល់ឃើញ​ដូចម្ដេច​វិញ ? ពួកគេ​ដឹង​ថា​ដោយ​ការ​ខិតខំ​តស៊ូ​របស់​ខ្លួន និង​ស្មារតី​មិន​បោះបង់​ដោយ​ងាយៗ ពួកគេ​ប្រាកដ​នឹង​អាច​យក​ឈ្នះ​លើ​ការ​លំបាក​នោះ​ក្នុង​ពេល​ណាមួយ​ជាក់​ជា​ពុំ​ខាន​ឡើយ។

ត្រង់​ចំណុច​នេះ ទស្សនវិទូ​ក្រិក​បុរាណ ផ្លាតុង ក៏​បាន​ពោល​ថា "ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការ​យក​ឈ្នះ​លើ​ខ្លួនឯង គឺជា​ជ័យជម្នះ​ដំបូង​និង​មាន​តម្លៃ​បំផុត​ជាង​ជ័យជម្នះ​ណាៗ​ទាំងអស់"។ រវាង​បុគ្គល​ទាំងពីរ​ប្រភេទ​នេះ នៅ​ពេល​ពួកគេ​ជោគជ័យ​ក៏​ការ​គិត​របស់​ពួកគេ​មើល​ឃើញ​ខុស​គ្នា​ដែរ ដែល​មាន​ឥទ្ធិពល​ទៅលើ​អនាគត​ជីវិត​របស់​ពួកគេ​ផង​ដែរ។ អ្នក​មាន​ផ្នត់គំនិត​អន់ថយ​នឹង​សួរ​ថា "តើ​លទ្ធផល​ការងារ​របស់​ខ្ញុំ​យ៉ាង​ណា​ដែរ" ? តែ​អ្នក​មាន​ផ្នត់គំនិត​រីកចម្រើន​នឹង​សួរ​ថា "តើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្ញុំ​ឲ្យ​កាន់តែ​ល្អ​ជាង​នេះ" ? មហាសេដ្ឋី​បច្ចេកវិទ្យា ប៊ីល ហ្គេត​បាន​និយាយ​ដូច្នេះ​ថា "ភាព​ជោគជ័យ​គឺជា​គ្រូ​ដ៏​អាក្រក់​មួយ ព្រោះ​វា​នឹង​អូសទាញ​មនុស្ស​ឆ្លាត​ទាំងឡាយ​ឲ្យ​គិត​ថា​ពួកគេ​នឹង​មិន​អាច​បរាជ័យ​បាន​ជា​ដាច់​ខាត"។ ទោះជាយ៉ាងណាក៏ដោយ ផ្នត់គំនិត​នេះ​មិនមែន​ចាក់​ឫស​ជាប់​នៅ​ក្នុង​ការ​គិត​របស់​អ្នក​រហូត​ដល់​ដង្ហើម​ចុងក្រោយ​របស់​អ្នក​នោះ​ឡើយ។ អ្នក​នឹង​អាច​ផ្លាស់ប្ដូរ​វា​បាន ប្រសិន​បើ​អ្នក​មាន​ឆន្ទៈ​មោះមុត​និង​តាំង​ចិត្ត​ថា​នឹង​ផ្លាស់ប្ដូរ​វា ព្រម​ទាំង​ចាំ​ជានិច្ច​ថា​ជោគវាសនា​របស់​អ្នក គឺ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្ន​ក​នោះ​ហើយ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.skillsyouneed.com

X
5s