លោក Kazuo Inamoriមហាសេដ្ឋីជប៉ុន និង ជាពុទ្ធសាសនិក៖ ជោគជ័យ ឬ មិនជោគជ័យអាស្រ័យលើធាតុផ្សំ៣យ៉ាង
លោក Kazuo Inamoriមហាសេដ្ឋីជប៉ុន និង ជាពុទ្ធសាសនិក គឺស្ថាបនិករបស់ក្រុមហ៊ុនKyocera Corporation និងKDDI Corporation ហើយក៏ជាប្រធានក្រុមហ៊ុនអាកាសចរណ៍ជប៉ុនផងដែរ។ មហាសេដ្ឋីរូបនេះបានបញ្ជាក់ភាពជោគជ័យក្នុងជីវិត ឬ លទ្ធផលក្នុងជីវិតរបស់យើងគឺបានមកពីធាតុផ្សំចំនួន៣យ៉ាង៖ លទ្ធភាព ការខិតខំប្រឹងប្រែង និងអាកប្បកិរិយា។
លោក Kazuo Inamoriពន្យល់ថា លទ្ធភាព គឺ ជាអ្វីដែលយើងមាន ដោយអាចនិយាយថា មានតាំងពីធម្មជាតិក៏បាន ដូចជា សុខភាព សមត្ថភាពខួរក្បាល និង រាងកាយ ជាដើម។ ប៉ុន្តែបើមានតែលទ្ធភាពល្អ ដោយឡែកគ្មានការប្រឹងប្រែងវិញ គឺជីវិតនឹងគ្មានលទ្ធផលល្អនោះឡើយ។
មានន័យថា បើមានខួរក្បាលល្អហើយ តែខ្ជិលគិត ហើយមិនព្រមបង្វឹកវាឲ្យកាន់តែខ្លាំង នោះវានឹងមិនបង្កើតចេញជាលទ្ធផលល្អអ្វីនោះឡើយ។ យ៉ាងណាក៏ដោយ បើមានតែលទ្ធភាពល្អ និង ការខិតខំប្រឹងប្រែងខ្លាំងហើយ តែនៅខ្វះចំណុចមួយគឺអាកប្បកិរិយានោះ គឺអ្វីក៏មិនអាចមានលទ្ធផលល្អនៅឡើយដែរ។
សរុបសេចក្ដីបើអ្នកឆ្ងល់ថា ហេតុអ្វីបានជាជីវិតរបស់អ្នកទៅជាអ៊ីចឹង សូមពិនិត្យមើលធាតុសំខាន់ទាំង៣នេះ ថាខ្លួនឯងបានអនុវត្តបែបណាចំពោះចំណុចនីមួយៗ ពោលគឺ លទ្ធភាព ការខិតខំប្រឹងប្រែង និងអាកប្បកិរិយា៕
ដោយ៖ រតនា វិចិត្រ