អ្នកប្រាជ្ញផ្នែកពិជ័យសង្គ្រាមរបស់ចិន លោកស៊ុន អ៊ូ៖ «ស្គាល់ច្បាស់ពីខ្លួន អ្នកនឹងឈ្នះគ្រប់សមរភូមិទាំងអស់»
«ស្គាល់ច្បាស់ពីខ្លួន អ្នកនឹងឈ្នះគ្រប់សមរភូមិ»។ នេះជាសម្ដីរបស់លោក ស៊ុន អ៊ូ(Sun Tzu) ដែលគេស្គាល់ច្បាស់ថាជាមេដឹកទ័ពជំនាញផ្នែកយុទ្ធសាស្ត្រដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រចិន ហើយអ្វីដែលពិសេសនោះក្បូនរបស់លោកក៏ត្រូវបានសាកលវិទ្យាល័យជាច្រើននៅលើពិភពលោកយកមកសិក្សាផងដែរ។
បើតាមន័យរបស់លោក ស៊ុន អ៊ូក្នុងឃ្លានេះ បើចង់ទទួលជ័យជំនះ ឬជោគជ័យក្នុងកិច្ចការផ្សេងៗនោះ គឺត្រូវស្គាល់ច្បាស់ពីខ្លួនឯងជាមុនសិន ជាពិសេសថា ខ្លួនជាមនុស្សប្រភេទណា មានចំណុចខ្លាំងអ្វី និង ចំណុចខ្សោយអ្វីខ្លះ។
ការស្គាល់ច្បាស់ពីខ្លួនឯង នឹងជួយឲ្យអ្នកអាចរៀបចំខ្លួនយ៉ាងពេញលេញ ក្នុងការធ្វើអ្វីមួយឲ្យជោគជ័យ។ ផ្ទុយទៅវិញ បើមិនស្គាល់ច្បាស់អំពីខ្លួនឯងនោះទេ វាពិតជាលំបាកខ្លាំងណាស់។
លំបាកព្រោះ មិនអាចត្រៀមខ្លួន លំបាកព្រោះមិនដឹងថា គួរប្រើចំណុចដែលជាសក្ដានុពលរបស់ខ្លួនយ៉ាងម៉េច លំបាកព្រោះមិនអាចវាស់ស្ទង់ពីសមត្ថភាពរបស់ឧបសគ្គ ឬ សត្រូវបាន (មានន័យថា បើអ្នកស្គាល់ខ្លួនឯងច្បាស់ នោះអ្នកក៏អាចវាស់ស្ទង់ពីសមត្ថភាពរបស់សត្រូវបានផងដែរ អ៊ីចឹងហើយទើបអាចត្រៀមខ្លួនក្នុងការធ្វើឲ្យមានប្រៀប)៕
ដោយ៖ រតនា វិចិត្រ