អ្នកប្រាជ្ញក្រិក លោកSophocles៖ «គ្មានភាពជោគជ័យណា ដែលមិនកើតចេញពីការប្រឹងប្រែងនោះទេ»
មនុស្សគ្រប់គ្នាសុទ្ធតែប្រាថ្នាភាពជោគជ័យក្នុងជីវិត។ ប៉ុន្តែមិនមែនមានន័យថា អ្នកទាំងនោះអាចក្លាយជាមនុស្សជោគជ័យ និង សាងភាពអស្ចារ្យក្នុងជីវិតបាននោះទេ។ ចំពោះអ្នកខ្លះ តែងចង់បានភាពជោគជ័យ ប៉ុន្តែមិនដែលខិតខំធ្វើការអ្វីនោះទេ អ៊ីចឹងហើយបានជាមិនដែលស្គាល់អ្វីទៅជាភាពជោគជ័យក្នុងជីវិត។
បើតាមលោក Sophoclesអ្នកប្រាជ្ញក្រិក បានលើកឡើងថា៖ «គ្មានភាពជោគជ័យណា ដែលមិនកើតចេញពីការខិតខំយ៉ាងលំបាកនោះទេ»។ ក្នុងន័យនេះបញ្ជាក់យ៉ាងច្បាស់ថា បើយើងចង់បានភាពជោគជ័យក្នុងជីវិត គឺត្រូវតែខិតខំធ្វើការឲ្យអស់ពីលទ្ធភាព ព្រោះរាល់ភាពជោគជ័យទាំងអស់ មិនអាចកើតឡើងតាមរយៈការបន់ស្រន់នោះឡើយ ពោលគឺត្រូវចេញសកម្មភាព ហើយព្យាយាមធ្វើវាទោះបីជាលំបាក និង ជួបបញ្ហាច្រើនប៉ុណ្ណាក៏ដោយ។ ដូច្នេះហើយ ត្រូវធ្វើតាំងចិត្តឲ្យមុតមាំហើយដើរឆ្ពោះទៅរកអ្វីដែលអ្នកចង់បាន ហើយធ្វើវាឲ្យអស់ពីលទ្ធភាព នោះភាគរយនៃការទទួលបានជោគជ័យគឺមានខ្ពស់ បើធៀបនឹងការចាំតែអង្គុយបន់ស្រន់ ឬ ប្រាថ្នានេះប្រាថ្នានោះ ដោយគ្មានចេញសកម្មភាពអ្វីទាល់តែសោះ។ បើធ្វើទៅបរាជ័យ វាមិនមែនជារឿងចម្លែក ឬ រឿងអាក្រក់ខ្លាំងក្នុងជីវិតនោះទេ ព្រោះអ្នកអាចរៀនសូត្របានយ៉ាងច្រើនពីវា៕
ដោយ៖ រតនា វិចិត្រ