មេរៀនពីសត្វសង្កើច ធ្វើឲ្យស្ថាបនិកក្រុមហ៊ុនHyundaiលោក Chung Ju-Yung ជោគជ័យធំធេងក្នុងជីវិត
មនុស្សជាច្រើននាក់នៅជុំវិញពិភពលោកនាខណៈពេលនេះ កំពុងតែជាប់ចិត្តនឹងរថយន្តរបស់Hyundai ដោយសារភាពច្នៃប្រឌិតបង្កប់ក្នុងការរចនារូបរាងដ៏ទាន់សម័យ ជាមួយនឹងតម្លៃសមរម្យនិងគុណភាពខ្ពស់ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលបានស្គាល់ពីបុគ្គលដែលនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េមួយនេះ ?
តើអ្នកជឿទេថា ស្ថាបនិកក្រុមហ៊ុន Hyundai ដែលម៉ូដែលរថយន្តផលិតចេញមកម្ដងៗរបស់លោក តែងតែបានទាក់ទាញចិត្តនិងស្ថិតនៅក្នុងទំនុកចិត្តរបស់អ្នកប្រើប្រាស់ជាច្រើននាក់របស់ពិភពលោកនេះ ធ្លាប់ជាក្មេងដែលមានការសិក្សាមិនទាំងបានឆ្លងផុតពីបឋមសិក្សាផងនោះ ? វាមិនមែនជាការប្រឌិតនោះទេ ប៉ុន្តែអគ្គនាយកនិងជាស្ថាបនិកក្រុមហ៊ុន លោក Chung Ju-Yung កើតចេញពីត្រកូលគ្រួសារជាកសិករក្រីក្រម្នាក់នៅកូរ៉េខាងជើងតែប៉ុណ្ណោះ និងរៀនបានតិចតួចប៉ុណ្ណោះ។
ការផុសអណ្ដែតឡើងនៃសមិទ្ធផលជោគជ័យដ៏ធំធេងអស្ចារ្យក្នុងជីវិតរបស់លោកចំពោះប្រទេសជាតិ ចាប់ផ្ដើមឡើងដោយសន្សឹមៗនៅក្រោយពេលលោកបានផ្លាស់ប្ដូរទៅកូរ៉េខាងត្បូងនៅអាយុ១៨ឆ្នាំ ដើម្បីស្វែងរកជីវិតដ៏ល្អប្រសើរសម្រាប់ខ្លួន។ អំឡុងពេលមកដល់កូរ៉េខាងត្បូងដំបូង លោកបានដាក់ខ្លួនបម្រើក្នុងការងារជាច្រើនប្រភេទ ទាំងការសាងសង់ផ្លូវរថភ្លើង អ្នកកត់បញ្ជី និងអ្នកជញ្ជូនអីវ៉ាន់ទៅមកនៅលើនាវាផងដែរ។
កាលពីពេលអគ្គនាយកក្រុមហ៊ុនរថយន្តដ៏ធំជាងគេនៅកូរ៉េខាងត្បូងនេះ ធ្វើការជាអ្នកជញ្ជូនអីវ៉ាន់នៅលើនាវា លោកបានរៀនគោលការណ៍ជីវិតដែលមានអត្ថន័យបំផុតសម្រាប់ជាគ្រឹះនាំផ្លូវលោកឆ្ពោះទៅកាន់ភាពជោគជ័យដូចដែលយើងបានឃើញឥឡូវនេះ បើទោះជាលោកបានបាត់បង់ជីវិតកាលពីឆ្នាំ២០០១ហើយក្ដី។ ជារៀងរាល់យប់ពេលលោកសម្រាកនៅលើតុក្នុងបន្ទប់គេងសម្រាប់អ្នកធ្វើការលើនាវា សត្វសង្កើចតែងឡើងមកលើខ្លួនគាត់ និងខាំគាត់ធ្វើឲ្យគាត់ពិបាកទ្រាំជាខ្លាំង។
រហូតដល់មានយប់មួយ ដើម្បីការពារកុំឲ្យសត្វសង្កើចមកខាំខ្លួនបានទៀត លោកក៏បានដាក់ជើងតុទាំង៤ក្នុងចានដាក់ទឹក។ យ៉ាងណាមិញ សត្វសង្កើចនៅតែតស៊ូឡើងមកតាមជញ្ជាំងទៅលើពិតាន ទាល់តែចុងក្រោយពួកវានៅតែអាចខាំខ្លួនលោកបានទៀត។ ស្មារតីតស៊ូរបស់សត្វសង្កើច បានបង្រៀនលោក និងក្លាយជាគោលការណ៍សម្រាប់ដឹកនាំជីវិតរបស់លោកនាពេលក្រោយមកក្នុងឆាកជីវិត។
នៅពេលមានបុគ្គលទុទ្ទិដ្ឋិនិយមណាម្នាក់អះអាងថាអ្វីមួយមិនអាចទៅរួច លោកតែងឆ្លើយតបទៅកាន់ពួកគេវិញថា៖ «តើឯងបានសាកល្បងវាហើយឫនៅ ? អាមនុស្សអន់ជាងសត្វសង្កើច!» ។ ក្រៅពីជាម្ចាស់នៃក្រុមហ៊ុនរថយន្តHyundaiដ៏ធំជាងគេរបស់កូរ៉េខាងត្បូងហើយ លោកថែមទាំងជាស្ថាបនិកក្រុមហ៊ុនសាងសង់នាវាដ៏ធំជាងគេបង្អស់នៅលើពិភពលោកទៀតផង ដែលបានអូសទាញអតិថិជនជាច្រើននាក់ឲ្យជ្រើសរើសក្រុមហ៊ុនលោកឲ្យសាងសង់នាវារបស់ពួកគេចំណាយអស់រាប់លានដុល្លារ ទាំងដែលខ្លួនលោកមិនដែលមានបទពិសោធន៍ក្នុងការសាងសង់នាវាសោះឡើយ។
ទស្សនវិជ្ជាបង្កប់នូវរសជីវិតដ៏មានតម្លៃខ្ពង់ខ្ពស់សម្រាប់យើងរៀនសូត្រពីបុគ្គលតស៊ូរូបនេះគឺ «ជាជាងភាពជោគជ័យ គឺភាពបរាជ័យទៅវិញទេដែលបានផ្ដល់មេរៀនដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដល់យើង។ វាមិនសំខាន់អ្វីទៅចងចាំពីភាពជោគជ័យរបស់ខ្លួននោះឡើយ។ វាគួរតែត្រូវបានអ្នកដទៃចងចាំជួសអ្នកវិញ។ យ៉ាងណាមិញ យើងគួរចងចាំពីការបរាជ័យរបស់យើង។ សម្រាប់អ្នកដែលភ្លេចពីការបរាជ័យរបស់ខ្លួនឯង ពួកគេនឹងនៅតែបរាជ័យម្ដងហើយម្ដងទៀត» ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.mengnews.joins.com & www.hmmausa.com