អ្នកនិពន្ធអាមេរិកលោក Zig Ziglar៖ «សេដ្ឋីមានទូរទស្សន៍តូច តែបណ្ណាល័យធំ តែអ្នកក្រមានទូរទស្សន៍ធំតែបណ្ណាល័យតូច»
នៅពេលនិយាយដល់ពាក្យថា អ្នកមាន និង អ្នកក្រ គេតែងព្យាយាមសិក្សាទៅលើកត្តាជាច្រើន ដើម្បីស្វែងរកមូលហេតុពិតប្រាកដថា ហេតុអ្វីអ្នកខ្លះមានខ្លាំង ហើយអ្នកខ្លះក្រខ្លាំង។ អ្នកខ្លះយល់ឃើញថា មូលហេតុដែលនាំឲ្យក្រ គឺបណ្ដាលមកពីការគិត និង ទម្លាប់អសកម្មមួយចំនួន ជាហេតុនាំឲ្យលទ្ធផលចេញមកគឺមិនសមប្រកប។
សម្រាប់លោក Zig Ziglar អ្នកនិពន្ធដ៏ល្បីរបស់អាមេរិក និង ជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍ការគិត បានលើកឡើងថា៖«ពួកអ្នកមានតែងមានទូរទស្សន៍តូចតែបណ្ណាល័យធំ តែអ្នកក្រមានទូរទស្សន៍ធំតែបណ្ណាល័យតូច»។ ក្នុងន័យនេះលោកចង់បញ្ជាក់ថា ពួកគេអ្នកមានគេផ្ដល់តម្លៃទៅលើការសិក្សា ការស្រាវជ្រាវ តាមរយៈការអានសៀវភៅផ្សេងៗ ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និង ការគិតឲ្យទាន់សម័យកាល។ អ៊ីចឹងហើយបានជា ពួកគេតែងចំណាយពេលជាមួយនឹងបណ្ណាល័យរបស់ខ្លួន ជាជាងអង្គុយមើលកម្មវិធីទូរទស្សន៍ដែលមិនសូវមានប្រយោជន៍។ ចំណែកអ្នកក្រវិញ ចូលចិត្តការកម្សាន្ត ឬ អ្វីមួយដែលធ្វើឲ្យខ្លួនរីករាយ ប៉ុន្តែគ្រាន់តែជាប្រយោជន៍ក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែវានាំឲ្យបាត់បង់ពេលវេលា និង ប្រយោជន៍ក្នុងរយៈពេលវែង។
ដូច្នេះ បើចង់ក្លាយជាមនុស្សជោគជ័យ ក្នុងពិភពដ៏សែនប្រកួតប្រជែងបច្ចុប្បន្ននេះ យើងត្រូវតែធ្វើជាមនុស្សព្យាយាមសិក្សា ស្រាវជ្រាវ ទោះបីជារៀនដល់កម្រិតណា ឬ ស្ថិតក្នុងវ័យណាក៏ដោយ ព្រោះការសិក្សាគឺគ្មានដែនកំណត់នោះទេ៕
ដោយ៖ រតនា វិចិត្រ