មហាសេដ្ឋីចិនលោក ចេក ម៉ា៖ «រឿងសំខាន់បំផុតដែលអ្នកគួរមាន គឺការអត់ធ្មត់»
មិនថា មនុស្សមានចំណេះដឹង និង ភាពវៃឆ្លាតប៉ុណ្ណានោះទេ ការសម្រេចភាពជោគជ័យគឺមិនងាយនឹងកើតឡើងឡើយ ប្រសិនបើពួកគេខ្វះការអត់ធ្មត់។ ការអត់ធ្មត់ គឺជាចំណុចសំខាន់បំផុត សម្រាប់មនុស្សគ្រប់គ្នា ហើយក៏ជាចំណុចដែលគ្រប់គ្នាពិបាកក្នុងការធ្វើផងដែរ ក្នុងស្ថានភាពមួយចំនួន។
បើតាម មហាសេដ្ឋីចិនលោក ចេក ម៉ា បានផ្ដល់ជាគំនិតមួយថា៖ «រឿងសំខាន់បំផុតដែលអ្នកគួរមាន គឺការអត់ធ្មត់»។ មហាសេដ្ឋីចិនរូបនេះ ចង់បញ្ជាក់ថា មនុស្សដែលគ្មានការអត់ធ្មត់ គឺមិនងាយនឹងសម្រេចកិច្ចការធំបាននោះឡើយ ព្រោះកិច្ចការធំក៏ត្រូវទាមទារឲ្យមនុស្សមានការអត់ធ្មត់ធំដែរ បើមិនដូច្នោះទេ ពួកគេប្រាកដជា សម្រេចចិត្តបោះបង់ចោលមិនខាន។
ជាក់ស្តែកក្នុងជីវិតជំនួញរបស់លោក ចេក ម៉ា ប្រសិនណាលោកគ្មានការអត់ធ្មត់ទេ ប្រហែលមិនអាចក្លាយជាមហាសេដ្ឋីនៃក្រុមហ៊ុនAlibaba ដូចបច្ចុប្បន្ននោះទេ ព្រោះដំណាក់កាលដំបូងៗនៃការដំណើរការក្រុមហ៊ុន លោកគ្មានទទួលបានចំណូលអ្វីជាដុំកំភួននោះទេ ប៉ុន្តែដោយសារការអត់ធ្មត់ ទើបធ្វើឲ្យលោកមានថ្ងៃនេះ។
មនុស្សជាច្រើនបានខិតខំធ្វើការយ៉ាងខ្លាំង ក្នុងគោលបំណងដើម្បីសម្រេចតាមការប្រាថ្នារបស់ខ្លួន ហើយករណីខ្លះពួកគេស្ទើរតែសម្រេចទៅហើយ ឬ អាចនិយាយបានថា ខ្វះតែមួយភាគរយទៀតដល់គោលដៅ តែដោយសារខ្វះការអត់ធ្មត់ ពួកគេក៏សម្រេចចិត្តបោះបង់ ដែលធ្វើឲ្យការខិតខំប្រឹងប្រែងកន្លងមកប្រែជាគ្មានន័យទាំងអស់។ ដូច្នេះហើយ នេះគឺជាមេរៀនសំខាន់មួយដែលអ្នកគួររៀនសូត្រឲ្យបាន។
ត្រូវព្យាយាមអត់ធ្មត់ ចំពោះកិច្ចការដែលអ្នកធ្វើ មានន័យថា បើដាក់ចិត្តថាធ្វើវាឲ្យ សូមកុំត្អូញត្អែរច្រើន ពោលគឺ ត្រូវតែព្យាយាមធ្វើវាឲ្យអស់ពីលទ្ធភាព រហូតដល់ថ្ងៃដែលអ្នកជោគជ័យ៕
ដោយ៖ រតនា វិចិត្រ