លោក Mahatma Gandhi ៖ «ត្រូវរស់ប្រៀបដូចជាអ្នកត្រូវស្លាប់នៅស្អែក ហើយត្រូវរៀនប្រៀបដូចជាអ្នកអាចរស់រហូត»
«ត្រូវរស់ប្រៀបដូចជាអ្នកត្រូវស្លាប់នៅស្អែក ហើយត្រូវរៀនប្រៀបដូចជាអ្នកអាចរស់រហូត»។ នេះជាសម្ដីរបស់លោកMahatma Gandhi ដែលជាមេដឹកនាំអហិង្សារបស់ឥណ្ឌាក្នុងសម័យឥណ្ឌាស្ថិតក្រោមអនុគមន៍និយមអង់គ្លេស។ ក្នុងន័យនេះ លោកចង់ផ្ដល់សារដ៏សំខាន់ដល់មនុស្សទូទៅ ពីរបៀបក្នុងការរស់នៅ និង រៀនសូត្រឲ្យបានត្រឹមត្រូវ។
«ត្រូវរស់ប្រៀបដូចជាអ្នកត្រូវស្លាប់នៅស្អែក» មានន័យថា យើងត្រូវតែធ្វើកិច្ចការសំខាន់ៗនៅថ្ងៃនេះឲ្យហើយ កុំចាំដល់ស្អែក។ ចំណែក«ត្រូវរៀនប្រៀបដូចជាអ្នកអាចរស់រហូត» មានន័យថា កើតមកជាមនុស្សគឺត្រូវតែរៀន ដរាបណាមានជីវិត គឺមិនអាចឈប់រៀនបាននោះឡើយ។ មនុស្សមួយចំនួន តែងតែឡេះឡោះជាមួយការងារ ឬ កិច្ចការផ្សេងៗ ពោលគឺមិនដែលព្យាយាមធ្វើឲ្យអស់ពីលទ្ធភាព ទោះបីជាការងារនោះស្រួលប៉ុណ្ណាក៏ដោយ តែធ្វើតែបន្តិចហើយពន្យារពេលទុករហូតដល់ស្អែក។ ដល់ពេលថ្ងៃស្អែកមកដល់ គឺរកហេតុផល ឬ លេសដើម្បីបន្តភាពខ្ជិលរបស់ខ្លួន។
អ៊ីចឹងហើយ មួយជីវិតនេះរកមិនឃើញពីតម្លៃ ហើយក៏មិនដែលមានភាពជោគជ័យអ្វីដែរ។ ចំណែកអ្នកខ្លះទៀត ខ្ជិលរៀន ឬ អ្នកខ្លះគិតថា ខ្លួនអាយុច្រើន ឬ រៀនបានថ្នាក់ខ្ពស់ហើយ ដូច្នេះមិនបាច់រៀនបន្តទៀតទេ។ តាមពិតការរៀន មិនប្រកាន់អាយុ ឬ មិនមែនចាំតែនៅក្នុងសាលាទើបរៀនកើតនោះទេ។ បើគ្មានលទ្ធភាព ឬ គ្មានពេលគ្រប់គ្រាន់ដើម្បីរៀននៅសាលាផ្លូវការ អ្នកអាចអានសៀវភៅ ឬតាមដានព័ត៌មាន និង រៀនពីមនុស្សជុំវិញខ្លួនបាន សំខាន់ឲ្យតែអ្នកបើកចិត្តក្នុងការទទួលចំណេះដឹង។ បើសិន បន្តរៀន មានន័យថា អ្នកបន្តអភិវឌ្ឍខ្លួន។
សរុបសេចក្ដីមកវិញ បើអ្នកព្យាយាមធ្វើការងារឲ្យអស់ពីលទ្ធភាព មិនមែនធ្វើឲ្យតែល្អមើលទេ ហើយបើកចិត្តក្នុងការទទួលយកចំណេះដឹងថ្មីៗ នោះជីវិតរបស់អ្នកនឹងទទួលបានភាពជោគជ័យ ឬ ពន្លឺដ៏ភ្លឺជាងអ្នកដទៃមិនខាន៕
ដោយ៖ រតនា វិចិត្រ