បើ​មាន​ចំណុច​៣​នេះ ​បញ្ជាក់​ថា​ ​​អ្នក​​​​ធ្វើ​ល្អ​បំផុត​ហើយ​នៅ​​ឆ្នំា​២០១៦​នេះ ទោះ​អ្នក​មិន​គិត​បែប​នេះ​ក្ដី​



នៅសល់មិនដល់ប៉ុន្មានថ្ងៃនោះទេ រយៈពេលមួយឆ្នាំនៃឆ្នាំ២០១៦បានត្រៀមនឹងកន្លងផុតទៅហើយ។ នៅពេលសម្លឹងមើលថយក្រោយចំពោះជីវិតខ្លួន អ្នកឃើញសមិទ្ធផលទាំងឡាយដែលខ្លួនបានខិតខំប្រឹងប្រែងសាងឡើងនៅក្នុងជីវិត វាក៏ស្រាប់តែបង្កនូវអារម្មណ៍មានសេចក្ដីសុខឡើងមកនៅក្នុងចិត្ត ប៉ុន្តែនៅពេលអ្នកសម្លឹងឃើញកំហុសឆ្គងដែលនាំឲ្យកើតភាពបរាជ័យ ការមិនបានចេញទៅចាប់យកឧកាសសម្រាប់ភាពល្អប្រសើរនៃជីវិត នៅពេលនោះ អារម្មណ៍នៃភាពវិប្បដិសារីក៏លេចចេញមក។ អ្នកកើតក្ដីខ្វល់ខ្វាយ បង្កើតសេចក្ដីទុក្ខមកដោយខ្លួនឯង អ្នកមិនអស់ចិត្ត រំពឹងពីជីវិតគួរតែទៅជាបែបនេះ ឬបែបនោះ ប៉ុន្តែអ្នកមិនបានដឹងខ្លួននោះទេ ថាអ្នកបានមើលរំលងពន្លឺដ៏ភ្លឺថ្លាចែងចាំងនៅផ្នែកម្ខាងទៀតនៃជីវិតរបស់អ្នក។ បើអ្នកពិតជាមិនអាចរកឃើញពីរបស់ល្អៗក្នុងជីវិតទេនោះ ដូច្នេះអ្នកអាចចាប់ផ្ដើមដោយសង្កេតមើលពី៣ចំណុចខាងក្រោមនេះ ដើម្បីបញ្ជាក់ថាអ្នកពិតជាបានធ្វើយ៉ាងល្អបំផុតក្នុងរយៈពេលកន្លងមកនេះហើយ៖

១) អ្នកនៅមានជីវិតរស់រានមកដល់ដង្ហើមនេះ៖ ខណៈពេលដែលមនុស្សជាច្រើននាក់នៅជុំវិញពិភពលោក កំពុងប្រឈមមុខនឹងដំណាក់កាលចុងក្រោយនៃជីវិតរបស់ពួកគេក្នុងពេលនេះ ហើយសេចក្ដីស្លាប់កំពុងតែដង្ហោយហៅរកពួកគេ អ្នកគួរតែឲ្យតម្លៃពីជីវិតដែលអ្នកនៅតែបន្តមាននៅពេលនេះ ដែលធ្វើឲ្យអ្នកនៅមានឧកាសសម្រេចនូវក្ដីសុបិនរបស់ខ្លួន មើលឃើញពីភាពអស្ចារ្យ និងភាពស្រស់ស្អាតនៃជីវិត មានផ្ទះសម្បែងដ៏កក់ក្ដៅសម្រាប់ជ្រកកោនដែលផ្ដល់ជាម្លប់នៅរដូវក្ដៅ និងភាពកក់ក្ដៅរដូវត្រជាក់ មានអាហារហូបចុកបរិបូរណ៍ដោយមិនចាំបាច់មានកង្វល់ពីការអត់ឃ្លាន ឬត្រូវប្រព្រឹត្តទង្វើលួចឆក់ប្លន់ដើម្បីបំពេញការស្រេកឃ្លានរបស់ខ្លួន មានមនុស្សជាទីស្រឡាញ់ដែលចាំផ្ដល់ក្ដីស្រឡាញ់ដោយឥតលក្ខខណ្ឌ និងកម្លាំងចិត្តដែលមិនចេះសាបសូន្យដល់អ្នកគ្រប់ពេល តែប៉ុណ្ណឹងគឺវាគ្រប់គ្រាន់សម្រាប់អ្នកណាស់ទៅហើយក្នុងជីវិតនេះ។

២) ទោះជាអ្នកបរាជ័យតែអ្នកនៅតែបន្តដំណើរជីវិតតទៅមុខទៀត៖ អ្នកបានប្រឈមនឹងការបរាជ័យ និងភាពមិនសមតាមបំណងនៅក្នុងជីវិត ប៉ុន្តែជំនួសឲ្យការព្រមចុះចាញ់បោះបង់នូវភាពឧត្ដុង្គឧត្ដមសម្រាប់ជីវិត អ្នកនៅតែក្រោកឈរឡើងវិញ រៀនសូត្រអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឆ្ពោះទៅសម្រេចគោលដៅជីវិតរបស់អ្នកនៅខាងមុខ ដែលនេះបានបញ្ជាក់ថា អ្នកមិនបានឲ្យភាពបរាជ័យនៅក្នុងអតីតកាលមកផ្ដួលរលំអ្នកងាយៗនោះឡើយ។

៣) អ្នកអធ្យាស្រ័យឲ្យអ្នកដទៃ និងខ្លួនឯង៖ នៅក្នុងជីវិត អ្នកនឹងត្រូវជួបប្រសព្វនឹងមនុស្សមួយចំនួនដែលមិនសាកសមនឹងមានវត្តមាននៅក្នុងជីវិតអ្នកនោះឡើយ ប៉ុន្តែនៅពេលអ្នកបានជ្រើសរើសអធ្យាស្រ័យឲ្យពួកគេដោយមិនបង្កជាគំនុំ ឬការសងសឹកតបតរកយុត្តិធម៌ឲ្យសមនឹងអ្វីដែលអ្នកយល់ថាខ្លួនគួរតែទទួលបាន ហើយបន្តដំណើរជីវិតរបស់ខ្លួនពោរពេញដោយក្ដីសុខស្ងប់ក្នុងចិត្តវិញ នោះគឺជាសញ្ញាណដែលចង្អុលបង្ហាញថា ជីវិតរបស់អ្នកមានតម្លៃ និងភាពល្អប្រសើរហើយ។ ម្យ៉ាងទៀត នៅពេលអ្នកបានលើកលែងឲ្យអ្នកដទៃ វាក៏មិនខុសអ្វីពីការលើកលែងរំដោះខ្លួនឯងឲ្យមានសេរីភាព និងរំពឹងតែរឿងល្អៗកើតឡើងនៅក្នុងជីវិតនោះដែរ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack

X
5s