អ្នកប្រាជ្ញស្វីស លោកJean-Jacques Rousseau៖ «ការអត់ធ្មត់វាល្វីង តែផ្លែផ្ការបស់វាគឺផ្អែម»
«ការអត់ធ្មត់វាល្វីង តែផ្លែផ្ការបស់វាគឺផ្អែម»។ នេះគឺជាគតិរបស់លោក Jean-Jacques Rousseauដែលជាទស្សនវិទូរបស់ស្វីស និង ជាបុគ្គលដ៏ល្បីល្បាញមួយរូបក្នុងសតវត្សទី១៨។ ក្នុងន័យនេះ លោកចង់ដាស់តឿនឲ្យមនុស្សគ្រប់រូប ត្រូវប្រកាន់យកការអត់ធ្មត់ឲ្យបានច្រើនទោះបីជាវាមានការលំបាកក្តី។ ជាធម្មតាទេ នៅពេលជួបរឿងអ្វីមួយដែលមិនសមបំណង នោះប្រាកដជាមានអារម្មណ៍ថា ពិបាកទ្រាំហើយចង់និយាយ ឬ ធ្វើអ្វីតាមការអារម្មណ៍ឆេវឆាវរបស់ខ្លួននោះ។ ប្រសិនបើទ្រាំមិនកើតទេ ប្រាកដណាស់ថា បញ្ហានឹងផ្ទុះឡើងខ្លាំងមិនខាន។ ប៉ុន្តែបើមានការអត់ធ្មត់តែបន្តិច នោះអ្វីៗនឹងប្រសើរឡើងវិញមិនខាន។ ដូច្នេះហើយ យើងត្រូវតែព្យាយាមមានការអត់ធ្មត់ នៅពេលជួបបញ្ហាម្តងៗ ដោយព្យាយាមដកដង្ហើមឲ្យបានវែងៗ និង គិតឲ្យបានយូរមុនពេលចេញសកម្មភាព ឬនិយាយអ្វីមួយ ជៀសវាងការសោកស្ដាយនៅពេលក្រោយ៕
ដោយ៖ រតនា វិចិត្រ