មេរៀនជីវិតសំខាន់ៗ ២យ៉ាងដែលអ្នកអាចរៀនសូត្រពីបុគ្គលជោគជ័យ
ដើម្បីឆ្ពោះទៅដល់គោលដៅក្នុងជីវិតប្រកបដោយភាពជោគជ័យ ដែលគួរជាទីមោទនភាពរបស់អ្នក ការវង្វេងផ្លូវ ស្នាមរបួសពីការបរាជ័យ ភាពអស់សង្ឃឹម និងការបាត់បង់ជំនឿទុកចិត្តមកលើខ្លួនឯង តែងរមែងកើតមានឡើងចំពោះបុគ្គលដែលមានឆន្ទៈក្លាហានពិតប្រាកដចេញទៅសម្រេចនូវមហិច្ឆតាសម្រាប់ជីវិតរបស់ខ្លួន ជាជាងដេកចាំព្រេងសំណាងធ្លាក់មកពីលើមេឃមកជួយជីវិតពួកគេឲ្យល្អប្រសើរ។
បើអ្នកកំពុងជួបនឹងឧបសគ្គនៅលើដំណើរផ្លូវដើររបស់អ្នក អ្នកមិនត្រូវបោះបង់ឆន្ទៈក្លាហានរបស់អ្នកនោះឡើយ នៅពីក្រោយភាពជោគជ័យរបស់បុគ្គលម្នាក់ សុទ្ធតែជាស្នាមដាននៃភាពបរាជ័យ និងបទពិសោធន៍ជូរចត់ដែលនឹកស្មានមកដល់។ អ្វីដែលសំខាន់នៅក្នុងជីវិត គឺមិនមែនជាភាពបរាជ័យរបស់អ្នកនោះទេ តែជាការណ៍ដែលអ្នកសួរខ្លួនឯងថាតើអ្នកនឹងដោះស្រាយបែបណាជាមួយវា ? និងថាតើអ្នកនឹងធ្វើអ្វីខ្លះដើម្បីឲ្យមានការផ្លាស់ប្ដូរ ? មេរៀន២យ៉ាងខាងក្រោមនេះ គឺជាមេរៀនជីវិតដ៏សំខាន់ពីបុគ្គលជោគជ័យដែលអ្នកយកទៅរៀនសូត្រ៖
១) ភាពបរាជ័យតែងមកជាគូរទន្ទឹមគ្នានឹងភាពជោគជ័យ (Failure Vs Success)
សមិទ្ធផលដែលអាចបង្កបង្កើតបានមកដោយគ្មានស្នាមបាក់បែក និងប្រេះស្រាំពីអតីតកាលមក តើភាពជោគជ័យបែបនេះនឹងមានអត្ថន័យអ្វីទេសម្រាប់ជាការចងចាំដែលមិនអាចបំភ្លេចបានរបស់អ្នក និងមនុស្សដទៃទៀត ? នៅពេលដែលអ្នកអាចឆ្លងកាត់ការលំបាកនានានៅក្នុងជីវិត ហើយនៅតែមានភាពរឹងមាំ និងសេចក្ដីក្លាហានក្រោកឈរឡើងប្រយុទ្ធនឹងឧបសគ្គមករារាំងដំណើរឆ្ពោះទៅរកគោលដៅ ដោយបដិសេធនូវការឆ្លើយតបទៅវាវិញនូវសេចក្ដីចុះចាញ់ នោះជោគជ័យដែលទទួលបានមកនឹងមានតម្លៃនៅក្នុងជីវិតរបស់អ្នកបំផុត សំខាន់តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីបង្កើតឲ្យមានការផ្លាស់ប្ដូរជាមួយនឹងអ្វីដែលអ្នកកំពុងប្រឈម។
២) មានភាពសុទិដ្ឋិនិយមចំពោះខ្លួនឯង (Positive Mindset)
នៅក្នុងដំណើរជីវិតនៃការចេញទៅសម្រេចគោលដៅប្រចាំជីវិត អ្នកនឹងចៀសមិនផុតឡើយពីមនុស្សទាំងឡាយដែលមិនមានភាពជឿជាក់លើអ្នក បដិសេធមិនផ្ដល់ឱកាសដល់អ្នក និងមនុស្សដែលចាំតែជាន់ពន្លិចអ្នកឲ្យនៅក្រោមពួកគេជានិច្ច យ៉ាងណាមិញ មនុស្សប្រភេទនេះ មិនសាកសមជាហេតុផលដែលអ្នកត្រូវទោរទន់អារម្មណ៍តាម ហើយបោះបង់ក្ដីស្រមៃរបស់ខ្លួនក្នុងការបញ្ចេញនូវភាពអស្ចារ្យរបស់អ្នកទៅកាន់ពិភពលោកនោះឡើយ។ អ្នកត្រូវមានភាពជឿជាក់លើខ្លួនឯង ហើយពង្រឹងនូវភាពជឿជាក់របស់អ្នកឲ្យមានឥទ្ធិពល ដើម្បីបញ្ជាក់ពួកគេថាអ្វីដែលពួកគេយល់ឃើញទៅលើអ្នកគឺជារឿងខុស៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ eblogfa