ពីក្រោយអាថ៌កំបាំងនៃភាពជោគជ័យរបស់មហាសេដ្ឋីប្រាក់ពាន់លាន Elon Musk គឺជាសៀវភៅ៨ក្បាល
មហាសេដ្ឋីប្រាក់ពាន់លានមួយរូបរបស់សហរដ្ឋអាមេរិក ដែលមានដើមកំណើតជាជនជាតិអាហ្វ្រិកខាងត្បូងកាត់កាណាដា លោក Elon Musk បច្ចុប្បន្ននេះគឺជាម្ចាស់កម្មសិទ្ធិទៅលើក្រុមហ៊ុនធំៗចំនួន៣ ក្នុងនោះមានPayPal ជាក្រុមហ៊ុនផ្ដល់សេវាកម្មបង់ប្រាក់តាមអនឡាញ SpaceX ជាក្រុមហ៊ុនបង្កើតឡើងក្នុងគោលបំណងបង្កើតយានអវកាសសម្រាប់បញ្ជូនអ្នកដំណើរទៅកាន់លំហអាកាស និងចុងក្រោយ Tesla Motors ជាក្រុមហ៊ុនផលិតរថយន្តដើរដោយអគ្គិសនី។
បើសួរលោកថា តើអ្វីធ្វើឲ្យលោកជោគជ័យ នោះមហាសេដ្ឋីទ្រព្យ១៣.៩ពាន់លានដុល្លាររូបនេះ នឹងឆ្លើយប្រាប់អ្នកថាជាសៀវភៅពុំខានឡើយ។ ឯសៀវភៅ៨ក្បាលខាងក្រោមនេះដែរ គឺជាចម្លើយស្រាយចម្ងល់ពីភាពជោគជ័យនៅក្នុងជីវិតសហគ្រិនរបស់លោកហើយ។
១) "Structures: Or Why Things Don't Fall Down" ដោយ J.E. Gordon៖ សៀវភៅមួយក្បាលនេះនឹងបើកទ្វារឲ្យអ្នកស្វែងរកឃើញពីរឿងរ៉ាវវិទ្យាសាស្ត្រទាំងឡាយរបស់ក្រុមហ៊ុន SpaceX និងល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់សិក្សាឲ្យស៊ីជម្រៅពីការរចនាមានទម្រង់ជារចនាសម្ព័ន្ធ។
២) "Benjamin Franklin: An American Life" ដោយ Walter Isaacson៖ ជីវប្រវត្តិអំពីបិតាស្ថាបនិកអាមេរិក អ្នកនិពន្ធ អ្នកបង្កើតវត្ថុច្នៃប្រឌិត អ្នកវិទ្យាសាស្ត្រ និងអ្នកការទូត Benjamin Franklin ដែលត្រូវបានយកមកចងក្រង និងតាក់តែងដោយលោក Walter Isaacson នឹងធ្វើឲ្យអ្នកបានរៀនពីគតិបណ្ឌិតអ្វីម្យ៉ាងពីក្មេងដែលរត់ចោលផ្ទះ និងចាប់ផ្ដើមជីវិតជាសហគ្រិនរបស់ខ្លួនពីបាតដៃទទេរបស់វីរបុរសរបស់លោក Muskរូបនេះ។
៣) "Einstein: His Life and Universe" ដោយ Walter Isaacson៖ ទស្សនគតិប្រកបដោយគតិបណ្ឌិតរបស់រូបវិទូផ្នែកទ្រឹស្ដីដ៏មានកិត្យានុភាព លោក Albert Einstein ដូចជា "អ្វីដែលសំខាន់បំផុតគឺជាការមិនព្រមបញ្ឈប់នូវការងឿងឆ្ងល់" និង "បុគ្គលដែលមិនធ្លាប់មានកំហុស គឺជាបុគ្គលដែលមិនធ្លាប់បានសាកល្បងអ្វីថ្មីសោះឡើយ" បានពង្រឹងនូវស្មារតីមានទស្សនវិស័យជាក់លាក់សម្រាប់ក្រុមហ៊ុនសហគ្រិនមួយនេះកាន់តែខ្លាំង។
៤) "Superintelligence: Paths, Dangers, Strategies" ដោយ Nick Bostrom៖ សៀវភៅមួយនេះនឹងដាស់ស្មារតីអ្នកឲ្យចាប់ផ្ដើមមកយកចិត្តទុកដាក់អំពីឧបសគ្គធំៗដែលអាចកើតឡើងនៅពេលភាពវៃឆ្លាតបែបសិប្បនិម្មិតគ្របដណ្ដប់លើជីវិតមនុស្ស ធ្វើឲ្យវាមានឥទ្ធិពលជាងភាពវៃឆ្លាតតាមធម្មជាតិរបស់មនុស្ស។
៥) "Merchants of Doubt" ដោយ Erik M. Conway and Naomi Oreskes៖ ខ្លឹមសារនៃការជជែកវែកញែករបស់ប្រវត្តិវិទូទាំងពីរនឹងលាតត្រដាងការពិតអំពីបញ្ហាប្រឈមធ្ងន់ធ្ងរទៅលើសុខភាពដូចជាផលប៉ះពាល់អវិជ្ជមានពីការជក់បារីជាដើម។
៦) "Lord of the Flies" ដោយ William Golding៖ មហាសេដ្ឋីពាន់លានរូបនេះ បានរៀបរាប់ពីការដិតអារម្មណ៍ចំពោះសៀវភៅនេះថា "វីរបុរសក្នុងសៀវភៅនេះដែលខ្ញុំបានអាននេះ តែងមានអារម្មណ៍ថាខ្លួនមានកាតព្វកិច្ចមកជួយសង្គ្រោះពិភពលោកនេះ"។
៧) "Zero to One: Notes on Startups, or How to Build the Future" ដោយ Peter Thiel៖ Elon Muskបានរៀបរាប់ពីសៀវភៅដែលសហស្ថាបនិកក្រុមហ៊ុន PayPalរបស់លោកនិពន្ធនេះថា "វានឹងបង្ហាញអ្នកឲ្យឃើញពីការរុករកឃើញដ៏គួរឲ្យចាប់អារម្មណ៍ទៅលើដំណើរការណ៍ឈានទៅរកការបង្កើតក្រុមហ៊ុនដ៏ជោគជ័យកំពូលមួយបាន"។
៨) The "Foundation" trilogy ដោយ Isaac Asimov៖ សៀវភៅដែលពោរពេញដោយមេរៀនដ៏មានតម្លៃនេះ បានដឹកនាំសហគ្រិនដ៏ជោគជ័យមួយនេះ ឆ្ពោះទៅរកជំហានក្នុងការសម្រេចនូវមហិច្ឆតាដ៏មហិមារបស់ខ្លួន៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.cnbc.comwww.amazon.com