​​​​ត្រឹម​តែ​ ៤​ថ្ងៃ​​ ផ្សារ​រាត្រី​កុងតឺន័រ​ដំបូង​បង្អស់​នៅ​កម្ពុជា​ ត្រូវ​បានជួល​អស់​​ជាង​ ​​៩០​%​ ហើយ​



ផ្សាររាត្រីកុងតឺន័រដំបូងបង្អស់នៅកម្ពុជារបស់ក្រុមហ៊ុន Skyland ដែលប្រកាសបើកដំណើរការនៅដើមឆ្នាំក្រោយ ត្រូវបានកក់&ជួលអស់ប្រមាណ ៩០%ហើយ បើយោងតាមប្រធានផ្នែកលក់ក្រុមហ៊ុនខាងលើថ្លែងប្រាប់ BizKhmer។ លោក ឃួន សុភ័ក្រ ប្រធានផ្នែកលក់ក្រុមហ៊ុន Skyland ដែលជាម្ចាស់គម្រោងផ្សាររាត្រីខាងលើ បានថ្លែងថា ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃ គម្រោងផ្សាររាត្រីកុងតឺន័រនេះត្រូវបានអតិថិជនកក់អស់ជាង ៩០% ខណៈជិត ១០%ទៀតនឹងកក់អស់ឆាប់ៗនាពេលខាងមុខនេះ។ លោក សុភ័ក្រ បន្ថែមទៀតថា ដោយមើលឃើញទស្សនទានអាជីវកម្មដ៏ជោគជ័យនៅប្រទេសថៃ ក្រុមហ៊ុនក៏សម្រេចចិត្តចាប់ផ្ដើមគម្រោងនេះឡើងជាលើកដំបូងនៅកម្ពុជា ជាមួយនឹងកុងតឺន័រជាង ៦០ ធ្វើតូបបានជាង ២០០។ ផ្សារកុងតឺន័រដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលក់រាយបែបនេះ គឺដោយសារតែ ជាគំនិតថ្មីនៅកម្ពុជា ហើយតម្លៃធូរថ្លៃ ពោលគឺមួយតូបមានតម្លៃចាប់ពី ៣០០ដុល្លារឡើងទៅប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះកត្តាទីតាំងក៏ជាផ្នែកមួយដ៏ទាក់ទាញដែរព្រោះថា ផ្សាររាត្រីខាងលើគឺស្ថិតនៅទល់មុខអគាររដ្ឋសភាជាតិដែលជាទីតាំងដ៏ពេញនិយមក្បែរមជ្ឈមណ្ឌលកោះពេជ្រ។ លោក សុភ័ក្រ បានបន្តទៀតថា ក្រុមហ៊ុនបានបែងចែកផ្សាររាត្រីនេះជាបីតំបន់ គឺ តំបន់ ផលិតផលអាហារ តំបន់ Pub និងជាតំបន់លក់វត្ថុអនុស្សាវរីយ៍។ Skyland រំពឹងថា ផ្សាររាត្រីនេះ នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន៕ អត្ថបទ៖ សីហា
X
5s