មេរៀនសំខាន់ៗ សេដ្ឋីអាមេរិក លោកRooster McConaughey បង្រៀនដល់កូនរបស់ខ្លួន អំពីភាពជោគជ័យ
លោក Rooster McConaughey គឺជាមហាសេដ្ឋីមួយរូបដែលបានកសាងភាពមានបានដោយការខិតខំប្រឹងប្រែងតស៊ូរបស់ខ្លួន ជាបុគ្គលដែលមានជំនួញដ៏ធំមួយនៅក្នុងដៃ ជាក្រុមហ៊ុនឧស្សាហកម្មបំពង់បង្ហូរប្រេង និងសាំងដ៏ធំមួយ។
មិនតែប៉ុណ្ណោះ លោកក៏ជាសហប្រធាននៃកម្មវិធីទូរទស្សន៍អាមេរិកមួយដែលមានឈ្មោះថា West Texas Investors Club ជាកម្មវិធីដែលត្រូវបានចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍CNBCមានលក្ខណៈជាខ្សែរឿងភាគដែលឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនៃជីវិតជាសហគ្រិនរបស់លោក ដែលមានរូបលោកជាតួសម្ដែង និងត្រូវបានបង្កើតឡើងដោយក្រុមវិនិយោគទុន រួមទាំងដៃគូអាជីវកម្មរបស់គាត់ម្នាក់ទៀត គឺលោក Butch Gilliam។
លោក McConaughey បានផ្ដល់សម្ដីមួយឃ្លាថា៖ «មនុស្សគ្រប់គ្នាឈ្លក់វង្វេងទៅនឹងភាពជោគជ័យ រហូតដល់ពួកគេចង់ចុះហត្ថលេខានៅលើក្រដាសប្រាក់ដុល្លារទៅហើយ»។ គាត់តែងតែប្រឹងប្រែងបំពេញភារកិច្ចក្នុងការបង្រៀនដល់កូនៗទាំង៣របស់លោកឲ្យយល់ថា ភាពជោគជ័យមិនសំដៅទៅលើប្រាក់នោះឡើយ ហើយនេះគឺជាអ្វីដែលលោកចង់ឲ្យមនុស្សគ្រប់គ្នាយល់ពីវា ហើយវាក៏ជាអ្វីដែលលោកចង់ឲ្យក្រុមគ្រួសាររបស់លោកយល់ពីវាដូចគ្នា។
សេដ្ឋីរូបនេះ បានបន្ថែមគំនិតសីុជម្រៅរបស់ខ្លួនទៀតថា៖ «ស្មារតីភ្ញាក់ខ្លួនដែលប្រកបដោយសតិសម្បជញ្ញៈជ្រះថ្លា ទើបជាអ្វីដែលជាភាពជោគជ័យពិតប្រាកដ។ ប្រព្រឹត្តចំពោះមនុស្សប្រកបដោយភាពត្រឹមត្រូវ ហើយវាគឺជាអ្វីដែលខ្ញុំចង់បញ្ជ្រាបចូលទៅក្នុងខ្លួនពួកគេ ហើយវាក៏ជាកេរ្តិ៍មរតកតែម្យ៉ាងដែលខ្ញុំនឹងបន្សល់សម្រាប់ពួកគេដែរ»៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ cnbc