គ្មាន​លុយ​ចាប់​ផ្ដើម​អាជីវកម្ម​មែន​ទេ​ កុំ​បារម្ភ​ ​សាក​មើល​​វិធី​​ ៣​​យ៉ាង​​ខាង​ក្រោម​នេះ​​​



ការ​ពិត​ណាស់​មាន​មនុស្ស​មិន​តិច​ទេ​ដែល​ចង់​​ផ្ដើម​អាជីវកម្ម​​ប៉ុន្តែ​តែង​មាន​សំណួរ​មួយ​លេច​មុខ​ជានិច្ច​ គឺ​បាន​លុយ​មក​ពី​ណា? ​សាកល្បង​គន្លឹះ​ទាំង​ ៣​ខាង​ក្រោម​នេះ​មើល​មើល៍​ថា​ តើ​អាច​ជួយ​អ្នក​បាន​កម្រិត​ណា​ដែរ?​

  1. ​ចាប់​ផ្ដើម​ធ្វើ​អ្វី​ម្យ៉ាង​ងាយៗ​​៖ ​អ្នក​គួរ​សាក​ចាប់​​ផ្ដើម​អាជីវកម្ម​ណា​ដែល​ងាយៗ។ ​អាជីវកម្ម​ងាយៗ​​ត្រង់​នេះ​ គឺ​ចង់​សំដៅ​ទៅ​លើ​ផលិតផល​ដែល​​ផលិត​នៅ​ក្នុង​តំបន់​​ណា​មួយ​ ហើយ​លោក​អ្នក​មិន​ចាំ​បាច់​ទិញ​យក​មក​ស្ដុក​នោះ​ទេ​ ពោល​គឺ​អាច​​ចាប់​ផ្ដើម​តាម​រយៈ​ការ​លក់​តាម​ទីផ្សារ​អនឡាញ (Online) ​ជា​មុន​សិន។ ​ទីផ្សារ​អនឡាញ​នៅ​កម្ពុជា​ហាក់​​ចាប់​ផ្ដើម​មាន​ប្រជា​ប្រិយ​​​បន្តិច​ម្ដង​ៗ​ហើយ​ ជាក់​ស្ដែង​ដូច​ជា​ Little Fashion ​កំពុង​ទទួល​បាន​ជោគជ័យ​ខ្លាំង។ ​ផលិត​នៅ​ក្នុង​តំបន់​របស់​អ្នក​អាច​​នឹង​មិន​ទាន់​មាន​ទីផ្សារ​ ខណៈ​ទីផ្សារ​បច្ចុប្បន្ន​អាច​នឹង​ត្រូវ​ការ​។ ម្យ៉ាង​វិញ​ទៀត​ ផលិត​ផល​​នៅ​ក្នុង​តំបន់​ងាយ​នឹង​ទទួល​បាន​ប្រជាប្រិយភាព​​ប្រសិន​បើ​គុណភាព​ និង​តម្លៃ​អាច​ទទួល​យក​បាន។ សាក​គិត​ទៅ​មើល​ថា​តើ​អ្នក​ចាប់​ផ្ដើម​លក់​អ្វី?
  2. ទិញ​ទំនិញ​ណា​ដែល​​ងាយ​លក់​ចេញ​វិញ​៖ វិធី​ម្យ៉ាង​ទៀត​ដែល​លោក​អ្នក​អាច​ចាប់​ផ្ដើម​អាជីវកម្ម​បាន​ គឺ​គិត​ទៅ​លើ​មុខ​ទំនិញ​ណា​ដែល​ងាយ​នឹង​លក់​ចេញ​វិញ​។ ប្រការ​នេះ​​វា​អាច​ធានា​បាន​នូវ​លំហូរ​សាច់​ប្រាក់​ សម្រាប់​​ទូទាត់​ការ​ចំណាយ​ទៅ​លើ​ការ​ទិញ​ទំនិញ​​ដំបូង​ និង​ចំណាយ​ទៅ​លើ​ប្រតិបត្តិការ​ផ្សេងៗ។ ​​លោក​អ្នក​គួរ​តែ​សិក្សា​ផង​ដែរ​អំពី​គូ​ប្រកួត​ទៅ​លើ​ទំនិញ​ប្រភេទ​នេះ​ ប្រសិន​បើ​វា​​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ នោះ​លោក​អ្នក​នឹង​ប្រឈម​នឹង​ការ​លក់​មិន​ដាច់​​ និង​មិន​អាច​បង្វិល​លុយ​ទាន់។
  3. លក់​សេវាកម្ម​​ផ្ទាល់​របស់​អ្នក៖​​​ បើ​គ្មាន​ជម្រើស​​លក់​ផលិតផល​អ្វី​នោះ​ទេ​ លោក​អ្នក​គួរ​សាក​ល្បង​ពិនិត្យ​មើល​​ការ​លក់​សេវាកម្ម​​វិញ​ម្ដង។ ​​ការ​ជ្រើស​រើស​សេវាកម្ម​ គឺ​​នឹង​ជួយ​អ្នក​មិន​​ឱ្យ​​ចំណាយ​ថ្លៃ​ដើម​​​ច្រើន។ ​សេវា​កម្ម​មាន​​ច្រើន​ប្រភេទ​ ប៉ុន្តែ​អ្នក​គួរ​ចាប់​ផ្ដើម​​ជា​មួយ​អ្វី​ដែល​ជា​​​បទ​​ពិសោធន៍ និង​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​។ ​ការ​ពិត សេវាកម្ម​មួយ​ចំនួន​​មិន​ចាំ​បាច់​ជួល​ការិយាល័យ​ ឬ​បុគ្គលិក​នោះ​ទេ​ ពោល​គឺ​​លោក​អ្នក​អាច​ធ្វើ​ និង​ផ្ដល់​សេវាកម្ម​ដោយ​ខ្លួន​ឯង​ផ្ទាល់​ដូច​ជា​អ្នក​កួកជេ​ជា​ដើម។ ដូច្នេះ​សូម​​សម្លឹង​មើល​មើល៍​មាន​អ្វី​ដែល​លោក​អ្នក​អាច​ចាប់​​ផ្ដើម​បាន?

ដោយ៖ រតនៈ​វិភូ

X
5s