everjobs ប្រាប់​ពី​ជំនាញ​ដែល​ចាំបាច់​បំផុត​​សម្រាប់​ការងារ​គណនេយ្យ​&​ហិរញ្ញវត្ថុ​ នៅកម្ពុជា​​



everjobs Cambodia ដែលជា​គេហទំព័រ​អ៊ិន​ធឺ​ណេ​ត​សម្រាប់​ស្វែងរក​ការងារ​ដែល​ឈានមុខ​គេ​បំផុត​នៅ​កម្ពុជា បានចេញ​ផ្សាយ​នូវ​ទិន្នន័យ​ដែល​បានបង្ហាញ​នូវ​មុខជំនាញ​ដែល​ចាំបាច់​បំផុត​នៅក្នុង​ការងារ គណនេយ្យ ​និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា​បច្ចុប្បន្ននេះ​។ ផ្អែក​តាម​ក្រុម​ហ៊ុន​ខាង​លើ បាន​ឱ្យ​ដឹង​ថា​ ​​ក្រាហ្វិច​បាន​​បង្ហាញ​អំពី​ការកើនឡើង​នូវ​ឱកាស​ការងារ​ដ៏​ច្រើន​បំផុត​ក្នុង​ជំនាញ​គណនេយ្យ​និង​ហិរញ្ញវត្ថុ ពី​អ្នកស្វែងរក​ការងារ​នៅ​កម្ពុជា ​កាល​ពី​ឆ្នាំ​២០១៦ នេះ​។​

រាល់​ទិន្ន័យ​​ និង​លទ្ធផល​ទាំងនេះ​ត្រូវបាន everjobs Cambodia ​ប្រមូល​មកពី​ពាក្យ​ប្រកាស​ស្វែងរក​បុគ្គលិក​ជាង ៩០ ០០០ កន្លែង​ដែល​បានចេញ​ផ្សាយ​ក្នុង​គេហទំព័រ everjobs គិត​តាំងពី​គេហទំព័រ​ចាប់ដំណើរការ​មក ​ហើយ​វា​ក៏បាន​បង្ហាញ​ផងដែរ​នូវ សមត្ថភាព​ដែល​និយោជក​ទាំងអស់​ត្រូវការ​ពី​បេក្ខជន​ដែល​បានស្នើរ​សុំ​ការងារ គណនេយ្យ​និង​ហិរញ្ញវត្ថុ​នេះ​។​ Marie Balandreau ដែលជា​អ្នកគ្រប់គ្រង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៅ everjobs ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​​តាម​រយៈ​​សេចក្ដី​ប្រកាស​ព័ត៌មាន​ដូច្នេះ​ថា​ ៖«​នៅក្នុង​ចន្លោះ​ឆ្នាំ ២០១៥-២០១៦ នេះ​មាន​ពាក្យ​ស្នើរ​សុំ​ការងារ​ជាង ១៦ ០៧១ ពាក្យ​ស្នើរ​សុំ​ការងារ ហើយ​នៅក្នុង​នោះដែរ ការងារ​ក្នុង​ផ្នែក​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​មាន​បេក្ខជន​ដាក់ពាក្យ​ស្នើរ​សុំ​ការងារ​ច្រើនជាងគេ ហើយក៏​ជា​ប្រភេទ​ការងារ​ដែលមាន​ការប្រកាស​ជ្រើសរើស​បុគ្គលិក​ច្រើនជាងគេ​ដែរ នៅក្នុង​អំឡុងពេល ២​ឆ្នាំនេះ​»។

លោក​ បាន​បន្ថែមទៀតថា៖ «​រាល់​ទិន្នន័យ​ដែល​ពួកយើង​ប្រមូលបាន​ក្នុង​មួយរយៈ​ពេលនេះ បានបង្ហាញ​អំពី លក្ខណៈសម្បត្តិ​និង​ជំនាញ​បច្ចេកទេស​ដែល​និយោជក​ទាមទារ​ចង់​ឲ្យ​បេក្ខជន​ដែល​ចង់​ដាក់ពាក្យ​ការងារ​នៅក្នុង​ផ្នែក​គណនេយ្យ​និង​ហិរញ្ញវត្ថុ ត្រូវតែមាន​។ ពួកយើង​ពិតជា​រីករាយ​ខ្លាំងណាស់​ក្នុងការ​ផ្ដល់ជូន​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ជំនាញ​របស់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​ស្វែងរក​ការងារ​ដែល​ពួកគេ​តែងតែ​ស្រមៃ​ចង់បាន​»​។​ everjobs Cambodia បាន​ស្វែងរក​ព័ត៌មាន​នៅក្នុង​សេចក្ដីប្រកាស​ជ្រើសរើស​បុគ្គលិក អំពី​ជំនាញ​ដែល​ចាំបាច់​ជាច្រើន​ដែល​ត្រូវការ​នៅក្នុង​ការងារ គណនេយ្យ​និង​ហិរញ្ញវត្ថុ ហើយ​បាន​រៀប​វា​ជា​លំដាប់​សំខាន់ៗ ដែល​ក្នុងនោះ​រួមមាន Core Skill ជំនាញ​ក្នុងការ​ប្រើប្រាស់​កម្មវិធី និង ជំនាញ​ទន់​ផង ដែល​ជំនាញ​ទាំងអស់នេះ​បេក្ខជន​ទាំងអស់​ត្រូវតែ​មានការ​ប៉ិនប្រសប់​ក្នុងការ​ប្រើប្រាស់​ប្រសិនបើ​ពួកគេ​ចង់បាន​មុខតំណែង​ដ៏​សមស្រប​មួយ​នៅក្នុង​ប្រភេទ​ការងារ​របស់​ពួកគេ​។​ ​ជំនាញ​ដែល​ចាំបាច់​ជាងគេ « Core Skill» នៅក្នុង​ការងារ គណនេយ្យ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នោះ​គឺ ជំនាញ​គ្រប់គ្រង​តម្លៃ គ្រប់គ្រង​ថវិកា និង​គ្រប់គ្រង​បញ្ជីសារពើភ័ណ្ឌ​។ វា​មិនមែនជា​រឿង​ចម្លែក​ទេ​ដែលថា ជំនាញ​នៅក្នុង​ការគ្រប់គ្រង​តម្លៃ និង​ការផ្ទៀងផ្ទាត់​ថវិការ​ក្រុមហ៊ុន​ក៏ដូចជា​ការគ្រប់គ្រង​និង​រៀបចំ​បញ្ជីសារពើភ័ណ្ឌរ​បស់​ក្រុមហ៊ុន គឺជា​ជំនាញ​ដ៏​សំខាន់​សម្រាប់​បេក្ខជន​ដែលមាន​បំណង​ចង់​ដាក់ពាក្យ​ស្នើរ​សុំ​ការងារ​នៅក្នុង​មុខតំណែង គណនេយ្យ​និង​ហិរញ្ញវត្ថុ​នោះ​។​

ចំពោះ​ជំនាញ​នៅក្នុង​ការប្រើប្រាស់​កម្មវិធី​វិញ និយោជក​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឯកភាព​ថា បេក្ខភាព​ដែល​ដាក់ពាក្យ​ស្នើរ​សុំ​ការងារ​ផ្នែក គណនេយ្យ​និង​ហិរញ្ញវត្ថុ ត្រូវតែ​ស្ទាត់ជំនាញ​ក្នុងការ​ប្រើប្រាស់​កម្មវិធី Audit Tools កម្មវិធី Data Entry កម្មវិធី Payroll solutions ក៏ដូចជា​កម្មវិធី​ធ្វើ​របាយការណ៍​ផងដែរ​។​ ​ជំនាញ​ចុងក្រោយ​គេ​នៅក្នុង​ទិន្នន័យ everjobs នោះ​គឺ «​ជំនាញ​ទន់​» ដែលជា​លក្ខណៈសម្បត្តិ​ដែល​អ្នកស្វែងរក​ការងារ​ទាំងអស់​ត្រូវតែ​មាន​ដើម្បី​ក្លាយជា​បេក្ខភាព​ដែល​សក្តិសម​បំផុត​នៅក្នុង​ការជ្រើសរើស​។ everjobs Cambodia បានកំណត់​នូវ ភាព​ទំនួល​ខុសត្រូវ សមត្ថភាព​ការងារ ភាពជឿ​ទុកចិត្ត ភាពស្មោះត្រង់ និង​ជំនាញ​ក្នុងការ​វិភាគ គឺជា​ជំនាញ​ទន់​ដ៏​សំខាន់​សម្រាប់​មុខតំណែង​ការងារ គណនេយ្យ​និង​ហិរញ្ញវត្ថុ​។​ ​នៅក្នុង​ឆ្នាំ ២០១៦ everjobs បាន​ដំណើរការ​លើ​ពាក្យ​ស្នើរ​សុំ​ការងារ​ជាង ២២ ០០០ ពាក្យស្នើសុំ​ការងារ​នៅក្នុង​ចំនោម ឱកាស​ការងារ​ចំនួន ៦ ០០០ ក្នុង​មុខតំណែង​ការងារ គណនេយ្យ​និង​ហិរញ្ញវត្ថុ ដែលជា​ការងារ​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​ជាងគេ​៕​

X
5s