ប៊ិចមេម៉ូរី Me-PEN Stylus សម្រាប់ដោះស្រាយបញ្ហា iPhone ពេញ Memory មិនអាចថតរូប
អ្នកទាំងអស់គ្នាប្រហែលធ្លាប់ឃើញ ឬធ្លាប់បានប្រើប៊ិច iPad ដែលជាប៊ិច Stylus ហើយចំណែកប៊ិច Me-PEN Stylus នេះវិញ ប្រហែលអាចធ្វើឱ្យអ្នកចាប់អារម្មណ៍ ជាមួយមុខងារពិសេសអាចប្រើធ្វើជាមេម៉ូរីសម្រាប់ផ្ទេរឯកសារចេញចូលជាមួយទូរស័ព្ទ iPhone បាន។ ប៊ិច Me-Stylus នេះត្រូវបានឌីហ្សាញរូបរាងស្អាតទាន់សម័យ ធ្វើពីអាលុយម៉ីញ៉ូម និងមានមុខងារពិសេសពីរយ៉ាង។
Me-PEN stylus នេះត្រូវបានបង្កប់ដោយអង្គចងចាំ ឬមេម៉ូរីទំហំ 16GB ឬ 32GB មានលក្ខណៈដូចទៅនឹង Flash ដែលអាចដកដោតជាមួយទូរស័ព្ទ iPhone បាន ហើយផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងថតឯកសារថែមទៀត។
ស្មាតហ្វូន និងថេប្លេតកំពុងក្លាយជាឧបករណ៍អេឡិចត្រូនិកដ៏ពេញនិយមយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន ប៉ុន្តែអ្នកប្រើអាចពិបាកក្នុងការរក្សាទិន្នន័យច្រើន ព្រោះឧបករណ៍ទាំងនោះ មានអង្គចងចាំត្រឹមដែនកំណត់មួយប៉ុណ្ណោះ។ ដូច្នេះប៊ិច Me-PEN stylus នេះនឹងដើរតួនាទីសំខាន់សម្រាប់លោកអ្នកអាចកូពី (copy) ឯកសារខ្លះចេញពី iPhone នៅពេលទូរស័ព្ទពេញមេម៉ូរី ដើម្បីឱ្យអ្នកអាចថតរូប និងដំឡើងកម្មវិធីថែមទៀតបាន។
យ៉ាងណាប៊ិច Me-PEN ពេលនេះស្ថិតក្នុងគម្រោង Kickstarter នៅឡើយ ដោយគេរង់ចាំមូលនិធិគ្រប់គ្រាន់ ដើម្បីផលិតលក់នៅលើទីផ្សារក្នុងតម្លៃចាប់ពី ៣៥ដុល្លារអាមេរិកពេលឆាប់ៗខាងមុខ៕