តើ​អ្នក​ឆ្ងល់​ទេ​ថា ​​ហេតុ​អ្វី​​បុគ្គល​ជោគជ័យ​ក្នុង​លោក​ ​​ភាគ​ច្រើន​តែង​ស្លៀក​សំលៀកបំពាក់​ដដែលៗ​ជា​ប្រចាំ ?​



ស្របពេលដែលពិភពលោកនៃសង្គមសម័យទំនើបនាពេលបច្ចុប្បន្ន បានឲ្យតម្លៃជាខ្លាំងទៅលើរបៀបនៃការស្លៀកពាក់របស់មនុស្សម្នាក់ៗ ជាពិសេសនៅក្នុងកាលៈទេសៈសំខាន់ៗ ថាវាជាគ្រឿងសម្គាល់ម្យ៉ាង ដែលបង្ហាញពីគំនិតខាងក្នុងរបស់មនុស្សម្នាក់ៗ និងភាពច្នៃប្រឌិតរបស់ពួកគេផងនោះ បានធ្វើឲ្យគំនិតនៃការជ្រើសរើសសំលៀកបំពាក់ដដែលៗសម្រាប់ស្លៀកពាក់ជាប្រចាំរបស់បុគ្គលជោគជ័យ មានការមិនយល់ស្របគ្នានឹងគំនិតរបស់មនុស្សភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុសំខាន់ៗដែលនាំឲ្យបុគ្គលជោគជ័យប្រកាន់យកផ្នត់គំនិតបែបនេះទៅលើការស្លៀកពាក់មានដូចជា៖

១) ជួយសន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយឥតប្រយោជន៍៖ ជារៀងរាល់ព្រឹក អ្នកតែងចំណាយពេលទៅលើការសម្រេចចិត្តថាគួរស្លៀកសំលៀកបំពាក់បែបណា ហើយអ្នកប្រហែលជាមិនចាប់អារម្មណ៍នោះទេ ប៉ុន្តែការណ៍ដែលអ្នកយកចិត្តទុកដាក់ទៅលើជម្រើសនៃការស្លៀកពាក់ បានធ្វើឲ្យអ្នកខាតបង់ពេលវេលាមួយភាគដែលអ្នកអាចយកពេលវេលាដ៏មានតម្លៃនេះ ទៅបំពេញកិច្ចការសំខាន់ផ្សេងទៀតដែលរួមចំណែកទៅដល់ភាគជោគជ័យដ៏ធំរបស់អ្នក។ ម្យ៉ាងវិញទៀត ដើម្បីបំពេញទៅតាមស្ថានភាពផ្សេងៗដែលតម្រូវលើរបៀបស្លៀកពាក់របស់អ្នក អ្នកបានចំណាយប្រាក់យ៉ាងច្រើនទិញសំលៀកបំពាក់ថ្លៃៗ លើសពីភាពចាំបាច់ និងតម្រូវការជាក់ស្ដែងរបស់ខ្លួន ដែលអ្នកអាចនឹងប្រើម្ដងឬពីរដងហើយនឹងទុកវាចោល ដែលបែបនេះចាត់ទុកជាការខ្ជះខ្ជាយយ៉ាងឥតប្រយោជន៍មួយ។

២)  ជម្រុះចោលនូវការធ្វើការសម្រេចចិត្ត៖ ទំនួលខុសត្រូវជាច្រើនទៅលើកិច្ចការមិនថាជានៅកន្លែងធ្វើការ និងជីវិតផ្ទាល់ខ្លួននោះទេ បានផ្ដល់ឲ្យអ្នកនូវរឿងជាច្រើនដែលចាំបាច់ឲ្យអ្នកធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ។ ដោយឡែក នៅពេលអ្នកបានយកពេលវេលាដ៏មានតម្លៃ និងមានកំណត់របស់ខ្លួន ចំណាយលើការសម្រេចចិត្តជ្រើសរើសសំលៀកបំពាក់បែបណានោះ វាធ្វើឲ្យអ្នកទទួលការរំខាន បង្កើតនូវអារម្មណ៍ស្មុគស្មាញ ខ្វាយខ្វល់ថាខ្លួនស្លៀកពាក់សមរម្យឬនៅ ត្រូវតាមកាលៈទេសៈឬអត់ ដែលធ្វើឲ្យអ្នកមិនបានផ្ដោតទៅលើភាពសំខាន់នៃកិច្ចការរបស់ខ្លួនយ៉ាងពេញទំហឹងទៅវិញ។ ហេតុនេះ នៅពេលអ្នកបានជម្រុះការសម្រេចចិត្តរបស់អ្នកទៅលើរឿងឥតប្រយោជន៍ជាប្រចាំថ្ងៃមួយចេញហើយ អ្នកនឹងមានថាមពលផ្ដោតការយកចិត្តទុកដាក់ទៅលើកិច្ចការសំខាន់ដទៃៗទៀតមិនខាន។

៣)  ជួយដោះស្រាយបញ្ហាក្នុងការត្រូវថែទាំទុកដាក់សំលៀកបំពាក់និងភាពមានសណ្ដាប់ធ្នាប់បានប្រសើរជាងមុន៖ ការមានសំលៀកបំពាក់ច្រើនមានន័យដូចគ្នាទៅនឹងការត្រូវចំណាយពេលវេលា និងថាមពលច្រើនទៅលើការថែទាំទុកដាក់វា ដែលអ្នកដឹងរួចស្រាប់ដោយខ្លួនឯងទៅហើយថា មួយថ្ងៃៗអ្នកមានកិច្ចការច្រើនប៉ុណ្ណាដែលត្រូវទទួលខុសត្រូវ ដូច្នេះអ្នកប្រហែលជាមិនចង់មកបង្ខាតពេលវេលារបស់ខ្លួនចំណាយលើការទិញសំលៀកបំពាក់ជាច្រើន និងត្រូវថែទាំវានោះទេ។ ជម្រើសស្លៀកពាក់មានច្រើន ក៏មិនខុសពីការគិតដែលគ្មានសណ្ដាប់ធ្នាប់ និងគ្មានរបៀបរៀបរយរបស់អ្នកនោះដែរ ដោយឡែកនៅពេលអ្នកជ្រើសរើសត្រឹមតែសំលៀកបំពាក់ណាដែលសំខាន់ៗដែលអ្នកត្រូវការជាប្រចាំថ្ងៃតែបន្តិចបន្តួច នោះការគិតរបស់អ្នកនឹងមានភាពស្ងប់ និងស្ថិតនៅក្រោមការគ្រប់គ្រងបានល្អជាងមុន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack

X
5s