សុភាសិត​រុស្ស៊ី​៖​ «បើ​សរសើរ​​ ​ត្រូវ​សរសើរ​​ឲ្យ​​ឮ​ៗ ​តែ​បើ​បន្ទោស ត្រូវ​បន្ទោស​​ស្ងាត់​ៗ »​



«​បើ​សរសើរ​​ ​ត្រូវ​សរសើរ​​ឲ្យ​​ឮ​ៗ ​តែ​បើ​បន្ទោស ត្រូវ​បន្ទោស​​ស្ងាត់​ៗ »​។​ នេះ​ជា​សុភាសិត​របស់​រុស្ស៊ី​ ដែល​ក្នុង​ន័យ​នេះ​​ចង់​​បង្រៀន​ និង ដាស់តឿន​ពី​វិធី​ក្នុង​ការ​សរសើរ​ ​និង បន្ទោស​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​​។ ​​​​​

ជា​ធម្មតា​​ទេ​ មនុស្ស​ណា​ក៏​ធ្លាប់​ខុស​ដែរ​ គ្រាន់​តែ​តិច​​ឬ​ច្រើន​ អចេតនា​ ឬ​​ដោយ​ចេតនា​​។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​​ជា​ពិសេស​ក្នុង​នាម​ជា​​ថ្នាក់​លើ​គេ​ ​នៅ​ពេល​ឃើញ​នរណា​ម្នាក់​ធ្វើ​ខុស គឺ​មិន​ត្រូវ​ស្រែក​ជេរ​ ឬ ស្ដី​បន្ទោស​ខ្លាំង​ៗ​​​នៅ​មុខ​គេ​ឯង​នោះ​ឡើយ​។ ការ​ធ្វើ​បែប​នេះ ​នឹង​គ្មាន​លទ្ធផល​ល្អ​ឡើយ​​ព្រោះ​ ​​បុគ្គល​ដែល​ធ្វើ​ខុស​​នោះ ​​​នឹង​​មាន​អារម្មណ៍​ថា​«បាក់​​មុខ​ខ្លាំង»​ ​ហើយ​មិន​ត្រឹម​តែ​មិន​បើក​ចិត្ត​ក្នុង​ការ​កែ​ប្រែ​នោះ​ទេ ហើយ​ថែម​ទាំង​ស្អប់​អ្នក​ខ្លាំង​​ទៀត​។ ​ ​​ បន្ទោស​បែប​នេះ គេ​​ហៅ​ថា មនុស្ស​​«គ្មាន​​សិល្បៈ​ក្នុង​ការ​បន្ទោស»​។ ​​​វិធី​ដ៏​ល្អ​នោះ គឺ​ហៅ​ម្នាក់​ដែល​​ធ្វើ​ខុស​​នោះ ​មក​និយាយ​ទល់​មុខ​គ្នា​​ក្នុង​បន្ទប់​ ​ដោយ​ប្រាប់​ពី​​ចំណុច​ដែល​បាន​ធ្វើ​ខុស​ ​ហើយ​ក៏​ត្រូវ​ស្ដាប់​​ការ​បកស្រាយ​របស់​គេ​ផង​ដែរ​។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក៏​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​​​បុគ្គល​ដែល​ធ្វើ​ខុស​នោះ​ ​ឲ្យ​ខិតខំ​បំពេញ​ការងារ​​ឡើង​វិញ​។ ​ ​ផ្ទុយ​ទៅវិញ​ បើ​​​នរណា​ម្នាក់​សាង​គុណសម្បត្តិ​ ​អ្នក​មិន​ត្រូវ​ប្រកើយ​កន្តើយ​ក្នុង​ការ​សរសើរ​ ឬ ​ផ្ដល់​រង្វាន់​នោះ​ ព្រោះ​ការ​ធ្វើ​បែប​នេះ ជួយ​ឲ្យ​អ្នក​ដែល​ខិតខំ​បំពេញ​ការងារ​យ៉ាង​ល្អ​នោះ ​មាន​កម្លាំង​ចិត្ត​ធ្វើ​ការងារ​កាន់​តែ​ខ្លាំង​ ​​​ហើយ​គិត​ថា ការ​ខិតខំ​របស់​គេ​គឺ​ពិត​ជា​មាន​តម្លៃ​៕

ដោយ​៖ រតនា​ ​វិចិត្រ

X
5s