ជូគឺលាង (Zhuge Liang ) ៖«ជឿជាក់ជ្រុលហួសហេតុពេក នាំឲ្យបរាជ័យ»
«ជឿជាក់ជ្រុលហួសហេតុពេក នាំឲ្យបរាជ័យ» ។ នេះជាគតិរបស់លោកជូគឺលាង (Zhuge Liang )ទីប្រឹក្សាដ៏អស្ចារ្យរបស់លីវប៉ី ក្នុងរឿងសាមកុក ដែលរឿងបែបប្រវត្តិសាស្ត្ររបស់ចិន។
ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ភាពជឿជាក់គឺពិតជាសំខាន់ ប៉ុន្តែកុំជឿជាក់ជ្រុលហួសហេតុ រហូតដល់ថ្នាក់លែងប្រើខួរក្បាលគិតបន្តទៀត ដែលនេះនាំឲ្យបរាជ័យមិនខាន។ មនុស្សជាច្រើន ជឿជាក់ជ្រុលលើបទពិសោធន៍របស់ខ្លួន ដោយមិនព្យាយាមគិតបន្តទៀត ក្រែងមានអ្វីប្រែប្រួល ព្រោះមិនប្រាកដថា ពីមុនធ្វើបែបហ្នឹងជោគជ័យ ហើយឥឡូវជោគជ័យទៀតនោះឡើយ ព្រោះស្ថានភាពផ្សេងគ្នា និង ពេលវេលាខុសគ្នា។
អ្នកខ្លះជឿជាក់លើគេពេក ក៏មិនប្រើការគិតអ្វីច្រើនដែរ គឺចេះតែយល់ព្រម ឬ ក៏បណ្ដោយទៅតាមអ្វីដែលគេចង់បាន ឬ លើកឡើង ប៉ុន្តែដល់ចុងក្រោយគឺទើបដឹងថា ខកចិត្ត។ វាមានទម្រង់នៃការជឿជាក់ជាច្រើនទៀត ដែលយើងមាន និង ប្រើក្នុងជីវិតជាក់ស្ដែង។
ប៉ុន្តែ មិនថា ជឿជាក់លើសមត្ថភាពខ្លួន ឬ ជឿជាក់លើអ្នកដទៃទៀត សូមកុំជឿជាក់ជ្រុលពេក ព្រោះបើជឿជាក់ជ្រុលហួសហេតុពេកនោះ នឹងធ្វើឲ្យអ្នកខកចិត្ត និង បរាជ័យធំធេងផងក្នុងជីវិតដែរ៕