​អ្នក​ជំនាញ​អាមេរិក​ លោក ​​​Brian Tracy ៖ ​«​មាន​ជម្រើស​ ៥​យ៉ាង ​​ក្នុង​ការ​​ក្លាយ​ជា​អ្នក​មាន»​



លោក ​​​Brian Tracy​ ​គឺ​​​ជា​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ការ​គិត ​និង ​ជា​អ្នក​និពន្ធ​អាមេរិក​ បាន​បង្ហាញ​ពី​ជម្រើសសំខាន់ៗ​ ៥​យ៉ាង ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ជីវិត​​សម្បូរ​ទៅ​ដោយ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​។

១) ​​ជម្រើស​ទី​១៖ ​​ត្រូវ​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​​ឬ ​ក្លាយ​ជា​សហគ្រិន​ម្នាក់​។ ​​មាន​វិស័យ​ច្រើន​ណាស់​រាប់​ទាំង​ផ្នែក​អចលនទ្រព្យ​ កសិកម្ម​ និង ទេសចរណ៍​ជា​ច្រើន​ដែល​សុទ្ធតែ​អាច​បង្កើត​ឱកាស​ជាច្រើន​ដល់​អ្នក​ ដូច្នេះ​ត្រូវ​ជ្រើសរើស​យក​ផ្នែក​ណា​មួយ ​ហើយ​ធ្វើ​ជំនួញ​​ឥឡូវ​នេះ​។

២) ​​​ជម្រើស​ទី​២៖ ​​ក្លាយ​ជា​​អ្នក​ជំនាញ​​ ឬ ​​អ្នក​គ្រប់គ្រង​តំណែង​ខ្ពស់​ៗ ប្រចាំ​ក្រុមហ៊ុន​ធំ​ៗ​។ បើ​ចង់​ឲ្យ​​ជីវិត​ ជោគជ័យ​ និង ​មាន​ប្រាក់​ច្រើន​​ក្នុង​ការ​រស់នៅ​ក្នុង​ជីវិត​ដ៏​សម្បូរ​បែប​នោះ គឺ​ត្រូវ​តែ​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ថ្នាក់​កំពូល​ៗ​របស់​ក្រុមហ៊ុន ​មិន​បុគ្គល​តូចតាច​នោះ​ទេ​​។

៣) ​ជម្រើស​ទី​៣​៖ ​ត្រូវ​សិក្សា​ឲ្យ​បាន​ខ្ពស់​លើ​ជំនាញ​សំខាន់ៗ​ ដូចជា​ វេជ្ជបណ្ឌិត ​​​​​​ច្បាប់​ ឬ ​​​វិស្វកម្ម​។ ​ប៉ុន្តែ​អ្នក​ត្រូវ​តែ​ដាក់​ចិត្ត​​ក្នុង​ការ​ខិតខំ​រៀន​សូត្រ​ និង ចំណាយ​ពេល​វេលា​ច្រើន​ដើម្បី​​ក្លាយ​ជា​មនុស្ស​ដ៏​ជំនាញ​​ម្នាក់​លើ​ផ្នែក​ណា​មួយ​​ ។ ​អ្នក​ដែល​មាន​ជំនាញ​ទាំង​នេះ សុទ្ធតែ​​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ៗ​ ដែល​ធ្វើ​ឲ្យ​ជីវភាព​មាន​លក្ខណៈ​​ល្អ​ប្រសើរ​ជាង​អ្នកដទៃ​។

៤) ​ជម្រើស​ទី​៤​៖ ​ត្រូវ​ធ្វើ​ការ​ក្នុង​ជំនាញ​ផ្នែក​លក់​។ ​​អ្នក​ដែល​មាន​ជំនាញ​ផ្នែក​លក់​ គឺ​សុទ្ធតែ​ជា​មនុស្ស​មាន​​ឱកាស​ខ្ពស់​ក្នុង​ការ​ក្លាយ​ជា​​អ្នក​មាន​ ​ព្រោះ​មហាសេដ្ឋី​ជាច្រើន​សុទ្ធតែ​​ចាប់​ផ្ដើម​ពី​ជំនាញ​​ផ្នែក​លក់។ ​បើ​អ្នក​​មិន​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​រកស៊ី​ទេ ​​ការ​ធ្វើ​ត្រឹម​ជា​អ្នក​​លក់​ ក៏​​​​ជួយ​ឲ្យ​អ្នក​រក​លុយ​បាន​​ច្រើន​មិន​ធម្មតា​ដែរ​ ព្រោះ​បើ​អ្នក​ពូកែ​ គឺ​ទី​១​ បាន​ប្រាក់​ខែ​ខ្ពស់​ និង ទី២ ​ទទួល​បាន​កម្រៃជើងសា​​​​ច្រើន​ពី​ក្រុមហ៊ុន​។

៥) ​ជម្រើស​ទី​៥​៖ ​លេង​ផ្សារ​ភាគហ៊ុន ​​​ក្លាយ​ជា​អ្នក​សិល្បៈ និង ​​​​​លេង​ឆ្នោត​។ ​បើ​តាម​លោក Brian Tracy​​ ​ឱកាស​​ជោគជ័យ​ក្នុង​ផ្នែក​ទាំង​នេះ គឺ​មាន​កម្រិត​​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ជោគជ័យ​វិញ គឺ​ប្រាកដ​​ជា​ក្លាយ​ជា​អ្នក​មាន​មិន​ខាន​៕

ដោយ​៖ រតនា​ វិចិត្រ

X
5s