លោកStephen៖ គ្មាននរណាមានពេលសម្រាប់អ្នកឡើយបើមួយថ្ងៃៗចេះតែខឹងនិងរអ៊ូគ្រប់ពេលនោះ
«គ្មាននរណាមានពេលសម្រាប់អ្នកឡើយ បើមួយថ្ងៃៗចេះតែខឹង និងរអ៊ូគ្រប់ពេលនោះ»។ នេះជាការលើកឡើងរបស់លោក Stephen Hawking ដែលជាអ្នកនិពន្ធដ៏ល្បីរបស់អង់គ្លេស ។
ក្នុងន័យនេះ លោកចង់បញ្ជាក់ថា គ្មាននរណាម្នាក់ចង់រស់នៅជាមួយ ឬធ្វើការជាមួយមនុស្សដែលមិនចេះគ្រប់គ្រងអារម្មណ៍ និងគិតតែរឿងអវិជ្ជមានឡើយ ព្រោះថា វានឹងធ្វើឲ្យពួកគេមានអារម្មណ៍មិនល្អ និងគួរឲ្យធុញទ្រាន់។ មនុស្សម្នាក់ៗមិនមានពេលទំនេរអង្គុយចាំស្ដាប់អ្នកពោលគ្រប់រឿងនោះទេ។
បើគេមិនចូលចិត្ត ឬតែងគ្មានពេលសម្រាប់អ្នក នោះត្រូវសួរខ្លួនឯងភ្លាមថា ហេតុអ្វីបានជាដូច្នេះ? មកពីយើងមិនល្អ ឬ គេមិនល្អ? ប៉ុន្តែមនុស្សភាគច្រើនមិនចូលចិត្តយកកញ្ចក់ឆ្លុះពីចំណុចអសកម្មរបស់ខ្លួននោះឡើយ ហើយតែងដាក់បន្ទុកទៅលើអ្នកដទៃ។ ដូច្នេះហើយ បើអ្នកមានទម្លាប់មិនល្អ ត្រូវព្យាយាមកែវាចេញ ពោលគឺកុំធ្វើជាមនុស្សដែលចេះតែខឹង និង រអ៊ូហើយមិនដែលឃើញធ្វើអ្វីទាល់តែសោះ៕
ដោយ៖ រតនា វិចិត្រ