មេរៀនសំខាន់ៗ ដែលអ្នកអាចរៀនសូត្រពីលោក Mukesh Ambani នៅប្រទេសឥណ្ឌា
សហគ្រិនដ៏មានឥទ្ធិពលបំផុតមួយរូបរបស់ប្រទេសឥណ្ឌា លោក Mukesh Ambani គឺជាប្រធានក្រុមហ៊ុន និងនាយកផ្នែកគ្រប់គ្រងរបស់ឧស្សាហកម្មដ៏ធំជាងគេមួយមានឈ្មោះថា Reliance Industries Limited (RIL) ជាក្រុមហ៊ុនដែលរួមបញ្ចូលតែមួយទាំងការចម្រាញ់ប្រេងកាត វាយនភណ្ឌ សារធាតុគីមីទាញយកពីប្រេងឥន្ធនៈ អ្នកលក់បន្ត និងប្រព័ន្ធទូរគមនាគមន៍ប្រចាំប្រទេសឥណ្ឌា។ តាមរយៈបទពិសោធន៍របស់ម្ចាស់កាច់ចង្កូតជោគវាសនារបស់ក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុតលំដាប់ទី២របស់ប្រទេសឥណ្ឌាមួយនេះ តើអ្នកជំនួញក្មេងខ្ចីជំនាន់ក្រោយ អាចរៀនសូត្រអ្វីខ្លះពីភាពជាគំរូរបស់លោក ?
១) មានក្ដីសុបិនធំ៖ មានឈ្មោះជាមហាសេដ្ឋីមានជាងគេបំផុតរបស់ឥណ្ឌា ជាមួយនឹងទ្រព្យសម្បត្តិចំនួន២២.៤ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០១៧ ដែលមិនត្រឹមតែបានបន្តកេរ្តិ៍មរតកក្រុមហ៊ុនពីឪពុក លោក Dhirubhai Ambaniនោះទេ តែថែមទាំងបន្តកេរ្តិ៍មរតកហ្សែនជាអ្នកមានក្ដីសុបិនធំពីឪពុកទៀតនោះ លោកមានក្ដីសុបិនក្លាយជាម្ចាស់ផលិតអំបោះប្រភេទpolyester fibre និងសរសៃអំបោះដ៏ធំជាងគេនៅលើពិភពលោកតាំងពីក្នុងវ័យខ្ទង់៣០ឆ្នាំមកម្ល៉េះ។ មហិច្ឆតាដ៏មហិមារបស់មហាសេដ្ឋីវ័យ៥៩ឆ្នាំរូបនេះ បានដុតបញ្ឆេះការខិតខំរបស់លោករហូតក្ដីស្រមៃមួយនេះបានក្លាយជាការពិត ផ្ដួលផលិតករតាមបែបប្រពៃណីរបស់កូរ៉េខាងត្បូង និងតៃវ៉ាន់ ជាមួយនឹងសមត្ថភាពផលិត២.៥លានតោនក្នុង១ឆ្នាំ។
២) និយាយតិច ធ្វើច្រើន៖ អតីតសិស្សបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រវិស្វកម្មពីសាកលវិទ្យាល័យប៊ុំបៃរូបនេះ មានបុគ្គលិកលក្ខណៈជាសហគ្រិនដាក់ខ្លួនមួយរូប និងមិនមានភាពរំជើបរំជួលក្នុងការសម្ដែងមតិ គំនិតយោបល់អ្វីពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចដូចជានៅក្នុងព្រឹត្តិការណ៍ធំៗរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF)នោះឡើយ។ យ៉ាងណាមិញ សហគ្រិនដ៏មានឥទ្ធិពលរបស់ឥណ្ឌារូបនេះ ត្រូវបានគេផ្ដល់នូវតម្លៃដ៏ខ្ពង់ខ្ពស់សម្រាប់ការបង្កើតរបស់លោកក្នុងការចម្រាញ់ប្រេងឥន្ធនៈដ៏ធំជាងគេរបស់ពិភពលោកនៅក្នុងទីក្រុងJamnagarរបស់រដ្ឋGujaratនៃប្រទេសឥណ្ឌា។
៣) មិនត្រូវភ័យតក់ស្លុតនោះទេ ត្រូវរឹងមាំជានិច្ច៖ ទម្រាំតែអាចកសាងក្រុមហ៊ុនដែលមានមូលដ្ឋានគ្រឹះដ៏រឹងមាំមិនងាយនឹងផ្ដួលរលំងាយៗបានជាមួយនឹងប្រាក់ចំណូល៤៤.៧ពាន់លានដុល្លារក្នុង១ឆ្នាំ លោកបានឆ្លងកាត់នូវដំណាក់កាលដ៏ឈឺចាប់ដែលមនុស្សទូទៅស្ទើរតែពុំអាចទទួលយកបានក្នុងជីវិត នៅពេលត្រូវប្រឈមនឹងការស្លាប់បាត់បង់ជីវិតរបស់ពូបង្កើតដែលជាដៃគូជំនួញរបស់ឪពុកនៅក្នុងឆ្នាំ១៩៨៦ ព្រមជាមួយនឹងជំងឺដាច់សរសៃឈាមខួរក្បាលរបស់ឪពុកក្នុងរយៈពេល៥ខែនៃការស្លាប់របស់ពូ។ ទោះជាយ៉ាងណា ម្ចាស់ក្រុមហ៊ុនដ៏ធំបំផុតរបស់ឥណ្ឌាមួយនេះ នៅតែរឹងមាំមោះមុតជានិច្ចដោយទទួលយកការកាន់កាប់ក្រុមហ៊ុនបន្តពីឪពុក ស្របពេលដែលប្រទេសឥណ្ឌានៅអនុវត្តសេដ្ឋកិច្ចផែនការ (Licence Raj)នៅឡើយ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.forbes.com & www.businessinsider.com