​​លក្ខណៈ​ពិសេស​៤​យ៉ាង​របស់​មហាយក្ស​ចិន​ ដែល​អ្នក​គួរ​ដឹង​!​



ក្រៅពី​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំងក្លា​នៃ​សេដ្ឋកិច្ច​នៅ​លើ​ឆាក​អន្តរជាតិ ថា​តើ​ប្រទេស​ចិនដែល​មាន​វប្បធម៌​ដ៏​មាន​ឥទ្ធិពល​រហូត​រីក​សាយភាយ​មក​លើ​វប្បធម៌​របស់​ខ្មែរ​យើង​រាប់​ទសវត្ស​កន្លង​មក​នេះ មាន​ភាព​លេចធ្លោ​ជាង​គេ​លើ​ផ្នែក​ណា​ទៀត ដែល​ភាព​អស្ចារ្យ​ទាំងនោះ​រួម​គ្នា​លើក​មុខមាត់​មហាអំណាច​របស់​ពិភពលោក​មួយ​នេះ ឲ្យ​មាន​ឈ្មោះ​ល្បីល្បាញ​ជុំវិញ​សកលលោក ? ១) ការ​ប្រកាន់​យក​គំនិត​សមស្រប​តាម​សភាព​ជាក់ស្ដែង​ជាជាង​ភាព​អណ្ដែតអណ្ដូង​ទៅលើ​ទ្រឹស្ដី៖ តើ​ចំណុច​អ្វី​ខ្លះ​របស់​ប្រទេស​ចិន ដែល​អះអាង​ថា​ម្ចាស់​នៃ​ទឹកដី​ដ៏​ធំ​មួយ​នេះ តែង​ប្រកាន់​យក​នូវ​គោល​គំនិត​សាមញ្ញ​ស្រប​តាម​សភាព​ជាក់ស្ដែង​នោះ ? អ្នក​កសាង​ចិន​សម័យ​ទំនើប លោក តេង សៀវភីង បាន​និយាយ​ថា "វា​មិន​សំខាន់​នោះ​ឡើយ​ថា​តើ​វា​ជា​ឆ្មា​ពណ៌​ស​ឬ​ពណ៌​ខ្មៅ ឲ្យ​តែ​វា​អាច​ចាប់​កណ្ដុរ​បាន"។ ចាប់​តាំង​ពី​របប​ដឹកនាំ​ផ្ដាច់ការ​កុំមុយនិស​របស់​ម៉ៅ សេទុង​បាន​ដួល​រលំ​ទៅ ដែល​លោក​បាន​បិទ​ច្រក​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ខាង​ក្រៅ​ធ្វើឲ្យ​សេដ្ឋកិច្ច​រង​នូវ​ភាព​លំបាក​វេទនា​ជា​ខ្លាំង​នោះ ក្នុង​ឆ្នាំ១៩៧៨ លោក​តេង សៀវភីង​បាន​ចូល​កាន់​តំណែង​បន្ត និង​បាន​ដើរ​ផ្លូវ​ផ្ទុយ​ពី​ផ្លូវ​បរាជ័យ​របស់​ម៉ៅ សេទុង ដោយ​បើក​ចំហ​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ជាមួយ​បរទេស ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​មហាអំណាច​មួយ​នេះ​ទទួល​បាន​ផល​៤​ដង​លើស​ពី​មុន ត្រឹម​ឆ្នាំ២០០០​ប៉ុណ្ណោះ។ ២) ភាព​រហ័សរហួន​ក្នុង​ការ​សាងសង់៖ តម្រូវការ​សំណង់​អាគារ​សម្រាប់​ជាទី​កន្លែង​ស្នាក់នៅ​បាន​កើន​ឡើង​ជា​លំដាប់ ដែល​ជា​លទ្ធផល​មក​ពី​សម្ទុះ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​បង្ក​ជា​កំណើន​ពួក​វណ្ណៈ​កណ្ដាល ឬ​អ្នក​មាន​ជីវភាព​មធ្យម រួម​ផ្សំ​នឹង​កំណើន​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក ធ្វើឲ្យ​ចិន​បាន​ភ្ញាក់ផ្អើល​ពិភពលោក​ជាមួយ​នឹង​សំណង់​សាងសង់​ដែល​ចំណាយ​ពេល​ដ៏​ខ្លី​របស់​ខ្លួន។ សណ្ឋាគារ​៣០ជាន់​មួយ​នៅ​ខេត្ត​ហ៊ូណាន ចំណាយ​ពេល​សាងសង់​ត្រឹមតែ​១៥ថ្ងៃ​ប៉ុណ្ណោះ ដោយ​ចំណាយ​អស់​ប្រាក់​ចំនួន១៧​លាន​ដុល្លារ។ ក្រុមហ៊ុន​សាងសង់​នេះ​ទៀត​សោត ថែម​ទាំង​មាន​គោលដៅ​បង្រួម​រយៈពេល​សាងសង់​ឲ្យ​នៅ​សល់​ត្រឹម​៨ថ្ងៃ​តែ​ប៉ុណ្ណោះ។ ៣) អ្នក​ចម្លង​តាម​ដ៏​ពូកែ៖ អ្នក​អាច​យក​ការ​ចម្លង​តាម​របស់​ចិន​ពី​ផលិតផល​ទូរស័ព្ទ iPhone 6 Plus​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពិភពលោក​ដ៏​ល្បី​របស់ Apple ជា​ឧទាហរណ៍​បញ្ជាក់​បាន។ ស្រប​ពេល​ដែល​ម៉ូដែល​មួយ​គ្រឿង​នេះ ត្រូវ​បាន​ដាក់​លក់​ក្នុង​ប្រទេស​ចិន​ក្នុង​តម្លៃ​ជិត​២,៤០០​ដុល្លារ និង​២៩៩ដុល្លារ​ក្នុង​ប្រទេស​កំណើត​នៃ​ម៉ាក​ទូរស័ព្ទ​នេះ ដែល​សំដៅ​ទៅលើ​សហរដ្ឋអាមេរិក ក្រោយ​ពី​នោះ​មក ម៉ូដែល​ចម្លង​របស់iPhone 6 Plus​ក៏​បាន​លេច​មុខ​ឡើង​មក ជាមួយ​នឹង​តម្លៃ​ត្រឹម​តែ​ចន្លោះ​ពី​២ដុល្លារ​ដល់​៧៥ដុល្លារ​ប៉ុណ្ណោះ ដែល​បាន​ដាក់​លក់​នៅ​លើ​ហាង​ទំនិញ​អនឡាញ Taobao​របស់​ប្រទេស​ចិន។ ៤) ផ្ទាំងគំនូរ​សិល្បៈ​អក្សរផ្ចង់ (Calligraphy)៖ អក្សរផ្ចង់​គឺជា​សិល្បៈ​ដែល​មាន​ទំនៀមទម្លាប់​យ៉ាង​ចំណាស់​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មក​ហើយ​របស់​ជនជាតិ​ចិន និង​ជា​សិល្បៈ​មួយ​នៃ​ការ​ហ្វឹកហាត់​ស្មិងស្មាធិ៍​អារម្មណ៍ ព្រមទាំង​ត្រូវ​បាន​សរសេរ​ដោយ​អ្នក​ជំនាញ​ខ្ពស់​ក្នុង​ផ្នែក​នេះ។ វា​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​រហូត​ដល់​ឥឡូវ​នេះ​បាន​ក្លាយ​ជា​ការ​វិនិយោគ​ទុន​ប្រាក់​រាប់​លាន​ដុល្លារ​ឯណោះ។ គំនូរ​អក្សរផ្ចង់​មួយ​ត្រូវ​បាន​ដាក់​តាំង​លក់​នៅ​កន្លែង​ដេញ​ថ្លៃ​របស់ Sotheby ក្នុង​ទីក្រុង​ញូយ៉ក កាល​ពី​ឆ្នាំ២០១៣ ជាមួយ​នឹង​តម្លៃ៨.២​លាន​ដុល្លារ ដែល​សរសេរ​ថា "Gong Fu Tie" ដែល​មាន​ត្រឹមតែ​៩តួ​អក្សរ​ចិន​តែ​ប៉ុណ្ណោះ៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.edition.cnn.com & www.cia.gov
X
5s