ព្រឹកម៉ោង ២ថ្ងៃ ៥ និង ៩មករា មានការចល័ត យោធភណ្ឌនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
យោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញដែលចុះថ្ងៃទី៤ ខែមករា នេះបានឱ្យដឹងថា នឹងមានការចល័តយោធភណ្ឌ របស់កងយោធពលខេមរភូមិន្ទនៅថ្ងៃទី៥ និងទី៩ ខែមករា ឆ្នាំ២០១៧ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
យោងតាមសេចក្ដីជូនដំណឹងដដែលបានឱ្យដឹងបន្ថែមទៀតថា ការចល័តយោធភណ្ឌនេះ គឺធ្វើឡើងក្នុងគោលដៅរៀបចំកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវា ៧មករា និងប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជានាថ្ងៃទី ៦ ដល់ថ្ងៃទី ៨ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
យោធភណ្ឌដែលនឹងចល័តនោះរួមមាន រថពាសដែក ២គ្រឿង និងរថយន្តយោធា ១៥គ្រឿងដោយត្រូវធ្វើដំណើរចេញពីកងពលតូចអន្តរាគមន៍លេខ ៧០ ឆ្ពោះទៅកាន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រឆ្លងកាត់ផ្លូវជាតិលេខ ៣ផ្លូវវេងស្រេង មហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតិរវិធីសុធារសដែលការចល័តចូលនឹងធ្វើឡើងនៅថ្ងៃទី៥ មករា ម៉ោង ២ព្រឹក និងចល័តចេញវិញនៅម៉ោង ២ព្រឹកថ្ងៃទី៩ ខែមករា៕