គោលការណ៍គ្រប់គ្រងទាំង ១២ប្រការ របស់លោក​ Kazuo Inamori​



ជា​សហគ្រិន សប្បុរសជន និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន​Kyocera និង​ក្រុមហ៊ុន​KDDI​មួយ​រូប លោក Kazuo Inamori​មាន​ដើម​កំណើត​ជា​ជនជាតិ​ជប៉ុន និង​កើត​ក្នុង​ឆ្នាំ​១៩៣២ នៅ​លើ​ទឹកដី​នៃ​ទីក្រុងKagoshima​របស់​ប្រទេស​ជប៉ុន។ លោក​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​ក្នុង​ឆ្នាំ​១៩៥៥ ពី​សាកលវិទ្យាល័យ​Kagoshima និង​បន្ត​មក​ដោយ​ធ្វើការ​ជា​អ្នក​ស្រាវជ្រាវ​សម្រាប់​ឧស្សាហកម្ម​Shofu ដែល​ជា​ឧស្សាហកម្ម​ផលិត​អ៊ីសូឡង់​មួយ​នៅ​ក្នុង​ទីក្រុងKyoto​របស់​ប្រទេស​ជប៉ុន។

នៅ​ខែ​មេសា​ឆ្នាំ​១៩៥៩ ដោយ​រួម​ដៃ​គ្នា​ជាមួយ​ប្រាក់​វិនិយោគ​ពី​មិត្តភ័ក្ដិ​នៅ​សាលា​របស់​លោក​ប៉ុន្មាន​នាក់ ចំនួន​៣​លាន​យេន លោក​ក៏​បង្កើត​បាន​ក្រុមហ៊ុន​សេរ៉ាមិច​មួយ​ឈ្មោះ​ថា Kyoto Ceramic Co., Ltd. ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា Kyocera Corporation។ ក្នុង​ឆ្នាំ​១៩៨៤ នៅ​ពេល​រដ្ឋាភិបាល​របស់​ជប៉ុន បាន​បើក​ចំហ​ឲ្យ​មាន​ឧស្សាហកម្ម​និង​ក្រុមហ៊ុន​ឯកជន​វិញ បុរស​ជា​ពុទ្ធសាសនិក​រូប​នេះ បាន​ចាប់​យក​ឱកាស​នេះ និង​ផ្ដួចផ្ដើម​ឲ្យ​មាន​ក្រុមហ៊ុន​DDI​ឡើង។ ក្រោយមក នៅ​ខែ​តុលា​ឆ្នាំ​២០០០ DDI​ត្រូវ​បាន​រួម​បញ្ចូល​គ្នា​ជាមួយ​KDD និង​IDO បង្កើត​បាន​នូវ​ក្រុមហ៊ុន​KDDI​ឡើង។ នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១០ ក្នុង​វ័យ​៧៧​ឆ្នាំ​របស់​លោក លោក​បាន​ក្លាយ​ជា​នាយក​របស់​ក្រុមហ៊ុន​អាកាសចរ​ជប៉ុន​មួយ (Japan Airlines) បច្ចុប្បន្ន​មាន​ឈ្មោះ​ថា Japan Airlines Co., Ltd. ដើម្បី​ស្ដារ​ដំណើរការណ៍​របស់​ក្រុមហ៊ុន​ឡើង​វិញ​ក្រោយ​ពី​ការ​ក្ស័យធន។

ក្រៅ​ពី​មាន​តួនាទី​ជា​សហគ្រិន​ដ៏​ជោគជ័យ​មួយ​រូប​ហើយ លោក​ថែម​ទាំង​ជា​សប្បុរសជន​មួយ​រូប ដែល​បាន​បង្កើត​នូវ​អង្គការ​មិន​យក​ប្រាក់​កម្រៃ​មួយ​ឈ្មោះ​ថា Inamori Foundation​ក្នុង​ឆ្នាំ​១៩៨៤​ផង​ដែរ។ មិនតែប៉ុណ្ណោះ អង្គការ​ដែល​មាន​លោក Inamori​ជា​ប្រធាន​មួយ​នេះ បាន​បង្កើត​ពាន​រង្វាន់​អន្តរជាតិ ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​រៀងរាល់​ខែ​វិច្ឆិកា ដើម្បី​ផ្ដល់​កិត្តិយស​ទៅ​ដល់​បុគ្គល ឬ​ក្រុម​ណា​នៅ​ទូទាំង​ពិភពលោក ដែល​បាន​រួម​ចំណែក​យ៉ាង​ធំធេង​នៅ​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ជុំវិញ​សកលលោក និង​មនុស្សជាតិ។ គួរ​ជាទី​ផ្ដល់​ការ​គោរព​ដល់​បុរស​ដែល​តែង​ឲ្យ​តម្លៃ​លើ​គុណធម៌​ចំពោះ​មនុស្ស​រូប​នេះ ក្នុង​ឆ្នាំ​២០១១ លោក Inamori​បាន​ទទួល​រង្វាន់​មេដាយ​មាស​របស់​Othmer (Othmer Gold Medal) សម្រាប់​ការ​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ដំណើរការណ៍​វិទ្យាសាស្ត្រ និង​គីមី​សាស្ត្រ។ ខាងក្រោម​នេះ​ដែរ គឺ​ជា​គោលការណ៍​គ្រប់គ្រង​ទាំង​១២​ប្រការ​របស់​លោក Inamori​ដែល​តែង​ត្រូវ​បាន​លោក​ប្រតិបត្តិ​តាម​យ៉ាង​ខ្ជាប់ខ្ជួន​ជា​រៀង​រហូត​មក និង​នាំ​ភាព​ជោគជ័យ​សម្រាប់​រូប​លោក​ក្នុង​ពិភព​នៃ​ការ​ប្រកួតប្រជែង​របស់​មុខ​ជំនួញ​នេះ៖

១) បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​គោលបំណង និង​បេសកកម្ម​របស់​អ្នក​នៅ​ក្នុង​ការ​ធ្វើ​ជំនួញ។

២) កំណត់​នូវ​គោលដៅ​ប្រកប​ដោយ​ភាព​ប្រាកដប្រជា។

៣) រក្សា​ទុក​នូវ​កម្លាំង​ដុត​បញ្ឆេះ​ជំនក់​ចិត្ត​នៅ​ក្នុង​បេះដូង​របស់​អ្នក​ជានិច្ច។

៤) ត្រូវ​ខិតខំ​ប្រឹងប្រែង​តស៊ូ​ជាង​នរណា​ៗ​ទាំងអស់។

៥) ចំណូល​ត្រូវ​កម្រិត​ជា​អតិបរមា ឯ​ការ​ចំណាយ​ត្រូវ​កម្រិត​ជា​អប្បបរមា។

៦) ការ​កំណត់​តម្លៃ គឺ​ជា​ការ​គ្រប់គ្រង។

៧) ភាព​ជោគជ័យ​ជា​ការ​កំណត់​ដោយ​ឆន្ទៈ​ដ៏​មោះមុត។

៨) ត្រូវ​យក​ដួង​វិញ្ញាណ​ជា​អ្នក​ប្រយុទ្ធ​ជាប់​នឹង​ខ្លួន។

៩) ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​លំបាក​ទាំងឡាយ​ជាមួយ​ភាព​ក្លាហាន។

១០) មាន​ភាព​ច្នៃប្រឌិត​ជានិច្ច​ជាមួយ​កិច្ច​ការងារ​របស់​អ្នក។

១១) ត្រូវ​មាន​ទឹកចិត្ត​ល្អ និង​ប្រកាន់​យក​ភាព​ស្មោះត្រង់។

១២) ត្រូវ​មាន​ភាព​សប្បាយ​រីករាយ និង​សុទិដ្ឋិនិយម​ជានិច្ច។ ដាក់​ក្ដី​សុបិន​ដ៏​អស្ចារ្យ និង​ក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ទាំងឡាយ​ចូល​ទៅ​ក្នុង​ជម្រៅ​បេះដូង​នៃ​ភាព​បរិសុទ្ធ​របស់​អ្នក៕

ប្រែសម្រួល៖ ស្រីពៅ​
ប្រភព៖ global.kyocera

X
5s