ស្ត្រីគំរូរបស់ចិនលោកស្រី Wu Shihong ៖ «មិនថា គ្រួសាររបស់អ្នកក្រប៉ុណ្ណាទេ កុំបាត់បង់មហិច្ឆតាឲ្យសោះ»
«មិនថាគ្រួសាររបស់អ្នកក្រប៉ុណ្ណានោះទេ សូមកុំសង្ស័យលើលទ្ធភាពរបស់អ្នក និង កុំបាត់បង់មហិច្ឆតារបស់ខ្លួនឲ្យសោះ» ។ នេះជាការលើកឡើងរបស់លោកស្រី Wu Shihongស្ថាបនិករបស់ក្រុមហ៊ុនShanghai Blackspace Info និង ជាស្ត្រីដំបូងរបស់ចិនដែលបានក្លាយជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងក្រុមហ៊ុនលំដាប់អន្តរជាតិនៅទសវត្សឆ្នាំ៩០ ដោយដំបូងបំផុតធ្វើការបុគ្គលិកផ្នែកសម្អាត។
ក្នុងឃ្លានេះ លោកស្រីចង់ប្រាប់ទៅកាន់មនុស្សទាំងឡាយថា មិនត្រូវអស់សង្ឃឹមក្នុងជីវិត ដោយសារតែកើតមកក្នុងត្រកូលអ្នកក្រីក្រនោះឡើយ ព្រោះការគិតបែបអស់សង្ឃឹមនេះ គឺ មិនអាចជួយអ្វីបានឡើយ ពោលគឺមានតែធ្វើឲ្យអ្នកផុងជាប់នៅក្នុងភាពក្រីក្រអស់មួយជីវិត។ អ្វីដែលសំខាន់ មិនត្រូវបាត់បង់ក្តីសង្ឃឹម និង មហិច្ឆតាក្នុងការធ្វើកិច្ចការ ឬ ក្លាយជាអ្វីមួយនោះឡើយ។ ជាក់ស្ដែងក្នុងជីវិតរបស់លោកស្រីស្រាប់ គឺចាប់ផ្តើមធ្វើការក្នុងនាមជាអ្នកបោសសម្អាតការិយាល័យប៉ុណ្ណោះ ហើយការអប់រំក៏មិនបានខ្ពស់ ព្រោះតែគ្រួសារក្រីក្រពេក ប៉ុន្តែលោកស្រីមិនដែលអស់សង្ឃឹមនោះឡើយ គឺត្រូវតែលោតឲ្យផុតពីស្ថានភាពនោះ នៅថ្ងៃណាមួយ។ អ៊ីចឹងហើយទើបលោកស្រីមានថ្ងៃនេះ៕
ដោយ៖ រតនា វិចិត្រ