ទីបំផុតចៅក្រមសហព័ន្ធជំទាស់ Trump រឿងហាមឃាត់ជនមូស្លីម៧ប្រទេសមិនឱ្យចូលអាមេរិក
ទីបំផុតចៅក្រមសហព័ន្ធបានសម្រេចផ្អាកមិនឱ្យអនុវត្តតាមបទបញ្ជាប្រធានាធិបតី លោក ដូណាល់ ត្រាំដែលហាមឃាត់ការធ្វើដំណើររបស់ជនជាតិមូស្លីមមកពីប្រទេសចំនួន ៧ចូលទឹកដី សហរដ្ឋអាមេរិក។ ដោយឡែក ក្រសួងយុត្តិធម៌របស់អាមេរិក បានសម្រេចជំទាស់ភ្លាមៗដែរចំពោះការសម្រេចចិត្តរបស់ចៅក្រមសហព័ន្ធនេះ។
នេះជាការជំទាស់ដ៏មានការរំជើបរំជួលមួយ។ ការជំទាស់របស់ចៅក្រមសហព័ន្ធ គឺមានរយៈពេលត្រឹមតែជាង ១សប្ដាហ៍បន្ទាប់ពីលោក ដូណាល់ ត្រាំ ចេញបទបញ្ជាហាមឃាត់នេះ។
លោក James Robart ត្រូវបានតែងតាំងជាចៅក្រមប្រចាំនៅ Seattle ដោយអតីតប្រធានាធិបតីលោក George W. Bush នៅឆ្នាំ២០០៤ ជាអ្នកចេញបទបញ្ជាឱ្យផ្អាកការអនុវត្តបទបញ្ជារបស់ ដូណាល់ ត្រាំ នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋមកពីបណ្ដាប្រទេសស្ថិតក្រោមបញ្ជាថ្មីរបស់លោក ត្រាំ បានជាប់គាំងនៅលើជើងហោះហើរទៅកាន់ទឹកដីអាមេរិក ដោយព្រួយបារម្ភថា ពួកគេមិនមានឱកាសចូលទៅអាមេរិក៕