Apple កំពុងស្រាវជ្រាវបច្ចេកវិទ្យាអេក្រង់ OLED សម្រាប់បំពាក់លើ iPhone ស៊េរីក្រោយៗជំនួស LCD
ក្រុមហ៊ុន Apple ពេលនេះកំពុងសំងំខ្លួនក្នុងមន្ទីរពិសោធន៍ផលិតកម្មអេក្រង់នៅតៃវ៉ាន់ ដើម្បីស្រាវជ្រាវ អភិវឌ្ឍបច្ចេកវិទ្យាអេក្រង់ទំនើបកម្រិតសម្រាប់បំពាក់លើឧបករណ៍អេឡិចត្រូនិក។ នេះបើផ្អែកតាមសេចក្ដីរាយការណ៍ពីគេហទំព័រ Bloomberg។ យ៉ាងហោចមានមនុស្សប្រមាណ ៥០នាក់ ត្រូវគេអះអាងថា កំពុងធ្វើការពាក់ព័ន្ធនឹងគម្រោងនៅក្នុងអគារ Longtan ដែលក្រុមហ៊ុននឹងផលិតអេក្រង់ឱ្យស្ដើងជាងមុន ភ្លឺជាងមុន និងមានគុណភាពជាងអេក្រង់ LCD ទៅទៀត។
Apple ត្រូវគេអះអាងថា បានជួលបុគ្គលិកពីក្រុមហ៊ុន Qualcomm និងក្រុមហ៊ុនផលិតអេក្រង់របស់តៃវ៉ាន់ AU Optronics។ ក្រុមហ៊ុនអាមេរិកនេះ ចងផ្លាស់ប្ដូរទៅប្រើបច្ចេកវិទ្យាអេក្រង់ OLED វិញ។ សូមបញ្ជាក់ថានាឡិកា Apple Watch គឺជាផលិតផលដំបូងរបស់ Apple ដែលប្រើប្រភេទអេក្រង់ OLED ខណៈ ដែលផលិតផលផ្សេងៗរបស់ Apple ប្រើអេក្រង់ LCD។ កាលពីខែមុនគេហទំព័រ Nikkei បានរាយការណ៍ថា ក្រុមហ៊ុន LG មានរោងចក្រអេក្រង់ OLED ក្រោមគម្រោងវិនិយោគប្រាក់ ៨,៧ពាន់លានដុល្លារសម្រាប់បំពាក់ទៅលើ iPhone ស៊េរីក្រោយៗរបស់ Apple ដែលអាចសម្រេចបាននៅឆ្នាំ២០១៨ ខាងមុខ ហើយអេក្រង់ថ្មីនេះនឹងស្ដើងជាង LCD ប៉ុន្តែងាយកោងជាង LCD បន្តិច។
សូមបញ្ជាក់ថា បច្ចុប្បន្ន LCD និង OLED គឺជាបច្ចេកវិទ្យាអេក្រង់ឈានមុខនិងទំនើបជាងគេក្នុងទីផ្សារឧបករណ៍អេឡិចត្រូនិក។ iPhone 6S/6S Plus ជាទូរស័ព្ទដែលបំពាក់អេក្រង់ LCD ល្អបំផុត ចំណែក Galaxy S6/S6 Edge ក៏ជាទូរស័ព្ទបំពាក់អេក្រង់ OLED ល្អបំផុតដែរ៕