ចេញរាង Galaxy S7 បណ្ដើរៗហើយ សម្បកផលិតពីលោហធាតុ អាចស្រដៀងនឹង Galaxy S6 ដែរ
មិនមានអ្វីជាការសង្ស័យនោះទេ ដែលទូរស័ព្ទ Galaxy ជំនាន់ថ្មីរបស់ Samsung ម៉ូដែល Galaxy S7 កំពុងស្ថិតក្នុងសង្វាក់ផលិតកម្មនោះ ដើម្បីត្រៀមប្រកាសចេញនៅដើមឆ្នាំ២០១៦ ខាងមុខ។ ចំណែកពេលនេះ រូបថតអំពីសម្បកស្មាតហ្វូន Galaxy ជំនាន់ទី៧ នេះបានអណ្ដែតនៅលើគេហទំព័រ Weibo ហើយ។ តើមានអ្វីខុសប្លែកពី Galaxy S6?
យ៉ាងណាពេលនេះ គេពុំទាន់ហ៊ានអះអាងរូបសម្បកខាងលើថា ពិតជា Galaxy S7 នៅឡើយ គ្រាន់តែវាមានរូបរាងដូចជាសម្បកទូរស័ព្ទអីចឹង។ សម្បកទូរស័ព្ទអាថ៌កំបាំងនេះ ត្រូវបានឌីហ្សាញមានវ័ណ្ឌជុំវិញផលិតពីលោហធាតុ។
គេរំពឹងថា Galaxy S7 នឹងត្រូវ Samsung ប្រកាសចេញនៅអំឡុងខែកុម្ភៈ ឬខែមីនា ឆ្នាំក្រោយ។ Galaxy S7 អាចមានអេក្រង់ ៥,១អ៊ីញប្រភេទ Super AMOLED ជាមួយ resolution ទំហំ 1440p ដំណើរការដោយ Android Marshmallow, ប្រើកញ្ចក់ Gorilla Glass 5 និងបំពាក់ឈីប Exynos 8890 ឬ Snapdragon 820៕