មហាសេដ្ឋីធ្វើការ៩៥ម៉ោងក្នុង១សប្ដាហ៍មួយរូប ចែករំលែកបទពិសោធន៍ធ្វើការមិនហត់នឿយ
«អ្នកមាន១៦៨ម៉ោងក្នុង១សប្ដាហ៍ ហើយអ្នកគួរតែធ្វើការឲ្យបានច្រើនម៉ោង។ ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរស្ថានភាពរបស់អ្នកក្នុងពេលបច្ចុប្បន្ននេះ អ្នកត្រូវតែធ្វើការ។ បើអ្នកអាចធ្វើការច្រើនលើសពីប្រជាជនដែលនៅសេសសល់ទាំងអស់ នោះអ្នកនឹងទទួលបានលាភសំណាងមិនខាន»។ នេះគឺជាសម្ដីរបស់មហាសេដ្ឋី Grant Cardone ដែលធ្វើការ៩៥ម៉ោងក្នុង១សប្ដាហ៍។
លោក Grant Cardone គឺជាអ្នកឯកទេសលក់ជាអន្តរជាតិ ជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុតរបស់New York Times និងជាម្ចាស់កម្មវិធីវិទ្យុរបស់The Cardone Zone។ តើអ្នកឆ្ងល់ដែរទេថា តើអ្វីទៅដែលធ្វើឲ្យលោកមានកម្លាំងចិត្តធ្វើការរហូតដល់ទៅ៩៥ម៉ោងក្នុង១សប្ដាហ៍យ៉ាងដូច្នេះបាន ? បុរសដែលមានក្រុមហ៊ុនធំៗ៣នៅក្នុងដៃរូបនេះ បានពញ្ញាក់ស្មារតីរបស់មនុស្សជាច្រើនបែបនេះថា "រៀងរាល់ពេលដែលអ្នកមានអារម្មណ៍ថាហត់នឿយ ចូររកមើលគោលបំណងរបស់អ្នក។ មនុស្សគ្រប់គ្នាហត់នឿយពីការងារក៏ព្រោះតែមូលហេតុតែម្យ៉ាងប៉ុណ្ណោះ គឺដោយសារតែពួកគេរកមិនឃើញពីគោលបំណងរបស់ពួកគេនោះឯង។" ។
អ្នកត្រូវតែអាចឆ្លើយនឹងខ្លួនឯងយ៉ាងមានទំនុកចិត្តនូវសំណួរថា "តើអ្វីជាមូលហេតុដែលនាំអ្នកមកកាន់ទីនេះ ? ហេតុអ្វីអ្នកធ្វើវា ?" រួចមកអ្នកត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងផ្ដោតការយកចិត្តទុកដាក់ទាំងអស់របស់អ្នកមកលើវា។ នៅពេលអ្នករកឃើញពីគោលបំណងរបស់ខ្លួនហើយ ដើម្បីសម្រេចវាបាន លុះត្រាណាតែអ្នកត្រូវកំណត់នូវគោលដៅដ៏ជាក់លាក់មួយ ដែលជាទស្សនវិស័យរបស់អ្នកនៅលើដំណើរឆ្ពោះទៅសម្រេចនូវបេសកកម្មនោះ។ ម្យ៉ាងទៀត អ្នកក៏ត្រូវឧស្សាហ៍ដាស់តឿនខ្លួនឯងនូវគោលដៅទាំងនោះ និងគិតឲ្យធំ នោះអ្នកនឹងមិនមានអារម្មណ៍ថាខ្លួនហត់នឿយសោះឡើយចំពោះអ្វីដែលខ្លួនកំពុងធ្វើ បើទោះជាត្រូវធ្វើការច្រើនម៉ោងក៏ដោយ ព្រោះអ្នកមានកម្លាំងជំរុញចិត្ត ជាអ្វីដែលអ្នកត្រូវសម្រេចឲ្យបាននៅក្នុងជីវិត៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.cnbc.com & www.entrepreneur.com