Benjamin Franklin បិតាស្ថាបនិកអាមេរិក៖ «បើកភ្នែកឲ្យធំៗមុនពេលសម្រេចចិត្តរៀបការ តែបើកត្រឹមពាក់កណ្ដាលបានហើយ ក្រោយពេលរៀបការរួច»
«បើកភ្នែកឲ្យធំៗមុនពេលសម្រេចចិត្តរៀបការ តែបើកត្រឹមពាក់កណ្ដាលបានហើយ ក្រោយពេលរៀបការរួច»។ នេះជាសម្ដីរបស់លោកBenjamin Franklin ដែលគេស្គាល់ថា ជាបិតាស្ថាបនិករបស់សហរដ្ឋអាមេរិក។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា មុនពេលសម្រេចចិត្តរៀបការជាមួយនឹងនរណាម្នាក់ ត្រូវតែសម្លឹងមើល និង គិតឲ្យបានច្បាស់លាស់សិន ដើម្បីកុំឲ្យស្ដាយក្រោយ។ ប៉ុន្តែ ក្រោយពេលរៀបការរួចហើយ អ្វីៗគឺខុសពីមុនពេលរៀបការ ពោលមិនត្រូវព្យាយាមមើលពីកំហុស ឬ ប្រកាន់យកជំហររឹងទទឹងពេកនោះទេ ព្រោះបើធ្វើបែបនេះ នឹងគ្មានថ្ងៃអាចរស់នៅជាមួយគ្នាបានឡើយ។
ជាទូទៅមនុស្សភាគច្រើន មិនសូវព្យាយាមស្វែងយល់ពីគ្នាឲ្យបានច្រើននោះទេមុនពេលរៀបការ ជាពិសេសអំពីចំណុចខ្សោយ ឬ ចំណុចអាក្រក់របស់ភាគីនីមួយៗ ដោយហេតុថា «ឃ្លានឆ្ងាញ់ស្រលាញ់ល្អ»។ មានន័យថា កំពុងតែស្រលាញ់ឃើញអ្វីក៏ល្អ។ ប៉ុន្តែក្រោយពេលរៀបការ និង រស់នៅជាមួយគ្នាបានមួយរយៈទើបដឹងថា ពិបាករស់នៅ ឬ រស់នៅជាមួយគ្នាមិនកើត ព្រោះអ្វីៗប្រៀបដូច ញុំាអំពៅពីគល់ទៅចុង ដោយផ្អែមពីដំបូងហើយយូរទៅសាបបន្តិចៗ។ អ៊ីចឹងហើយមុននឹងសម្រេចចិត្តរៀបការត្រូវគិត និង ស្វែងយល់ពីគ្នាឲ្យច្បាស់សិន កុំឲ្យមានស្រាយក្រោយ។ ប៉ុន្តែក្រោយសម្រេចចិត្តរៀបការ ឬ ក្រោយពេលរៀបការហើយ កុំសូវបើកទាំងធំៗមើលដៃគូរបស់ខ្លួនពេក ពោលគឺបើកត្រឹមពាក់កណ្ដាលបានហើយ។ បើកត្រឹមពាក់កណ្ដាលក្នុងន័យនេះ មានន័យថា គឺកុំសូវមើលលើកំហុសខ្លាំងពេក ព្រោះនរណាក៏ខុសដែរ ហើយបើឃើញខុសគឺត្រូវរកមធ្យោបាយដើម្បីកែប្រែ មិនមែនអង្គុយចាប់កំហុសនោះឡើយ។ អ្វីដែលសំខាន់ គឺត្រូវចេះអត់ឱនឲ្យគ្នាទើបបានសុខ៕
ដោយ៖ រតនា វិចិត្រ