សៀមរាបស្ថិតនៅក្នុងចំណោមទីតាំងទេសចរណ៍ទាំង ១៩ចំណាយអស់តិចជាងគេបំផុតក្នុងលោក!
គួរជាមោទនសម្រាប់ប្រជាជនកម្ពុជាដែលក្រុងសៀមរាប ស្ថិតនៅក្នុងចំណោមទីតាំងសម្រាប់ធ្វើដំណើរកម្សាន្តចំនួន ១៩ដែលភ្ញៀវទេសចរចំណាយអស់តិចបំផុតក្នុងលោកប្រចាំឆ្នាំ២០១៧នេះ។ នេះបើយោងតាមការរៀបចំ និងចាត់ថ្នាក់ដោយគេហទំព័រ Hoppa ដែលដកស្រង់ដោយ Business Insider។
តម្លៃគិតជាមធ្យមក្នុងមួយយប់សម្រាប់មនុស្សម្នាក់ ត្រូវបានវិភាគនៅទីតាំងចំនួន ៨៤ផ្សេងៗគ្នានៅជុំវិញពិភពលោកដើម្បីបង្កើតបានចំណាត់ថ្នាក់នេះ។ ដោយឡែក តម្លៃសរុបសម្រាប់មនុស្សម្នាក់ គឺគិតពីតម្លៃបន្ទប់គេងមួយនៃការស្នាក់នៅក្នុងសណ្ឋាគារ អាហារសម្រាប់មនុស្ស២នាក់ ស្រាមួយដបសម្រាប់មនុស្សពីរនាក់ តាក់ស៊ីសម្រាប់ចម្ងាយផ្លូវ២គីឡូម៉ែត្រសម្រាប់មនុស្ស២នាក់ កាហ្វេ ខុកថែល និងស្រាបៀរមួយកំប៉ុង។
តាមប្រភពខាងលើ ខេត្តសៀមរាបរបស់ប្រទេសកម្ពុជា ជាប់ចំណាត់លេខ ៦ដែលមានតម្លៃធូរថ្លៃបំផុតសម្រាប់អ្នកទេសចរ។ នៅសៀមរាប សណ្ឋាគារសម្រាប់មនុស្ស២នាក់តម្លៃ ៥៦,៣៩ដុល្លារ អាហារសម្រាប់២នាក់ ១៥,២២ដុល្លារ ស្រា១ដប ១៤,៩៧ដុល្លារ តាក់ស៊ី ៥,២៤ដុល្លារ កាហ្វេ១កែវ ២,៨៤ដុល្លារ ខុកថែល ៤,២២ដុល្លារ និងស្រាបៀរ១កំប៉ុង ០,៤៧ដុល្លារ៕