ដំបូន្មានសំខាន់ៗ ៤យ៉ាងដែលអ្នកគួរដឹងមុនពេលធ្វើដំណើរកម្សាន្តទៅកាន់ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្តគឺជាបេះដូងនៃជាតិសាសន៍ជនជាតិខ្មែរ និងជាកេរ្តិ៍មរតកដ៏មានតម្លៃលើសលប់ដែលបានបន្សល់ពីបុព្វបុរសខ្មែរតាំងពីសម័យបុរាណកាលមកម្ល៉េះ សម្រាប់កូនចៅជំនាន់ក្រោយ។ កេរ្តិ៍ឈ្មោះល្បីសុះសាយជុំវិញពិភពលោក បានអង្រួនចិត្តជាតិសាសន៍ដទៃរាប់មិនអស់ ឲ្យមានទឹកចិត្តកោតសរសើរស្ញប់ស្ញែងនូវមរតកដ៏ថ្លៃថ្លាពិសេសខុសប្លែកពីគេនេះ និងជាលទ្ធផលនៃកំណើនជនជាតិបរទេសចូលមកទស្សនាប្រាង្គប្រាសាទដ៏អច្ឆរិយរបស់កម្ពុជាមួយនេះពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ក្រៃលែង។ ប្រាសាទអង្គរវត្ត មានលក្ខណៈពិសេសជាច្រើនសម្រាប់អ្នកដំណើរកម្សាន្តគួរសិក្សាស្វែងយល់ ដូច្នេះ ការយល់ដឹងពីចំណុចសំខាន់ៗមួយចំនួនមុនពេលចូលទៅទស្សនា នឹងជួយឲ្យអ្នកបានទាញយកប្រយោជន៍ពីការទស្សនាពីភាពអច្ឆរិយមួយនេះបានយ៉ាងពិតប្រាកដ៖
១) ធ្វើការសិក្សាស្រាវជ្រាវ៖ ការយល់ដឹងពីប្រវត្តិសាស្ត្រ ដើមកំណើតនៃការកកើតឡើងនៃប្រាសាទ ក៏ដូចជារឿងរ៉ាវទាក់ទិននឹងព្រឹត្តិការណ៍សំខាន់ៗផ្សេងអំពីប្រាសាទមុនពេលធ្វើដំណើរកម្សាន្ត នឹងធ្វើឲ្យដំណើរកម្សាន្តរបស់អ្នក ប្រព្រឹត្តិទៅដោយមានអត្ថន័យជាងមុន និងយល់កាន់តែសីុជម្រៅពីតម្លៃរបស់ប្រាសាទនេះផងដែរ។ មិនតែប៉ុណ្ណោះ សម្រាប់ជនជាតិបរទេស ពួកគេអាចធ្វើដំណើរកម្សាន្តមកកាន់ប្រាសាទអង្គរវត្ត តាមរយៈដំណើរកម្សាន្តជា tour នៅពេលនោះ អ្នកនាំផ្លូវនឹងរៀបរាប់ប្រាប់ពួកគេបន្ថែមពីប្រវត្តិសាស្ត្រនៃប្រាសាទនេះជាក់ជាពុំខានឡើយ។
២) ពេលវេលាដែលល្អបំផុតសម្រាប់ការចូលទស្សនា៖ ទស្សនីយភាពដែលនឹងដក់ជាប់នៅក្នុងការចងចាំរបស់អ្នកមិនភ្លេច គឺមុនពេលថ្ងៃរះ មានន័យថាអ្នកត្រូវទៅឲ្យដល់ខ្ទង់ម៉ោ ង៥ទាបភ្លឺ។ ម្យ៉ាងទៀត អាកាសធាតុនៅប្រទេសកម្ពុជាក៏ដូច ជាទូទៅក្ដៅហើយសើម ដូច្នេះ អ្នកគួរចៀសវាងដំណើរកម្សាន្តចាប់ពីម៉ោង១១ថ្ងៃត្រង់ទៅ ដែលវាអាចក្ដៅរហូតដល់ក្បែរ៣៨អង្សា ជាពិសេសនៅកំឡុងខែមេសាដល់ខែឧសភា ដែលជារដូវដ៏ក្ដៅបំផុតក្នុងប្រទេសកម្ពុជា។ កាន់តែប្រសើរបំផុត ប្រសិនជាអ្នកអាចរៀបចំដំណើរកម្សាន្តនៅក្នុងខែមករា ជាខែនៅក្នុងប្រទេសកម្ពុជាដែលមានអាកាសធាតុដ៏ល្អបំផុតសម្រាប់ការដើរកម្សាន្ត។ ជាការរំលឹកដាស់តឿនផងដែរ អ្នកគួរយកឆត្រទៅតាមខ្លួន និងមានទឹកសម្រាប់ញាំុភ្ជាប់ទៅជាមួយផង។
៣) អាហារនិងកន្លែងស្នាក់នៅ៖ បើអ្នកចង់ឲ្យដំណើរកម្សាន្តរបស់អ្នកប្រព្រឹត្តទៅដោយការចំណាយអស់តិច អាហារមានរសជាតិឆ្ងាញ់ ព្រមទាំងទទួលបានភាពសប្បាយរីករាយព្រមជាមួយគ្នានោះដែរ អ្នកអាចទទួលទានអាហារនៅក្នុងផ្សារនៃខេត្តសៀមរាបនោះតែម្ដង ជាជាងអាហារដែលមានតម្លៃថ្លៃនៅតាមហាងភាគច្រើន។ រីឯ កន្លែងស្នាក់នៅវិញ អ្នកអាចជ្រើសរើសសណ្ឋាគារណាដែលមានអាងហែលទឹក ដើម្បីបន្ធូរអារម្មណ៍របស់អ្នក ព្រោះថាអ្នកអាចនឹងទទួលអារម្មណ៍ថាក្ដៅខ្លាំងបន្ទាប់ពីការដើរទស្សនាពេញមួយថ្ងៃ ហើយអ្នកក៏អាចស្វែងរកជំនួយពីគេហទំព័រTripadvisor សម្រាប់តម្លៃ និងសេវាកម្មផ្សេងៗផងដែរ។
៤) ចំណុចដែលគួរចៀសវាង៖ ដោយសារតែការសាងសង់ប្រាសាទនេះមានជាប់ទាក់ទងទៅនឹងការគោរពសាសនាហិណ្ឌូ អ្នកគួរស្លៀកពាក់ឲ្យបានសមរម្យ ដូចជាអាវមានដៃគ្របស្មារបស់អ្នកឲ្យបានជិត និងខោជើងវែង។ ម្យ៉ាងទៀត តំបន់មួយចំនួនក្នុងប្រាង្គប្រាសាទអង្គរវត្ត មិនតម្រូវឲ្យក្មេងក្រោមអាយុ១២ឆ្នាំចូលនោះឡើយ ដូច្នេះ បើអ្នកមានបំណងយកកូនៗរបស់អ្នកទៅជាមួយដែរ អ្នកគួរធ្វើការស្រាវជ្រាវជាមុនសិន និងរៀបចំផែនការរបស់អ្នកទៅតាមនោះទុកជាមុន៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ tripadvisor