រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis ជំទាស់នឹងលោក Trump ថា កងទ័ពអាមេរិកមិនមែននៅអ៊ីរ៉ាក់ដើម្បីលួចប្រេងទេ
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក James Mattis បានថ្លែងថា កងទ័ពសហរដ្ឋអាមេរិកមិនមែននៅអ៊ីរ៉ាក់ដើម្បីលួចប្រេងរបស់នរណាម្នាក់នោះទេ។ នេះជាការថ្លែងមួយដើម្បីតបទៅកាន់មតិរបស់ប្រធានាធិបតីលោក Donald Trump។
កាលពីខែមករា កន្លងទៅ លោក Trump ធ្លាប់បានថ្លែងប្រាប់បុគ្គលិកទីភ្នាក់ងារ CIA ថា ៖«យើងគួរតែរក្សាប្រេងទុក ប៉ុន្តែមិនអីទេ។ ប្រហែលអ្នកមានឱកាសផ្សេងទៀត»។
ក្នុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅទីក្រុង Baghdad កាលពីពេលកន្លងទៅ លោក Mattis បានថ្លែងដូច្នេះថា ៖«ខ្ញុំគិតថា អ្នកទាំងអស់គ្នានៅក្នុងបន្ទប់នេះ គឺត្រូវបានប្រជាជនអាមេរិកចំណាយថ្លៃប្រេងសាំងឱ្យយើងអស់ហើយ ហើយខ្ញុំច្បាស់ណាស់ថា ប្រជាជននឹងបន្តធ្វើបែបនេះទៀតនៅពេលអនាគត។ យើងមិនមែននៅអ៊ីរ៉ាក់ដើម្បីលួចប្រេងនរណាម្នាក់នោះទេ»។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក James Mattis ជំទាស់នឹងមតិរបស់ប្រធានាធិបតីអាមេរិកលោក Trump៕