បើ​​មិន​ចង់​ឆាប់​ស្លាប់​ទេ​​ ​​កុំ​ភ្លេច​​អនុវត្ត​ចំណុច​សំខាន់ៗ​ទាំង​នេះ​ឲ្យ​សោះ​



របៀប​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក មិន​ថា​ជា​ទម្លាប់​ហូប​ចុក ការ​ធ្វើ​លំហាត់​ប្រាណ សកម្មភាព​ធ្វើ​នៅ​ពេល​ទំនេរ និង​ទំនាក់ទំនង​នៅ​ក្នុង​សង្គម​នោះ​ទេ សុទ្ធតែ​ជា​កត្តា​ដ៏​ចម្បង​មួយ​ដែល​មាន​ឥទ្ធិពល​ទៅលើ​ភាព​ចាស់​ជរា​របស់​អ្នក។ អ្នក​អាច​នឹង​កំពុង​ប្រើប្រាស់​ជីវិត​របស់​ខ្លួន ដែល​ទម្លាប់​ទាំងឡាយ​របស់​អ្នក​កំពុង​បង្ខិត​អ្នក​ទៅ​រក​ភាព​ចាស់​ជរា​យ៉ាង​សន្សឹមៗ​ដោយ​មិន​ដឹង​ខ្លួន។ តើ​ទម្លាប់​ល្អ​អ្វី​ខ្លះ ដែល​ចាត់​ទុក​ថា​មាន​ឥទ្ធិពល​វិជ្ជមាន​ទប់ស្កាត់​នូវ​ភាព​ចាស់​ជរា​របស់​អ្នក​បាន ?

១) មិន​ត្រូវ​ទទួលទាន​លើស​កម្រិត​នោះ​ទេ៖ ជនជាតិ​ជប៉ុន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រជាជន​ដែល​មាន​អាយុ​វែង​ជាង​គេ។ តើ​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការ​រស់នៅ​បាន​យូរ និង​ទម្លាប់​នៃ​ការ​ទទួលទាន​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? អ្នក​និពន្ធ Dan Buettner ដែល​បាន​ធ្វើការ​សិក្សា​ទៅលើ​ភាព​មាន​អាយុ​វែង​ជុំវិញ​ពិភពលោក បាន​រក​ឃើញ​ថា ប្រជាជន​ជប៉ុន​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នោះ តែង​បញ្ឈប់​ការ​ទទួលទាន​នៅ​ពេល​ពួកគេ​ឆ្អែត​ត្រឹម​តែ​៨០ភាគរយ​ប៉ុណ្ណោះ។ ឯ​អ្នក​ស្រាវជ្រាវ​ពី St. Louis University ក៏​បាន​គាំទ្រ​នឹង​គំនិត​នេះ​ផង​ដែរ​ថា ការ​ទទួលទាន​លើស​កម្រិត​នឹង​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ប្រព្រឹត្ត​ទៅ​យឺត នាំ​ឲ្យ​វិវត្ត​ទៅ​រក​ភាព​ចាស់​ជរា​លឿន។

២) កាត់បន្ថយ​ការ​មើល​ទូរទស្សន៍៖ ការ​អង្គុយ​តែ​មួយ​កន្លែង​មិន​បញ្ចេញ​សកម្មភាព​អ្វី នៅ​នឹង​មុខ​ទូរទស្សន៍​ច្រើន​ម៉ោង មាន​ផល​ប៉ះពាល់​យ៉ាង​អវិជ្ជមាន​ជា​ខ្លាំង​ទៅលើ​អ្នក។ នៅ​រៀងរាល់​ម៉ោង​ដែល​អ្នក​បន្ថែម​ទៅលើ​ការ​មើល​ទូរទស្សន៍ អ្នក​នឹង​កំពុង​តែ​បង្កើន​ហានិភ័យ​ខិត​ទៅ​រក​ការ​ស្លាប់​១១​ភាគរយ និង​ការ​ស្លាប់​ដោយសារ​រោគ​បេះដូង​១៨ភាគរយ​ហើយ។

៣) ចេញ​ទៅ​បង្កើន​ទំនាក់ទំនង​ខាង​ក្រៅ​ឲ្យ​បាន​ច្រើន៖ អ្នក​ស្រាវជ្រាវ​បាន​អះអាង​ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​មិន​ភ្ជាប់​ទំនាក់ទំនង​ឲ្យ​បាន​រឹងមាំ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​ដែល​នឹង​នាំ​មក​នូវ​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ពី​រោគ​បេះដូង។ នៅ​ពេល​ទំនាក់ទំនង​អ្នក​កាន់តែ​ឆ្ងាយ​ពី​មនុស្ស​សំខាន់​ទៅ អ្នក​នឹង​ទទួល​អារម្មណ៍​ឯកោ​យ៉ាង​ឆាប់​រហ័ស ហើយ​ភាព​ឯកោ​នេះ​ទៀត​សោត​មាន​ភាព​គ្រោះថ្នាក់​ប្រហាក់ប្រហែល​ទៅ​នឹង​ការ​កើន​ឡើង​នៃ​កូឡេស្តេរ៉ុល និង​ការ​ជក់​បារី​ផង​ដែរ។

៤) ទទួលទាន​បន្លែ និង​ផ្លែឈើ៖ កន្លង​មក​ប្រហែល​មនុស្ស​មិន​តិច​នោះ​ទេ​ដែល​តែង​ណែនាំ​អ្នក​ឲ្យ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ដើម្បី​មាន​សុខភាព​ល្អ។ តើ​វា​ល្អ​យ៉ាង​ដូចម្ដេច​ខ្លះ​ទៅ ចំពោះ​ភាព​មាន​អាយុ​វែង​របស់​អ្នក ? បន្លែ និង​ផ្លែឈើ​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ និង​ជា​ប្រភព​នៃ​វីតាមីន ដែល​សុទ្ធតែ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​ពី​រោគ​បេះដូង​រហូត​ដល់៧៦ភាគរយ រួម​ទាំង​មហារីក​សុដន់​ផង​ដែរ។ ម្យ៉ាងទៀត មុខងារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​របស់​ប្រភព​អាហារ​ដ៏​មាន​ប្រយោជន៍​ទាំងពីរ​នេះ ក៏​ជួយ​កម្ចាត់​ចោល​នូវ​ស្នាម​ជ្រីវជ្រួញ​ដែល​តែងតែ​ជាទី​សម្អប់​របស់​អ្នក​បាន​ទៀត​ផង៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.health.com

X
5s