មហាសេដ្ឋីអាមេរិក លោកBill Gates៖ «ព្យាយាមប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ មានន័យស្មើនឹងមើលងាយខ្លួនឯង»
មានមនុស្សច្រើនណាស់ដែលតែងស្ដីបន្ទោសខ្លួនថា កើតមកមិនបានការ គ្មានសមត្ថភាព ឬអត់ប្រយោជន៍ជាដើម ក្រោយពេលព្យាយាមប្រៀបធៀបខ្លួនឯងជាមួយនឹងមនុស្សអស្ចារ្យមួយចំនួន។ ការប្រៀបធៀបនេះ មិនមែនធ្វើឡើងក្នុងន័យដើម្បីស្វែងរកចំណុចខ្សោយរបស់ខ្លួននោះទេ តែវាជាការធ្វើឡើងហាក់ដូចជា បញ្ចប់សេចក្ដីសង្ឃឹមក្នុងជីវិតរបស់ខ្លួនទៅវិញ។ ទាក់ទងនឹងការប្រៀបធៀបដែលនាំមកនូវផលអវិជ្ជមានបែបនេះ ត្រូវបានលោក Bill Gates ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាមហាសេដ្ឋីអាមេរិក បានលើកជាគតិថា៖ « កុំប្រៀបធៀបខ្លួនឯង ជាមួយនរណាម្នាក់ក្នុងពិភពលោកនេះឲ្យសោះ ព្រោះបើធ្វើដូច្នេះ អ្នកកំពុងមើលងាយខ្លួនឯង»។ តាមពិតទៅ មនុស្សម្នាក់ៗសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ប៉ុន្តែអ្វីដែលបញ្ហានោះ គឺថា ភាគច្រើនពួកមិនទាន់ស្គាល់ពីចំណុចពិសេសរបស់ខ្លួន តែបែរជាព្យាយាមចម្លង ឬ ចង់ធ្វើឲ្យដូចបុគ្គលជោគជ័យមួយចំនួនមួយរយភាគរយទៅវិញ។ ហេតុដូច្នេះហើយបានជា គ្មានលទ្ធផលល្អកើតឡើង ក្រៅពីធ្វើឲ្យចិត្តកាន់តែស្មុគស្មាញ ព្រោះថា ពួកគេធ្វើខុសពីលក្ខណៈពិសេសពីធម្មជាតិរបស់ខ្លួន៕
ដោយ៖ រតនា វិចិត្រ