មហាសេដ្ឋីអាមេរិក លោក Mark Cuban៖ «ទស្សនខុសឆ្គង៣យ៉ាងក្នុងការធ្វើជំនួញ នាំឲ្យបរាជ័យដោយមិនដឹងខ្លួន»
កើតនៅឆ្នាំ១៩៥៨ អ្នកជំនួញ វិនិយោគិន អ្នកនិពន្ធ អ្នកបង្ហាញមុខដ៏ល្បីល្បាញនៅលើប៉ុស្តិ៍ទូរទស្សន៍ និងសប្បុរសជនជនជាតិអាមេរិកមួយរូប លោក Mark Cuban មានអតីតកាលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមួយឈ្មោះ Indiana University។ បន្ទាប់មកលោកបានផ្លាស់ប្ដូរទៅនៅជាមួយមិត្តភ័ក្ដិ៥នាក់របស់លោក នៅក្នុងផ្ទះដែលមានសភាពដ៏យ៉ាប់យ៉ឺនមួយជាមួយនឹងបន្ទប់គេង៣បន្ទប់ ព្រមទាំងឆ្លៀតពេលធ្វើការជាអ្នកលាយស្រា ដើម្បីទប់ទល់នឹងការចំណាយប្រចាំថ្ងៃផងដែរ។ មិនបានប៉ុន្មានឆ្នាំបន្ទាប់ផង ជាមួយនឹងតម្លៃ៦លានដុល្លារពីការលក់ក្រុមហ៊ុនដំបូងរបស់លោកឈ្មោះ MicroSolutions លោកក៏បានក្លាយជាមហាសេដ្ឋីក្នុងវ័យត្រឹមតែ៣២ឆ្នាំប៉ុណ្ណោះ។
ភាពជោគជ័យរបស់អ្នកនិពន្ធសៀវភៅអេឡិចត្រូនិកHow to Win at the Sport of Businessរូបនេះ បានបន្តមកនៅក្នុងវ័យ៤០ឆ្នាំរបស់លោក នៅពេលលោកបានលក់ក្រុមហ៊ុនទី២របស់ខ្លួនឈ្មោះ Broadcast.com ហើយចូលរួមក្នុងក្លឹបមហាសេដ្ឋី។ បច្ចុប្បន្ន លោកជាម្ចាស់នៃសមាគមបាល់បោះជាតិមួយឈ្មោះថា Dallas Mavericks និងជាម្ចាស់នៃទ្រព្យសម្បត្តិប្រហែល៣.៣ពាន់លានដុល្លារផងដែរ។ ផ្អែកតាមមហាសេដ្ឋីរបស់អាមេរិករូបនេះ ខាងក្រោមនេះគឺជាទស្សនខុសឆ្គងទាំង៣យ៉ាង ដែលមនុស្សភាគច្រើនតែងមានចំពោះការសម្រេចបាននូវភាពជោគជ័យក្នុងការធ្វើជំនួញ៖
- ទស្សនខុសឆ្គងទី១: អ្នកចាំបាច់ត្រូវមានលុយ១បាច់នៅក្នុងដៃ ក្រោយពេលអ្នកមានគំនិតណាមួយផុសឡើង៖ ម្ចាស់សមាគមDallas Mavericksបានលើកឡើងថា ជាជាងផ្ដោតលើការប្រមូលដើមទុន អ្នកត្រូវផ្ដោតលើការលក់ជំនួសវិញ ព្រោះថា មិនថាជាជំនួញប្រភេទណានោះទេ ការលក់គឺជាឱសថព្យាបាលអ្វីៗទាំងឡាយ។ បន្ថែមពីការយល់ឃើញនេះ មហាសេដ្ឋីមួយរូបទៀត លោក Grant Cardone ក៏បានគាំទ្រនឹងទស្សនរបស់លោក Cubanថា "មនុស្សដែលអាចសាងខ្លួនក្លាយជាអ្នកមានបាន គឺត្រង់ពួកគេអាចបង្កើតប្រាក់ចំណូល មិនមែនដោយសារពួកគេវិនិយោគលើអ្វីមួយក្នុងរយៈពេលដ៏វែងអន្លាយនោះឡើយ"។
- ទស្សនខុសឆ្គងទី២: អ្នកត្រូវស្វែងរកគ្រូបង្វឹកបង្ហាត់ណែនាំអ្នក៖ លោកបាននិយាយបែបនេះថា «ខ្ញុំមិនមែនជាលោកគ្រូបង្វឹកបង្ហាត់ណែនាំនោះទេ។ មនុស្សជាច្រើនតែងស្វែងរកគ្រូបង្វឹកបង្ហាត់ណែនាំពួកគេ។ តាមពិតវេទមន្តដ៏អស្ចារ្យសម្រាប់ជោគជ័យក្នុងការធ្វើជំនួញ គឺជាការចេញទៅប្រឡូកជាក់ស្ដែងក្នុងពិភពខាងក្រៅ និងលក់អ្វីម្យ៉ាងទៅ»។ ការទទួលការណែនាំពីអ្នកជំនាញ គឺជារឿងល្អ ប៉ុន្តែត្រូវចាំថា អ្នកមិនអាចធ្វើតាមគំនិតរបស់គេទាំងស្រុងឡើយ ព្រោះមានតែអ្នកប៉ុណ្ណោះដែលស្ថិតក្នុងស្ថិតភាពនោះ ហើយក៏ជាអ្នកត្រូវសម្រេចចិត្តដែរ។
- ទស្សនខុសឆ្គងទី៣: ដើរតាមក្ដីសុបិនរបស់អ្នក គឺជារូបមន្តសម្រាប់ភាពជោគជ័យ៖ តាមទស្សនរបស់មហាសេដ្ឋីវ័យ៥៩ឆ្នាំរូបនេះ ការដើរតាមក្ដីសុបិនរបស់អ្នក មិនទៀងថានឹងនាំអ្នកឲ្យទទួលបានភាពជោគជ័យនោះឡើយ។ អ្នកចាំបាច់ត្រូវសួរខ្លួនឯងថា «តើខ្ញុំមានអ្វីដែលធ្វើឲ្យវាក្លាយជាការសម្រេចចិត្តដ៏ងាយស្រួលមួយសម្រាប់មនុស្សទិញផលិតផលខ្ញុំទេ? បើអ្នកឆ្លើយថា ខ្ញុំមានជំនក់ចិត្តក្នុងការធ្វើវា នោះអ្នកកំពុងតែជួបនឹងវិបត្តិហើយ»។ ឯការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុនMailChimp លោក Ben Chestnut ក៏មានទស្សនស្រដៀងគ្នានេះដែរ។ លោកថា៖ «វាគួរតែជាការស្រឡាញ់នូវអ្វីដែលអ្នកកំពុងធ្វើ ទទួលយកភារកិច្ចក្នុងការងារនោះ រស់នៅក្នុងខណៈពេលឥឡូវនេះ ស្រឡាញ់វា ដុសខាត់វាឲ្យឈានដល់លំដាប់កំពូល ហើយទ្វារនឹងបើកចំហទទួលអ្នក ប្រសិនបើអ្នកមានទេពកោសល្យទៅលើអ្វីដែលអ្នកកំពុងធ្វើ។ បន្ទាប់មក បើអាចទៅរួច អ្នកត្រូវផ្លាស់ប្ដូរវាទៅជាជំនក់ចិត្ត»៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ cnbc