គ្រប់​អាជីវកម្ម​ថ្មីថ្មោង​ទាំង​អស់ ​នឹង​ជោគជ័យ​​​ធំធេង​មិន​ខាន​បើ​មាន​បុគ្គលិក​ទាំង ​៤​ប្រភេទ​នេះ​!​



គ្មានអ្វីដែលនៅឋិតថេររហូតនោះទេ មានតែការផ្លាស់ប្ដូរប៉ុណ្ណោះដែលនៅឋិតថេររហូតនោះ។ ដូចគ្នាទៅនឹងការប្រកួតប្រជែងក្នុងមុខជំនួញទៅលើគំនិតច្នៃប្រឌិតរបស់ខ្លួន យុទ្ធសាស្ត្រពិសេសប្លែកៗ និងទស្សនវិស័យរបស់ក្រុមហ៊ុននីមួយៗ តែងកើតមានឡើងជានិច្ច ក្នុងគោលបំណងបំពេញទៅតាមតម្រូវការអតិថិជន ក៏ដូចជាទីផ្សារសង្គមបច្ចុប្បន្នផងដែរ។ អ្នកតែម្នាក់ឯង ពិតជាមិនអាចសម្រេចគោលដៅនេះឲ្យបានជោគជ័យប្រកបដោយការទទួលស្គាល់ពីមនុស្សជុំវិញខ្លួនបានឡើយ លុះត្រាណាតែអ្នកមានអ្នករួមដំណើរជាមួយដែលសម្លឹងឆ្ពោះទៅសម្រេចគោលដៅនោះរួមគ្នា។ ដូច្នេះ សម្រាប់ការបង្កបង្កើតសមិទ្ធផលដ៏អស្ចារ្យទៅលើទស្សនវិស័យរបស់អ្នក បុគ្គលិកទាំង ៤ប្រភេទខាងក្រោមនេះ គឺជាមនុស្សដែលអ្នកមិនអាចខ្វះបានឡើយ៖

១)  អ្នកចូលចិត្តការប្រកួតប្រជែង៖ ថ្វីត្បិតតែ ការមានអ្នករួមដំណើរទាំងឡាយដែលចាំតែគាំទ្រនូវគំនិតរបស់អ្នក គឺជាការលើកទឹកចិត្តដ៏ល្អមួយសម្រាប់ដំណើរការណ៍ឆ្ពោះទៅរកគោលដៅ ប៉ុន្តែ វានឹងរឹតតែវិសេសវិសាលទៅទៀត ប្រសិនបើអ្នកមានបុគ្គលិកដែលតែងប្រើការគិតរបស់ខ្លួនត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីដំណើរការរបស់ក្រុមហ៊ុន និងការសម្រេចចិត្តសំខាន់ៗផ្សេងៗរបស់ក្រុមហ៊ុន និងលើកឡើងពីគំនិតរបស់ខ្លួន។ ទោះជាបែបនេះ ហាក់បីដូចជាបង្កឲ្យមានការខ្វែងគំនិតគ្នាមែន ប៉ុន្តែអ្នកត្រូវចាំថាការសម្រេចចិត្តរបស់អ្នក មិនប្រាកដថាបានគិតសព្វគ្រប់ជ្រុងជ្រោយគ្រប់ពេលនោះទេ ដូច្នេះ បុគ្គលិកប្រភេទនេះ ពិតជាមានភាពសំខាន់សម្រាប់អាជីវកម្មថ្មីថ្មោងរបស់អ្នកណាស់។

២)  មនុស្សសុទិដ្ឋិនិយម៖ ហេតុការណ៍មិនសមតាមបំណង និងការបរាជ័យនានា តែងកើតមានឡើងដោយមិនអាចចៀសបានសម្រាប់ការធ្វើអាជីវកម្ម ហើយនៅពេលលទ្ធផលមិនល្អបែបនេះលេចឡើងមក មិនថាអ្នក និងបុគ្គលិកដទៃៗទៀតនោះទេ ការបាត់បង់កម្លាំងចិត្តក៏នឹងបង្ហាញឲ្យឃើញនៅក្នុងជម្រៅចិត្តពួកគេដូចគ្នា ដែលនេះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងាររបស់ពួកគេ។ នៅពេលនោះហើយ បុគ្គលិកដែលមានភាពសុទិដ្ឋិនិយម នឹងក្លាយជាមនុស្សដែលតែងមើលឃើញពីពន្លឺដ៏ស្រស់ស្អាតនៅក្នុងភាពងងឹតនៃស្ថានភាពអាក្រក់ណាមួយ ហើយលើកទឹកចិត្តអ្នករួមការងារដទៃទៀត ឲ្យមានចិត្តពុះពារបន្តដំណើរទៅមុខទៀតយ៉ាងតស៊ូស្វិតស្វាញ។

៣)  អ្នកធ្វើការបានជាច្រើនមុខក្នុងពេលតែមួយ៖ បុគ្គលិកប្រភេទនេះ នឹងក្លាយជាកត្តាជំរុញមួយដ៏សំខាន់ក្នុងការសម្រេចគោលដៅរបស់ក្រុមហ៊ុនឲ្យបានជោគជ័យ។ ពួកគេ អាចដើរតួជាអ្នកទទួលខុសត្រូវលើកិច្ចការច្រើនប្រភេទ និងជួយអ្នកដោះស្រាយជាមួយស្ថានការណ៍លំបាកៗផ្សេងៗគ្នាជាច្រើន ព្រមទាំងអាចទប់ទល់ដោះស្រាយជាមួយបញ្ហាបន្ទាន់ចំពោះមុខបានទៀតផង។

៤)  អ្នកស្វះស្វែងរកការរៀនសូត្រ៖ ពួកគេជាមនុស្សដែលពោរពេញទៅដោយថាមពលនៃការជក់ចិត្តដិតអារម្មណ៍ចំពោះការងាររបស់ខ្លួន និងឆន្ទៈដ៏ខ្លាំងក្លាក្នុងការសិក្សារៀនសូត្រអ្វីថ្មីៗជុំវិញខ្លួនជាប្រចាំ។ ថាមពលទាំងនេះ បានមកពីកម្លាំងជំរុញពីខាងក្នុងនៃការងឿងឆ្ងល់ និងការស្វែងរកភាពរីកចម្រើន ការអភិវឌ្ឍខ្លួនទៅមុខឲ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ថាមពលនៃជំនក់ចិត្តដែលដុតបញ្ឆេះនៅក្នុងខ្លួនរបស់បុគ្គលិកប្រភេទនេះ នឹងក្លាយជាប្រភពនៃការផ្ដល់កម្លាំងចិត្តទៅដល់បុគ្គលិកដទៃៗទៀតដែលនៅជុំវិញខ្លួនពួកគេផងដែរ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack

X
5s