ហេតុអ្វីសេដ្ឋីមានលុយ ២លានដុល្លារម្នាក់ សម្រេចចិត្តរស់នៅក្នុងឡានចាស់បែបនេះទៅវិញ?
កីឡាករវាយកូនបាល់អាមេរិកមួយរូប គឺ Daniel Norris ត្រូវបានក្លឹបកីឡាវាយកូនបាល់ដ៏ធំជាងគេមួយនៅកាណាដាចុះហត្ថលេខាឱ្យតម្លៃខ្លួនប្រមាណ ២លានដុល្លារកាលពីឆ្នាំ២០១១ ក្នុងពេលដែលរូបគេទើបបញ្ចប់ពីវិទ្យាល័យវ័យ ១៨ឆ្នាំ។ ទោះជាមានប្រាក់ដ៏ច្រើនបែបនេះក្ដី យុវជនវ័យ ២៣ឆ្នាំនៅ ឆ្នាំថ្មីនេះ បែជាទិញរថយន្ត Volkswagen ស៊េរីឆ្នាំ១៩៧៨ មកធ្វើជាផ្ទះរបស់ខ្លួនទៅវិញ។
នៅក្នុងរថយន្តនោះ មានតែបន្ទះថាមពលពន្លឺព្រះអាទិត្យសម្រាប់ទាញយកថាមពលប្រើក្នុងឡាន គ្រែមួយ និងរបស់របប្រើប្រាស់មួយចំនួនដែលចាំបាច់ប៉ុណ្ណោះ។ រូបគេចម្អិនម្ហូបដោយខ្លួនឯងញ៉ាំនៅក្នុងនោះតែម្ដង។ ការស្នាក់នៅក្នុងរថយន្តនេះ គឺជាក្ដីស្រម៉ៃរបស់សេដ្ឋីវ័យក្មេងរូបនេះតាំងពីក្មេង។ ទោះជាមានលុយច្រើន តែលោកមិនចាយវាយខ្ជះខ្ជាយ ស្របពេលដែលយុវជនភាគច្រើនដែលមានវ័យស្របាលនេះនឹងរីករាយជាមួយនឹងជីវិតស៊ីវីល័យរបស់គេជាមិនខានប្រសិនបើពួកគេមានលុយ ២លានដុល្លារបែបនេះ។
មែនទែនទៅ ការរស់នៅក្នុងរថយន្តនេះ មិនត្រូវបានទម្លាយជាសាធារណៈនោះឡើយ តែវាត្រូវបានបែកធ្លាយបន្ទាប់ពីរូបគេបង្ហោះរូបរថយន្តរបស់គេនៅក្នុង Instagram កាលពីដើមខែមីនា ឆ្នាំ២០១៦កន្លងទៅ។
ជាទូទៅ កីឡាករវាយកូនបាល់ភាគច្រើនស្នាក់នៅក្នុងសណ្ឋាគារថ្លៃ ប៉ុន្តែសម្រាប់ Norris គឺស្នាក់នៅក្នុងសណ្ឋាគារចល័តជើងបួននេះទៅវិញ។
ការមិនរស់នៅក្នុងភាពហឺហានេះ គឺបានយករឿងជីវិតកាលពីនៅក្មេងរបស់លោកមកផ្សារភ្ជាប់។ លោកបានថ្លែងប្រាប់ទូរទស្សន៍នៅអាមេរិកមួយថា ៖«ខ្ញុំលូតលាស់ក្នុងជីវិតដ៏សាមញ្ញមួយ ហើយខ្ញុំដឹងថា ការប្រឡូកខ្លួននៅក្នុងកីឡាវាយកូនបាល់គឺជាការសាកល្បងមួយ។ នៅក្នុងគំនិតខ្ញុំ ខ្ញុំគ្មានតម្រូវការភាពស៊ីវីល័យនោះទេ»។ លោក បានថ្លែងប្រាប់ប្រភពដដែលថា ៖«ខ្ញុំពេញចិត្តជីវិតបែបនេះ។ នៅពេលខ្ញុំនៅក្មេងគឺ ឪពុកខ្ញុំមានហាងលក់កង់មួយ ដែលនោះហើយជាប្រភពចំណូលសម្រាប់គ្រួសារយើង។ យើងត្រូវតែរៀនមើលថែខ្លួនឯង ហើយត្រូវប្រើប្រាស់ឱ្យបានយូរអង្វែងនូវអ្វីដែលអ្នកមាន»។ សូមទស្សនាវីដេអូខ្លី៖