ចង់ឆាប់ឡើងប្រាក់ខែខ្ពស់មែនទេ? គន្លះទាំងនេះអាចជួយអ្នកបាន
ការទទួលបានប្រាក់ខែខ្ពស់ គឺជាក្តីប្រាថ្នាមួយរបស់បុគ្គលិកគ្រប់រូប ដើម្បីអាចពង្រឹងជីវភាពរស់នៅរបស់ពួកគេឲ្យបានតែប្រសើរជាងមុន។ ប៉ុន្តែវាជារឿងលំបាកខ្លាំងណាស់ ព្រោះថា បើអ្នកសុំថ្នាក់លើដោយត្រង់ៗ នោះក៏មិនងាយបានដែរ។ ដូច្នេះហើយ អ្នកត្រូវតែមានតែធ្វើនូវកិច្ចការពិសេសៗមួយចំនួនដែល ធ្វើឲ្យថ្នាក់លើពេញចិត្ត។ គួរអនុវត្តគន្លឹះសំខាន់ៗខាងក្រោមនេះ ដើម្បីជួយឲ្យអ្នកឆាប់ឡើងប្រាក់ខែ៖
១) ធ្វើការឲ្យច្រើនជាងបុគ្គលិកដទៃ
បើអ្នកពិតជាចង់ទទួលបានប្រាក់ខែខ្ពស់ជាងអ្វីដែលអ្នកមានបច្ចុប្បន្ននេះ គឺត្រូវតែខំប្រឹងប្រែងធ្វើការឲ្យច្រើនជាងមុនដែរ ជាពិសេសធ្វើយ៉ាងណាឲ្យខ្លួនអ្នកក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកដទៃ។ មានន័យថា អ្នកមិនត្រូវធ្វើការគ្រាន់តែបង្គ្រប់ម៉ោងនោះទេ ប៉ុន្តែត្រូវធ្វើវាឲ្យឆាប់ចប់គម្រោងនីមួយៗដែលអ្នកកំពុងធ្វើ ទោះបីជាត្រូវចេញពីធ្វើការក្រោយគេក៏ដោយ។ ការខិតខំបែបនេះ នឹងធ្វើឲ្យថ្នាក់លើរបស់អ្នកមានការចាប់អារម្មណ៍ ហើយក៏មិនចង់បាត់បង់អ្នកនោះដែរ។
២) បង្កើនការទទួលខុសត្រូវ
អ្នកត្រូវតែមានការទទួលខុសត្រូវខ្ពស់ចំពោះការងារដែលខ្លួនកំពុងធ្វើ ដើម្បីធានាថា លទ្ធផលដែលចេញមក នឹងធ្វើឲ្យមនុស្សគ្រប់គ្នាជាពិសេសថ្នាក់លើមានការពេញចិត្តយ៉ាងខ្លាំង ចំពោះស្នាដៃរបស់អ្នក។
៣) បង្ហាញភាពជាគំរូដល់អ្នកដទៃ
ទោះបីជា ស្ថិតក្នុងស្ថានភាពអ្វីក៏ដោយ អ្នកត្រូវតែខិតខំធ្វើយ៉ាងណា ដើម្បីផ្តល់ជាគំរូល្អដល់បុគ្គលិកដទៃ ទាំងការគោរពពេលវេលា និង ការធ្វើកិច្ចការផ្សេងៗទៀតក្នុងក្រុមហ៊ុន។ មានន័យថា រាល់កិច្ចការដែលអ្នកធ្វើគឺសុទ្ធតែមានប្រយោជន៍សម្រាប់ក្រុមហ៊ុន និង បុគ្គលិកដទៃទៀត ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថា គោរព និង ស្រលាញ់អ្នកយ៉ាងខ្លាំង។ ដូច្នេះហើយ នេះជាការសាងទំនុកចិត្តរបស់ក្រុមហ៊ុនមកលើរូបអ្នក។
៤) ធ្វើកិច្ចការណាដែលអ្នកផ្សេងមិនអាចធ្វើបាន
ជាធម្មតាក្រុមហ៊ុនតែងតែមានការងារលំបាកមួយចំនួន ដែលបុគ្គលិកខ្លះបានបដិសេធមិនធ្វើ ព្រោះពួកគេមិនចង់បរាជ័យដោយសារបញ្ហាផ្សេងៗ។ ជាមួយគ្នានោះ វាអាចជាឱកាសសម្រាប់អ្នក ក្នុងការសាងស្នាដៃ ដែលអ្នកដទៃមិនអាចធ្វើបាន បើទោះបីជាវាមានការលំបាកក្តី ប៉ុន្តែគ្មាននរណាម្នាក់កើតមកចេះស្រាប់នោះទេ ពោលគឺទាល់តែឆ្លងកាត់ការរៀនសូត្រ ដូច្នេះហើយអ្នកត្រូវតែខិតខំធ្វើវាឲ្យអស់ពីលទ្ធភាព។ បើអ្នកនៅតែធ្វើអ្វីដែលងាយៗបន្តទៀត នោះអ្នកក៏គ្មានថ្ងៃអាចទទួលបានប្រាក់ខែខ្ពស់តាមការចង់បានដែរ ព្រោះក្រុមហ៊ុននីមួយៗមិនមែនល្ងីល្ងើឡើយ៕
ដោយ៖ រតនា វិចិត្រ