​គន្លឹះ​ទាំង​ ៥​នេះ ​​​​នឹង​ជួយ​​​ឲ្យ​ឆ្នាំ​២០១៨​ ​​ក្លាយ​ជា​ចំណុច​ចាប់​​ផ្ដើម​នៃ​ភាព​ជោគជ័យ​ក្នុង​​ជីវិត​របស់​អ្នក​​​​



ឆ្នាំ២០១៨​ នឹងចូលមកដល់ឆាប់ៗនេះហើយ ខណៈគ្រប់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ហើយអ្នកខ្លះកំពុងបួងសួងដើម្បីឲ្យរឿងល្អៗកើតឡើងនៅឆ្នាំថ្មីនេះ។ ការបួងសួងមិនខុសនោះទេ ប៉ុន្តែអ្នកក៏ត្រូវមានផែនការ ឬ គម្រោងច្បាស់លាស់ផងដែរ ដើម្បីប្រាកដថា អ្វីៗនឹងសម្រេចតាមការប្រាថ្នារបស់អ្នក។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗ ដើម្បីជួយឲ្យអ្នកចាប់ផ្ដើមក្លាយជាបុគ្គលជោគជ័យ ចាប់ពីឆ្នាំ២០១៨ តទៅ៖ ១) ចំណាយដោយឆ្លាតវៃ៖ ត្រូវចាំថា លុយ និង មនុស្សគឺមិនដែលនៅជាមួយគ្នាបានយូរនោះទេ ព្រោះរាល់ពេលដែលមានលុយក្នុងហោប៉ៅ គ្រប់គ្នាចេះតែចង់ចាយ។ ការចាយវាយគឺជារឿងចៀសមិនផុត ប៉ុន្តែអ្នកគួរតែចាយដោយឆ្លាតវៃ មានន័យថា មិនត្រូវទិញអ្វីដែលមិនចាំបាច់នោះទេ ។ អ្នកគួរតែកាត់បន្ថយការទទួលទានការហ្វេនៅហាងថ្លៃៗ តែអាចទិញកាហ្វេមកឆុងខ្លួនឯងវិញ។ ចំណែកសំលៀកបំពាក់វិញ សូមកុំខ្ជះខ្ជាយលុយច្រើនពេកទៅទិញវា ពោលគឺអ្នកគួរតែរើសយកប្រភេទសំលៀកបំពាក់ណាដែលមានតម្លៃសមរម្យ ហើយសមទៅនឹងការប្រើប្រាស់ក្នុងស្ថានភាពជាក់ស្ដែងគឺជាការស្រេច។ការធ្វើបែបនេះ គឺពិតជាជួយសន្សំសំចៃខ្លាំងណាស់សម្រាប់លោកអ្នក។ ទាំងនេះ គ្រាន់តែជាឧទាហរណ៍ខ្លីៗប៉ុណ្ណោះ ដូច្នេះអ្នកអាចប្រើគំនិតគោលនេះ ដើម្បីអនុវត្តជាប្រយោជន៍សម្រាប់ខ្លួនឯងក្នុងស្ថានភាពជាក់ស្ដែង។ ២) អានសៀវភៅជាប្រចាំ៖ សៀវភៅគឺជាឃ្លាំងគំនិត ដែលអ្នកអាចទទួលបានតាមរយៈការអាន។ ត្រូវចាំថា ទម្រាំតែអាចនិពន្ធសៀវភៅបានមួយក្បាល អ្នកនិពន្ធបានចំណាយពេលវេលាស្រាវជ្រាវ និង គិតយ៉ាងយូរ។ ដូច្នេះហើយ អ្នកគ្រាន់តែចំណាយពេលវេលាខ្លីសមល្មមសោះ តែអាចទទួលបាននូវចំណេះដឹងយ៉ាងច្រើន ដែលមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍខ្លួននៅពេលខាងមុខ ចុះហេតុអ្វីអ្នកមិនអាន។ ត្រូវចាំថា ស្រលាញ់ការអាន វាមានន័យស្មើនឹង «ស្រលាញ់ការអភិវឌ្ឍខ្លួនទៅមុខ»។ ៣) ត្រូវចាំថា ត្រូវមានផែនការច្បាស់លាស់៖ បើអ្នកបរាជ័យក្នុងការរៀបចំផែនការ វាមានន័យស្មើនឹង «ការរៀបចំផែនការដើម្បីបរាជ័យ»អ៊ីចឹង។ ដូច្នេះ បើអ្នកចង់ក្លាយជាបុគ្គលជោគជ័យក្នុងជីវិត អ្នកត្រូវតែចេះរៀបចំផែនការ ឬ គម្រោងនៃកិច្ចការប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំខែ។ ការរៀបចំផែនការនេះ ជួយឲ្យអ្នកមានផែនទីដ៏ពិសេសមួយក្នុងដៃ ដូច្នេះហើយអ្នកដឹងច្បាស់ថា ខ្លួនត្រូវទៅទៅណា។ ៤) រាប់អានបុគ្គលណាដែលអាចលើកស្ទួយដល់អ្នក៖ ក្នុងលោកនេះ មានមនុស្សច្រើនប្រភេទណាស់ ដូច្នេះហើយអ្នកត្រូវតែមានភាពឆ្លាតវៃក្នុងការរាប់អាន មនុស្ស។ បើរាប់អានមនុស្សមិនល្អនោះអ្នកនឹងក្លាយជាមនុស្សមិនល្អដែរ ប៉ុន្តែបើអ្នករាប់អានជាមួយមនុស្សល្អ ឬ បុគ្គលជោគជ័យ នោះអ្នកនឹងក្លាយជាមនុស្សជោគជ័យដែរ។ ដូច្នេះហើយ អ្នកត្រូវតែព្យាយាមរាប់អានជាមួយបុគ្គលទាំងឡាយណា ដែលអាចជួយឲ្យអ្នករីកចម្រើន។ ៥) បណ្ដុះផ្នត់គំនិតជោគជ័យក្នុងខ្លួន៖ ការគិតគឺពិតជាសំខាន់ណាស់បើអ្នកគិតថា ខ្លួនមិនកើត ឬខ្លួនអត់ប្រយោជន៍នោះ អ្នកនឹងក្លាយជាមនុស្សប្រភេទនោះ តែបើអ្នកគិតថា ខ្លួនឯងកើតមកគឺដើម្បីក្លាយជាមនុស្សអស្ចារ្យម្នាក់ ប្រាកដណាស់ថា មិនយូរមិនឆាប់ អ្នកនឹងជោគជ័យមិនខាន ទោះបីជាវាមិនមែនជារឿងងាយស្រួលក៏ដោយ។ ដូច្នេះហើយត្រូវព្យាយាមបណ្ដុះផ្នត់គំនិតជោគជ័យក្នុងខ្លួន ដោយព្យាយាមមើលអ្វីៗក្នុងផ្លូវវិជ្ជមាន ហើយព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីសម្រេចវាឲ្យបាន៕ ដោយ៖ រតនា វិចិត្រ  
X
5s