​វិធី​សាស្ត្រ​​​​ធ្វើ​​ខ្លួន​ឲ្យ​​​ដូច​ជា​មហា​សេដ្ឋី​​ ​​ទោះ​បី​ជា​ដាច់យ៉ៃ​ក៏​ដោយ​​



មហាសេដ្ឋីសំដៅលើអ្នកមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែទោះជាអ្នកមិនមែនជាអ្នកមានទ្រព្យសម្បត្តិច្រើនក៏ដោយ គន្លឹះ៨ចំណុចខាងក្រោមនេះអាចជួយធ្វើឲ្យអ្នកមើលទៅដូចជាមហាសេដ្ឋីដែរ។ ចុះហេតុអ្វីបានជាអ្នកចាំបាច់ធ្វើជាមហាសេដ្ឋី?

ពេលខ្លះដើម្បីដោះស្រាយបញ្ហាមួយចំនួន អ្នកត្រូវតែធ្វើបែបនេះ៖

១ ចូរវិនិយោគតាមរូបមន្ត "មួយភាគបី"

បុរសគួរតែមានសំលៀកបំពាក់ល្អយ៉ាងហោចណាស់មួយកំផ្លេ (អាវធំ) ហើយស្ត្រីគួរតែមានអាវក្រៅល្អយ៉ាងហោចណាស់មួយដែលស៊ីគ្នានឹងអាវ ឬក៏សំពត់ខ្លី។ នៅក្នុងសៀវភៅមួយដែលមានចំណងជើងថា "The Millionaire's Handbook: How to Look and Act Like a Millionaire, Even If You're Not” ដែលសរសេរដោយអ្នកស្រី Vicky Oliver បានផ្ដល់យោបល់ថា រូបមន្ត "មួយភាគបី" គួរត្រូវបានអនុវត្តន៍ក្នុងករណីខាងលើ។ កុំទិញសំលៀកបំពាក់បីកំប្លេដែលមានតម្លៃមធ្យមតែគួរទិញសំលៀកបំពាក់មួយកំប្លេដែលមានតម្លៃថ្លៃ ហើយត្រូវចំណាយពេលឱ្យបានច្រើន ឬយ៉ាងតិចបីដងដើម្បីពិនិត្យមើលសំលៀកបំពាក់នោះមុននឹងទិញវា។

២ គិតឲ្យបានល្អិតល្អន់ តែកុំប្រហែសសូម្បីមួយចំណុចតូច

អ្នកស្រី Sylvie di Giusto អ្នកជំនាញក្រុមហ៊ុនក្រុមប្រឹក្សាយោបល់អន្តរជាតិមួយធ្លាប់បានលើកឡើងថា អ្វីក៏ដោយដែលខ្លួនអ្នកមានគឺសុទ្ធតែឆ្លុះបញ្ចាំងពីវិជ្ជាជីវៈរបស់អ្នក។ មានន័យថា ការដឹងច្បាស់ថា តុអ្នក វត្ថុសម្ភារប្រើប្រាស់របស់អ្នក និងស្រោមទូរស័ព្ទដៃទំនើបរបស់អ្នក បានបង្ហាញពីចរិតប្រកបដោយភាពថ្លៃថ្នូរ និងវិជ្ជាជីវៈ។ អ្នកជំនាញខាងលើបានលើកឧទាហរណ៍ថា អ្នកស្រីបានសម្ភាសបុគ្គលិកម្នាក់ ចរិតឫក្សពារសមរម្យ និងសមត្ថភាពគួរសមអាចទទួលយកបាន។ នៅពេលសម្ភាសចប់ បេក្ខជនម្នាក់នោះបានដកទូរស័ព្ទរបស់គេឆែកមើលប្រតិទិន។ នៅពេលដែលអ្នកស្រីបានឃើញស្រោមទូរស័ព្ទរបស់គេ ធ្វើឱ្យអ្នកស្រីសម្រេចចិត្តមិនជ្រើសរើសយកបេក្ខជនម្នាក់នោះតែម្ដង។

៣ ចូរសម្របខ្លួនតាមវិន័យក្រុមហ៊ុន ហើយស្លៀកពាក់ឱ្យត្រូវតាមវិស័យដែលខ្លួនធ្វើការ

ពាក់ព័ន្ធនឹងក្រិតក្រមស្លៀកពាក់នៅក្នុងក្រុមហ៊ុនរបស់អ្នក គឺមានលក្ខណៈទូទៅមួយដែលមនុស្សស្លៀកពាក់ឲ្យស្របតាមការកំណត់របស់ក្រុមហ៊ុនខ្លួន។ អ្វីដែលរឹតតែល្អទៅទៀតនោះ គឺគួរស្លៀកពាក់ឱ្យត្រូវតាមផ្នែក ឬវិស័យដែលខ្លួនកំពុងធ្វើការ។ បើអ្នកធ្វើការខាងហិរញ្ញវត្ថុគឺត្រូវស្លៀកពាក់បែបអភិរក្សបន្តិច តែបើអ្នកធ្វើការខាងបច្ចេកវិទ្យា គឺត្រូវស្លៀកពាក់ឲ្យហ៊ឺហាបន្តិច។ វិធីដែលល្អបំផុតគឺត្រូវអនុវត្តតាមវិន័យនៃការស្លៀកពាក់របស់ក្រុមហ៊ុនអ្នក។

៤ កុំយល់ថា ការស្លៀកពាក់ស្អាត គឺជាការទាក់ទាញអារម្មណ៍

មនុស្សជាច្រើនគិតថា ការស្លៀកពាក់ស្អាតមានន័យថា យើងមិនត្រូវខ្វល់នឹងភ្នែកគេទៀតទេ។ តែផ្ទុយទៅវិញ ការស្លៀកពាក់ស្អាតមានន័យថា គ្រាន់តែជាភាពខុសប្លែកគ្នារវាងផ្នែកខ្លះៗនៃសំលៀកបំពាក់អ្នកធ្វើការនៅក្នុងក្រុមហ៊ុនអ្នកតែប៉ុណ្ណោះ។ តួយ៉ាងដូចជា ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ជួនកាលលោកស្លៀកពាក់បែបសាមញ្ញដោយដោះអាវក្រៅ និងក្រវាត់កចេញ ព្រមទាំងមូរ ដៃអាវថែមទៀត។

៥ កុំប្រើទឹកអប់ ឬស្ព្រាយបាញ់ខ្លួនច្រើនពេក

នៅពេលអ្នកធុំក្លិនក្រអូប ហាក់បីដូចជាអ្នក កំពុងតែស្លៀកសំលៀកបានស្អាត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការប្រើទឹកអប់នេះ គេមិនសូវប្រើនៅគ្រប់ទីកន្លែង។ នៅបណ្ដាប្រទេសមួយចំនួនដូចជាអ៊ីតាលី និងបារាំងជាដើម ជាប្រទេសមានទម្លាប់ប្រើគ្រឿងក្រអូបបែបនេះច្រើន។ ប៉ុន្តែពលរដ្ឋអាមេរិកបានចាត់ទុកប្រើគ្រឿងក្រអូបមិនសូវសំខាន់។ សម្រាប់នៅកម្ពុជាវិញ ក៏មានអ្នកខ្លះចូលចិត្ត ហើយអ្នកខ្លះក៏មិនចូលចិត្តដែរ ដូច្នេះគួរប្រើគ្រឿងក្រអូបល្មម កុំច្រើនពេក ហើយក៏មិនគួរអត់ពេកដែរ។

៦ កុំឲ្យមានមន្ទិលសង្ស័យលើទំនុកចិត្តខ្លួនឯង

គន្លឹះបង្កើនថាមពលរបស់អ្នក គឺការមានទំនុកចិត្តលើខ្លួនឯង។ រឿងដែលអាក្រក់បំផុតសម្រាប់ទំនុកចិត្តខ្លួនឯង គឺការមានគំនិតត្អូញត្អែរពីកំហុសនៃលក្ខណៈខាងក្រៅរបស់អ្នក។ គ្មានអ្នកណាអាចកត់សម្គាល់ពីការបាត់ឡេវអាវធំរបស់អ្នកទេ។ ទោះជាមានបញ្ហាអ្វីក៏ដោយ ចូរទទួលយក ឬក៏ធ្វើការសម្របតាមជាចាំបាច់។ ព្រោះបើអ្នកមិនសុខស្រួលនឹងខ្លួនឯងទេ អ្នកនឹងមិនមើលឃើញចំណុចល្អរបស់អ្នកឡើយ ហើយធ្វើការអ្វីមួយក៏មិនបានល្អដែរ។

៧ ស្លៀកពាក់បង្កើនកម្ពស់

មនុស្សមានអំណាច ឬក៏មេដឹកនាំគឺមនុស្សមានមាឌធំដែលគេចង់បាន។ បើអ្នកមានចំណុចខ្វះខាតពីធម្មជាតិ អ្នកអាចបង្កើតសម្ភារជំនួយកម្ពស់ដូចជាស្ត្រីត្រូវប្រើស្បែកជើងកែង ប្រើស្បែកជើងមានខ្សែរុំកជើងជាដើម។ ចំណែកបុរសវិញមានជម្រើសស្លៀកពាក់ឈុតពណ៌ខ្មៅដើម្បីបង្កើនអំណាច។

៨ គេងឲ្យបានគ្រប់គ្រាន់ជំនួយស្បែក

ចំណុចចុងក្រោយនេះ អ្នកគួរតែចូលសម្រាកតាមកាលកំណត់របស់អ្នកដើម្បីធ្វើឲ្យស្បែកមានសុខភាពនិងលូតលាស់ល្អ។ នៅពេលអ្នកកំណត់ចំនួនម៉ោងចូលគេងបានល្អហើយ ចូរខិតខំបន្តចំនួននោះទៀតទោះបីជានៅចុងសប្ដាហ៍ក៏ដោយ។ បង្ខំខ្លួនចូលគេង និងភ្ញាក់ឡើងដូចកាលកំណត់ជារៀងរាល់ថ្ងៃ។ គេងគ្រប់គ្រាន់មិនត្រឹមតែជំនួយស្បែកទេ ប៉ុន្តែក៏ធ្វើឱ្យអ្នកចងចាំបានល្អដែរ៕

ប្រែសម្រួល៖ សីហា  

X
5s