​សុភាសិត​​ដ៏​មាន​តម្លៃ​របស់​អាល្លឺម៉ង់​៖ ​«​គិត​មុន​សិន ចាំ​​ធ្វើ​ក្រោយ​»​



«​គិត​មុន​សិន ចាំ​​ធ្វើ​ក្រោយ​»​។​នេះ​ជា​សុភាសិត​របស់​ជនជាតិ​អាល្លឺម៉ង់ ដែល​ក្នុង​ន័យ​នេះ​ចង់​បញ្ជាក់​ថា ​​ការ​គិត​​ឲ្យ​បាន​ល្អិតល្អន់​​មុន​នឹង​ធ្វើ​អ្វី​មួយ​ នាំ​ឲ្យ​ការងារ​នោះ​​​ទទួល​បាន​​លទ្ធផល​​ល្អ​ ជាជាង​ការ​​ធ្វើ​ដោយ​មិន​បាន​គិត​។

​ធ្វើ​ដោយ​មិន​បាន​គិត​ ​គឺ​ប្រៀប​ដូច​ជា​ ​ដើរ​​ចូល​ក្នុង​ទី​ងងឹត​ដែល​មិន​ដឹងថា ត្រូវ​ទៅ​ទីណា​​ឲ្យ​ប្រាកដ​អ៊ីចឹង​។ ​​មនុស្ស​ជា​​ច្រើន​ចូលចិត្ត​ធ្វើ​តាម​អារម្មណ៍​នឹក​ឃើញ​ ឬ ​​ធ្វើ​​ព្រោះ​ឃើញ​គេ​ធ្វើ​មុន ​តែ​មិន​បាន​គិត​​ឲ្យ​បាន​ច្បាស់​សិន​ទេ​ថា ហេតុ​អ្វី​ខ្លួន​ឯង​ត្រូវ​ធ្វើ​វា ​​ហើយ​ធ្វើ​វា​ដោយ​របៀប​ណា​? ​ដោយ​មិន​បាន​គិត​​ឲ្យ​ច្បាស់​សិន​ ហើយ​ចេះ​តែ​ធ្វើ​ៗ​ទៅ​​នោះ​នាំ​ឲ្យ​បញ្ហា​ ឬ ​ការ​បរាជ័យ​កើត​ឡើង​មិន​ចេះ​ចប់​ ហើយតាំងមកបន្ទោសវាសនា ថា ខ្លួនមានវាសនាមិនល្អ ឬ មិនសូវមានសំណាង។

​​កុំ​ខ្លាច​ខាត់​ពេល​ក្នុង​ការ​គិត​ ព្រោះ​ការ​គិត​ប្រៀប​ដូច​ជា ​​ត្រីវិស័យ​ ​​ក៏​ដូច​ជា​ផែន​ទី​បង្ហាញ​ផ្លូវ​អ្នក​ដូច្នោះ​ដែរ ​តែ​បើ​ខ្ជិល​គិត​ ​​នោះ​​វា​ក៏​អាច​មាន​ន័យ​ស្មើ​នឹង​ខ្ជិល​ជោគជ័យ​អ៊ីចឹង​ដែរ​។ ​មិនមែនមាន​ន័យ​ថា​ ​គ្រប់​ពេល​ដែល​អ្នក​គិត​គឺ​សុទ្ធតែ​នាំ​មក​នូវ​ភាព​ជោគជ័យ​នោះ​ទេ តែ​រាល់​ពេល​ដែល​អ្នក​មិន​បាន​គិត​ គឺ​តែង​នាំ​មក​នូវ​បញ្ហា​ ​និង ការ​បរាជ័យ​ជាច្រើន​៕

​ដោយ​៖ រតនា​ វិចិត្រ

X
5s