អ្នកជំនាញ៖ អនុវត្តទម្លាប់៤នេះតាំងពីអាយុខ្ទង់ ២០នឹងធ្វើឲ្យលោកអ្នកឆាប់មាននៅអាយុ៣០ឆ្នាំ
គ្រាន់តែបានស្ដាប់ឮថា ត្រឹមអាយុ ៣០សោះ អនុវត្តទម្លាប់នេះតាំងពីអាយុ ២០ ឆ្នាំមកអាចជួយធ្វើឲ្យលោកអ្នកឆាប់មាននៅអាយុ ៣០ឆ្នាំនោះ ច្បាស់ជាធ្វើឲ្យលោកអ្នកចាប់អារម្មណ៍លើប្រធានបទនេះជាមិនខាន។ ពិតមែនហើយ លោក Tom Corley ដែលជាអ្នកប្រឹក្សាហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់អាមេរិកមួយរូប និង ជាអ្នកនិពន្ធសៀវភៅអប់រំចិត្តសាស្ត្រកូនៗឲ្យក្លាយជាអ្នកមានក្រោមចំណងជើងថា « Rich Kids: How to Raise Our Children to be Happy and Successful in Life» បានបង្ហាញពីទម្លាប់៤នេះ ដែលអាចជាត្រីវិស័យជួយឲ្យលោកអ្នកជោគជ័យលើវិស័យហិរញ្ញវត្ថុតាំងពីអាយុ ២០ ឆ្នាំទៅ។ ខាងក្រោមនេះជាទម្លាប់ល្អៗចំនួន៤ របស់លោក Tom Corley៖
១.អនុវត្តតាមរូបមន្ត ២៥% រូបមន្ត ២៥% នេះមានន័យថា កុំចំណាយរហូតដល់លើសពី១ភាគ៣នៃចំណូលរបស់អ្នកលើការទិញផ្ទះប្រណិតៗ។ លោក Tom Corley បានលើកឡើងថា ធ្វើម៉េចលៃលកចំណាយឲ្យបានតិចជាងនេះកាន់តែប្រសើរ ព្រោះថា ការចំណាយលើការទិញផ្ទះហួសពីលទ្ធភាពរបស់អ្នក មិនថាដើម្បីទិញផ្ទះសម្រាប់រស់នៅផ្ទាល់ខ្លួន ឬ សម្រាប់ជួលនៅនោះទេ ព្រោះវាមិនអាចធ្វើឲ្យលោកអ្នកងាយងើបឲ្យផុតពីការជំពាក់បំណុលគេបានហើយក្លាយជាអ្នកមាននោះឡើយ។
២.អនុវត្តតាមរូបមន្ត ១០% រូបមន្តទី២នេះ លោក Tom Corley ពន្យល់ថា នៅពេលរកចំណូលបាន កុំចំណាយរហូតលើស ១០% នៃចំណូលរបស់អ្នកទៅលើការកម្សាន្តហួសហេតុតនោះឡើយដូចជា ចូលញាំអាហារឆ្ញាញ់ៗភោជនីយដ្ឋានទំនើបៗ ឬ ទៅក្លឹបកម្សាន្ត ព្រោះវាមិនសូវមានប្រយោជន៍ ហើយរាំងស្ទះដល់កំណើនចំណូលរបស់អ្នក។
៣.ធ្វើឲ្យលុយរបស់អ្នកកើនឡើងដោយខ្លួនឯង អ្នកមានតែងធ្វើឲ្យលំហូរនៃចំណូលរបស់ពួកគេមកពីប្រភពផ្សេងៗគ្នា ដែលជាទូទៅវាបានមកពីការវិនិយោគមួយដ៏ត្រឹមត្រូវ។ នេះបើយោងតាមការលើកឡើងរបស់លោក Tom Corley ។ លោកបន្តថា យកល្អអ្នកគួរចំណាយលុយដែលបានសន្សំទុកសម្រាប់បោះទុនរកស៊ីពី២៥ ទៅ ៥០% សម្រាប់បោះទុនទៅលើវិស័យមួយចំនួនដូចជាការជួញដូរភាគហ៊ុន ទីផ្សារមូលបត្រ អចលនទ្រព្យជាដើម ដែលសុទ្ធតែជម្រើសល្អគួរពិចារណា។
៤.វិនិយោគលើមនុស្សត្រូវ សម្រាប់លោក Tom Corley ការវិនិយោគលើមនុស្សត្រូវនេះ គឺលោកចង់សំដៅថា នៅពេលលោកអ្នកចង់រាប់អានអ្នកណាម្នាក់ ត្រូវមើលថា បុគ្គលនោះល្អឬអត់? អាចយកគំរូបានទេ? ហើយអាចជួយនាំផ្លូវអ្នកឲ្យបានជោគជ័យដែរឬទេ? ចំណុចនេះ យោងតាមការស្រាវជ្រាវរបស់ Tom Corley បានរកឃើញថា អ្នកមាន ៧៩% ចំណាយពេល៥ម៉ោង ឬ ច្រើនជាងនេះក្នុងមួយខែដើម្បីជួបជុំបង្កើនភាពស្និទ្ធស្នាលក្នុងចំណងមិត្តភាព ខណៈដែលអ្នកក្រ ធ្វើបានដូចគ្នាមានចំនួនត្រឹមតែ ១៦% ប៉ុណ្ណោះ។ លោកផ្តល់ដំបូន្មានថា មិត្តភាពដែលត្រឹមត្រូវ អាចធ្វើឲ្យអ្នកជោគជ័យទាំងការងារ និង ជីវិត ជាពិសេសឆ្ពោះទៅរកភាពមានបានតែម្តង៕
ប្រភព៖ cnbc