៧ជំហានដែលត្រូវធ្វើ ដើម្បី «បំពេញការងារប្រកបដោយថាមពលនៅពេលព្រឹក»
ពេលព្រឹកព្រលឹម ជាពេលវេលាល្អបំផុតដែលអាចបំពេញកិច្ចការងារបានប្រកបដោយថាមពលសម្រាប់មនុស្សភាគច្រើន។ ក៏ប៉ុន្តែមិនប្រាកដថា មនុស្សភាគច្រើនអាចធ្វើការប្រកបដោយផលិតភាពរាល់ព្រឹកនោះទេ។ ខាងក្រោមនេះជាវិធី ធ្វើឱ្យអ្នកបំពេញការងារបានប្រកបដោយថាមពលបាន៖
១) ពិនិត្យមើលថាមពលជាជាងពេលវេលា បើអ្នកចំណាយពេលគិតពីចំណុចនេះបន្តិច អ្នកប្រហែលជាដឹងថា អ្នកមានភាពល្អប្រសើរជាងមុនក្នុងការបំពេញការងារ។ នៅពេលក្រោកពីដំណេក មនុស្សយើងមានអារម្មណ៍ល្អដូច្នេះគេអាចមើលមេរៀន ឬក៏សិក្សាអ្វីមួយងាយយល់ និងចង់ចាំបានល្អ ហើយចូរគិតពីសុខភាពផងដែរ ដោយធ្វើការហាត់ប្រាណដើម្បីបង្កើនថាមពលសុខភាពរបស់អ្នក។
២) ត្រៀមអ្វីត្រូវធ្វើនៅពេលយប់ជាមុន អ្នកមិនចាំធ្វើប្រការនេះឲ្យបានរាល់ថ្ងៃពេកទេ គឺគ្រាន់តែថានៅពេលអ្នកមានអ្វីត្រូវធ្វើនៅថ្ងៃស្អែកជាចាំបាច់នោះ អ្នកគួរចំណាយពេលប្រហែល ១០នាទីរៀបចំកិច្ចការនោះសម្រាប់ពេលយប់។ បើចាំដល់ព្រឹកស្អែក អ្នកប្រហែលជាចំណាយពេលច្រើនម៉ោងដើម្បីធ្វើកិច្ចការនោះ។
៣) បិទទូរស័ព្ទហើយយកទៅទុកនៅបន្ទប់ផ្សេង ប្រការនេះគឺចង់ឲ្យលោកអ្នកកុំនឹកចង់ឆែកមើលអត្ថបទសារ Facebook ឬ Twitter និងអ្វីផ្សេងទៀតនៅក្នុងម៉ោងពេលធ្វើការងារជាពេលវេលាដែលអ្នកបែងចែកឲ្យច្បាស់នៅក្នុងការបំពេញការងារអ្នកឲ្យមានន័យ។
៤) ធ្វើការនៅកន្លែងត្រជាក់ នៅត្រង់ចំណុចនេះ គឺស្ទើរតែគ្រប់គ្នាតែងតែប្រាថ្នាចង់បាន។ ព្រោះធ្វើការនៅកន្លែងត្រជាក់គឺមានផាសុកភាពស្រួលជាងនៅកន្លែងក្ដៅ តែកុំឲ្យត្រជាក់ពេក។ ក្ដៅពេកធ្វើឲ្យថប់អារម្មណ៍ តែបើត្រជាក់ពេកក៏ធ្វើឲ្យស្ពឹកដៃជើងដែរ។
៥) កុំព្យាយាមអង្គុយយូរពេក ចំណុចនេះងាយយល់ខ្លាំងណាស់ ព្រោះថា បើយើងអង្គុយយូរពេក វានាំឲ្យស្លាក់ ស្ពឹកស្រពន់ ឬមិនចេញខ្យល់ជាដើម។ ដូច្នេះយកល្អ គួរតែក្រោកដើរ ឬឈររលាស់ដៃជើងដើម្បីសម្រួលអារម្មណ៍ និងខ្យល់អុកស៊ីហ្សែន។
៦) ទទួលយករសជាតិល្អៗដើម្បីការងារ អ្នកគួរតែទទួលទានអាហារដែលមានសារជាតិគ្រប់គ្រាន់នៅពេលព្រឹកដើម្បីធ្វើឲ្យខួរក្បាលអ្នកគិតពីការងារបានល្អប្រសើរ។ អាហារពេលព្រឹកជាចំណែកដ៏សំខាន់មួយចំពោះខួរក្បាលយើង ព្រោះខួរក្បាលយើងធ្វើចលនាគ្រប់ពេល។
៧) បង្កើនទម្លាប់ធ្វើអ្វីម្យ៉ាងមុនចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក មនុស្សម្នាក់ៗមានទម្លាប់ធ្វើអ្វីមួយផ្សេងៗគ្នានៅពេលព្រឹក។ អ្នកខ្លះមានទម្លាប់ហូបទឹកមួយកែវ អ្នកខ្លះទៀតចូលចិត្តហាត់ប្រាណប្រមូលអារម្មណ៍ធ្វើសមាធិ រីឯអ្នកផ្សេងទៀតមានចំណូលចិត្តលេងហ្គេមដើម្បីបង្កើនគំនិតនិងភាពឆ្លាតវៃរបស់ពួកគេ។
ទោះយ៉ាងណា យុទ្ធសាស្ត្រទាំង៧ខាងលើនេះមិនអាចកើតឡើងស្របគ្នាបានទេ គឺវាគ្រាន់តែជាការថ្លឹងថ្លែងមើលរៀងរាល់ព្រឹកថាតើ អ្នកសម្រេចបានថ្ងៃទាំងស្រុងរបស់អ្នកឬយ៉ាងណាប៉ុណ្ណោះ។ នេះជាឱកាសដែលជារឿយៗធ្វើការកំណត់ពីជីវិតដែលយើងរស់នៅ សុខភាពដែលយើងមាន និងការងារដែលបង្កើត៕
ប្រែសម្រួល៖ សីហា